ពេលនៅផ្ទះមិនត្រូវបណ្តោយឲ្យគីឡូឡើងមិនឈប់ទេ គួរឆ្លៀតហាត់ប្រាណយករាងស្អាតទាំងអស់គ្នា

  • 2021-04-12 22:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ពេល​នៅ​ផ្ទះ​ច្រើន ​​ពេល​ទំនេរ​ក៏​មាន​​​ច្រើន​ឬ​មិន​សូវ​បាន​បញ្ចេញ​សកម្មភាព​ជា​ដើម​។ ការ​ញ៉ាំ​ចំណី​ចំណុក ដោយ​មិន​បាន​បញ្ចេញ​ជាតិ​ពុល​និង​ញើស​​ចេញ​មក​វិញ ជា​ហេតុ​នាំ​ឲ្យ​គីឡូ​ចេះ​តែ​ឡើង​មិន​ឈប់​ ​ហើយ​ក្បាល​ពោះ​វិញ​ក៏​ហៀរ​កំផ្លេស​ពិបាក​មើល​ណាស់​។ បណ្តោយ​យូរ​ទៀត​មិន​បាន​ទេ ត្រូវ​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ ដោយ​ក្បាច់​ទាំង​៤ ដូច​ខាង​ក្រោម ដើម្បីទទួល​បាន​រាង​ស្អាត គ្មាន​ក្បាល​ពោះ​យារ​ធ្លាក់​។ ​​

ក្បាច់​ទី​១៖

  • ត្រូវ​មាន​កម្រាល​ហាត់​យ៉ូហ្កា បន្ទាប់​មក​ប្រើ​ដៃ​ទាំង​ពីរ​ច្រត​ទៅ​លើ​កម្រាល​ដោយ​​កាន់​ដុំ​ដែក​ដើម្បី​ទប់ ហើយ​បញ្ឈរ​ខ្លួន​ឡើង​លើ​។

  • បន្ទាប់​មក​ទៀត​ ប្រើ​ដៃ​ម្ខាង​លើក​ដុំ​ដែក​ឡើង​លើ ឲ្យ​ផុត​ពី​ផ្នែក​ចង្កេះ​ហើយ​ទម្លាក់​ចុះ​មក​វិញ សឹម​ផ្លាស់​ប្តូរ​ទៅ​ដៃ​ម្ខាង​ទៀត ធ្វើ​ចុះ​ឡើង​ឲ្យ​បាន​២០​ដង។

អត្ថប្រយោជន៍៖ ក្បាច់​នេះ​អាច​ជួយ​បន្តឹង​ផ្នែក​ដៃ​ ក្បាល​ពោះ មិន​ឲ្យ​យារ​ធ្លាក់ ថែមទាំង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ចង្កេះ​និង​ពោះ​ផង​ដែរ។ វា​ក៏​អាច​ជួយ​គ្រប់គ្រង​សាច់​ដុំ​ផ្នែក​ជើង​និង​ដង​ខ្លួន​បាន​យ៉ាង​ល្អ។

ក្បាច់​ទី​២៖

គេង​ឲ្យ​ត្រង់​ដង​ខ្លួន នៅ​លើ​កម្រាល​​ ហើយ​ត្រូវ​ដាក់​ម្រាម​​ដៃ​ទាំង​សង​ខាង​​​​ ប៉ះ​នឹង​ត្រចៀក ដោយ​ប្រឹង​ងើប​ក្បាល​ឡើង។

  • ស្រប​ពេល​ដែល​ប្រឹង​ងើប​ខ្លួន ត្រូវ​ដាក់​ជើង​ទាំង​ពីរ​ផ្គុំ​ចូល​គ្នា ហើយ​លើក​ឡើង​ឲ្យ​​បាន ៩០​ដឺក្រេ។ ពេល​ងើប​​ត្រូវ​ព្យាយាម​ទាញ​ផ្នែក​ក្បាល​ឲ្យ​​កៀក​នឹង​ជើង​បំផុត។

  • កុំ​ភ្លេច​ដក​ដង្ហើម​ចូល​ពេល​ងើប​ឡើង ហើយ​ដក​​ដង្ហើម​ចេញ​ពេល​ទម្លាក់​ខ្លួន​ទៅ​វិញ។ ធ្វើ​ចុះ​ឡើង​ឲ្យ​បាន​ ៣-៤ ជុំ ក្នុង​មួយ​ជុំ​ឲ្យ​បាន​២០​ដង។

អត្ថប្រយោជន៍៖ ជួយ​ឲ្យ​ស្រក​ក្បាល​ពោះ​ផ្នែក​ខាង​ក្រោម​ កាត់​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ចង្កេះ​និង​ក្បាល​ពោះ​។

ក្បាច់​ទី​៣៖

  • គេង​ឲ្យ​ត្រង់​ដង​ខ្លួន នៅ​លើ​កម្រាល ហើយ​បោះ​​ដៃ​ទាំង​ពីរ​ទៅ​លើ​ឲ្យ​ផុត​ក្បាល។

  • បញ្ឈរ​ជើង​ទាំង​ពីរ​ត្រង់​ទៅ​លើ ហើយ​ងើប​ខ្លួន និង​​​ព្យាយាមដាក់​ដៃ​ទាំង​ពីរ ឲ្យ​ប៉ះ​ទៅ​នឹង​ផ្នែក​ខាង​លើ​បង្អស់​នៃ​ជើង។

អត្ថប្រយោជន៍៖ ជួយ​រំលាយ​ខ្លាញ់​ចង្កេះ​និង​ក្បាល​ពោះ​ផ្នែក​ខាង​ក្រោម​ និង​ជួយ​បន្តឹង​ផ្នែក​ត្រគាក​ក្នុង​ពេល​តែ​មួយ​។​

​​ក្បាច់​ទី​៤៖

  • គេង​ផ្កាប់​លើ​កម្រាល ហើយ​ប្រើ​ដៃ​ទាំង​ពីរ​​ច្រត​ឡើង​លើ និង​​ខំ​ប្រឹង​ងើប​ដង​ខ្លួន​សន្សឹម​ៗ ដោយ​ដាក់​ជើង​ទាំង​សង​ខាង​កន្ធែក​ស្រប​នឹង​ដង​ខ្លួន​។

  • បន្ទាប់​មក​ត្រូវ​ទប់​ខ្លួន​ឲ្យ​នឹងន​​ឲ្យ​បាន​ប្រហែល​ ២​វិនាទី ហើយ​ធ្វើ​ឲ្យ​គ្រប់​៣​ជុំ។

អត្ថប្រយោជន៍៖ ជួយ​​បន្តឹង​និង​សម្រួល​​ដល់​​ផ្នែក​ពោះ ដុត​ជាតិ​ខ្លាញ់​បាន​ល្អ។

មិន​គួរ​បណ្តោយ​​ឲ្យ​រាង​កាយ​លើស​ទម្ងន់​រហូត​ពិបាក​កែខៃ​នោះ​ទេ។ ត្រូវ​ឆ្លៀត​ហាត់​ប្រាណ​នៅ​ផ្ទះ​ជា​ប្រចាំ ដើម្បី​សម្រស់​និង​សុខភាព​៕

ចុចអានបន្ត៖ បើអ្នកមានឈាមប្រភេទ O គួរដឹងពីចំណុចពិសេសរបស់ខ្លួន

ប្រភព៖ akerufeed ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម