មនុស្ស​ស្រី​ចង់​បាន​ភាព​ខ្ពង់ខ្ពស់ ចាំបាច់​ត្រូវប្រាប់​ខ្លួន​ឯង​ឲ្យ​មាន​ ៦យ៉ាង​​នេះ

  • 2021-04-10 14:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ឆ្លាត​មិន​ដែល​ធ្វើ​ឲ្យ​ជីវិត​នាង​ធុញ​ទ្រាន់​នោះ​ទេ ព្រោះ​នាង​ជឿ​ថា​នាង​កើត​មក​ដើម្បី​រស់​ក្នុង​ភាព​សុខស្រួល។​យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ស្រី​ បើ​ចង់បាន​ជីវិត​ដ៏​ល្អ​មួយ អ្នក​គួរ​តែ​បង្រៀន​ និង​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​មាន​ប៉ុន្មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

១. មាន​ចំណេះដឹង​ឲ្យ​ទូលំទូលាយ

គួរ​មាន​ទម្លាប់​អាន​សៀវភៅ​ឲ្យ​បាន​រាល់​ថ្ងៃ ព្រោះ​វា​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​ជួយ​ពង្រឹង​ចំណេះដឹង​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ។ ចំណេះដឹង​មិន​ចាំបាច់​តែ​អង្គុយ​រៀន​នៅ​សាលា​នោះ​ទេ អ្នក​អាច​ទទួល​បាន​វា​ដោយ​ការ​ប្រឡូក​ជាមួយ​ការងារ ជាមួយ​សង្គម​មនុស្ស ការ​អានសៀវភៅ មើល​រឿង​ល្អៗ​ជា​ដើម។ បែប​នេះ​ហើយ ទើប​អ្នក​ត្រូវ​ស្រឡាញ់​ពេល​វេលា មិន​គួរ​ចំណាយ​ពេល​ទៅ​និយាយ​ដើម​គេ ឬ​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍​អី​នោះ​ទេ។

រូបតំណាង

**២. រក​លុយ**

ត្រូវ​មាន​ការងារ ឬ​មុខរបរ​ណា​មួយ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​លាដៃ​សុំ​អ្នក​ណា។ មនុស្ស​ស្រី​បើ​គ្មាន​ការងារ គ្មាន​លុយ​ហើយ​កុំ​ថា​ឡើយ​ខ្ពង់ខ្ពស់ សូម្បី​តែ​ម្សៅ​មួយ​ប្រអប់​ក៏​ទិញ​មិន​បាន​ផង។ កុំ​ស្រមៃ​ថា​អ្នក​ចាំ​ដេក​ចាយ​លុយ​មនុស្ស​ប្រុស​ដែល​គេ​ស្រឡាញ់​អ្នក ព្រោះ​បើ​អ្នក​មាន​គំនិត​បែប​នេះ​ មួយ​ជីវិត​នេះ​អ្នក​ប្រហែល​គ្មាន​ថ្ងៃ​ស្គាល់​សុភមង្គល​ដែល​ខ្លួន​អ្នក​រក​នោះ​ទេ។ លើស​ពី​នេះ​អ្នក​អាច​ផ្គត់ផ្គង់​គ្រួសារ ឪពុក​ម្ដាយ​ដោយ​មិន​បាច់​ទើសទាល់​ជាមួយ​អ្នក​ណា ព្រោះ​នេះ​ជា​លុយ​ដែល​អ្នក​រក​បាន។

៣. ធ្វើ​ខ្លួន​ឲ្យ​ស្អាត

ជាតិ​ជាមនុស្ស​ស្រី​ម្នាក់​ណា​ដែល​ថា​មិន​ចង់​ស្អាត​នោះ ដូច្នេះ​រឿង​សម្រស់​គឺ​ជា​រឿង​សំខាន់។ ពេល​អ្នក​មាន​ចំណេះ ពេល​អ្នក​មាន​លុយ​ ពេល​នោះ​ហើយ​អ្នក​ក៏​អាច​ឲ្យ​ខ្លួន​អ្នក​ស្រស់ស្អាត​បាន​ដែរ។ ត្រូវ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាត​រាល់​ថ្ងៃ ទៅ​ណា​មក​ណា​ឲ្យ​ខ្លួន​ឯង​ជឿជាក់​លើ​ខ្លួន​ឯង។ ទោះ​រវល់​យ៉ាង​ណា​ក៏​មិន​គួរ​បណ្ដោយ​ខ្លួន​ខ្លាំង​ពេក​ដែរ ព្រោះ​មនុស្ស​ស្រី​បើ​គ្មាន​ភាព​ស្រស់​ស្អាត​សោះ​នោះ ក៏​មិន​ពេញលេញ​ដែរ។

រូបតំណាង

៤. ដើរ​ហើរ​

មិន​មែន​ដើរ​ហិចហើរ​អត់​ប្រយោជន៍​ទេ​ណា គឺ​ដើរ​លេង ដើរ​ស្គាល់ ដើរ​ទៅ​រៀន​ពី​គេ​ពី​ឯង​ មក​អភិវឌ្ឍ​ខ្លួន។ សន្សំ​លុយ​ទៅ​លេង​កន្លែង​ដែល​អ្នក​ចង់​ទៅ ព្រោះ​ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ជីវិត​ខ្លួន​ឯង​ស្រស់​ស្អាត​បំផុត។ ការ​ដើរ​ទៅ​ក្រៅ​ប្រទេស​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់ វា​អាច​ជួយ​ឲ្យ​មនុស្ស​ស្រី​កាន់​តែ​រឹងមាំ យល់​ច្បាស់​ពី​ពិភព​ខាង​ក្រៅ ដោយ​មិន​មែន​នៅ​តែមួយ​កន្លែង​ ឃើញ​ពន្លឺថ្ងៃ​តែ​មួយ​ប្រឡោះ។

៥. ការងារ​ផ្ទះ ការងារ​ក្រៅ

មនុស្ស​ស្រី​ដែល​ខ្លាំង​គឺ​ចេះ​មួយ​ចប់ ទាំង​ការ​មើល​ថែ​ផ្ទះ និង​ការ​ចេញ​ក្រៅ​រក​លុយ។ ទោះ​បី​មិន​អាច​មាន​ពេល ឬ​មាន​កម្លាំង​ធ្វើ​ច្រើន​ក៏​ដោយ​ក៏​ការងារ​នៅ​ក្នុង​ផ្ទះ​នេះ អ្នក​គួរ​តែ​ចេះ​ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​អាច​ដាំបាយ ធ្វើ​ម្ហូប​ញ៉ាំ​ដោយ​ខ្លួន​ឯង​បាន​ដែរ។

៦. ជ្រើសរើស​មនុស្ស​ត្រូវ

គ្មាន​មនុស្ស​ស្រី​ណា​ចង់​ស្រឡាញ់​ចំ​មនុស្ស​ខុស​នោះ​ទេ តែ​ធ្វើ​ម៉េច​បើ​មើល​មិន​ឃើញ​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ស្រី​គួរ​តែ​ព្យាយាម​រើស​មនុស្ស​ឲ្យ​បាន​ល្អ ព្រោះ​បើ​រើស​ខុស​ជីវិត​នេះ​នឹង​ស្គាល់​តែ​ទុក្ខ​ជាង​សប្បាយ​ចិត្ត។ កុំ​ងាយ​ស្រឡាញ់​អ្នក​ណា​ពេក​បើ​ម្នាក់​នោះ​មើល​ទៅ​មិន​ប្រាកដ​ប្រជា​ជាមួយ​អ្នក ហើយ​បើ​ស្រឡាញ់​ខុស​ហើយ​ត្រូវ​ចេះ​ដក​ខ្លួន កុំ​ទ្រាំ​ត្រាំត្រែង​ទាំង​ខ្លួន​ឈឺចាប់​អី៕

រូបតំណាង

ចុចអាន៖មេរោគ​ក្នុង​ចិត្ត​៥​យ៉ាង​​ នាំ​ឱ្យ​ជីវិត​អ្នក​មិន​អាច​រីករាយ​បាន​ដូច​គេ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម