មានរបបអាហារមួយអាចជួយឲ្យអ្នកស្រក ១ខែ ១២គីឡូ តែអ្នកហ៊ានសាកល្បងដែរទេ?
- 2021-04-12 00:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរបបអាហារមួយអាចជួយឲ្យអ្នកស្រក ១ខែ ១២គីឡូ តែអ្នកហ៊ានសាកល្បងដែរទេ?
នេះគឺជារបបអាហារដែលកំពូលតារាស្រីកូរ៉េតែងជឿជាក់ និងអនុវត្តតាមរាល់ពេលពួកគេមានគម្រោងថ្មីនៅក្នុងសិល្បៈ។
មនុស្សជាច្រើនតែងយល់ច្រឡំថា ឲ្យតែឧស្សាហ៍ហាត់ប្រាណ ទោះបីជាអ្នកនៅតែរក្សាទម្លាប់ញ៉ាំច្រើន អ្នកនៅតែស្រកគីឡូ។ នេះគឺជាការគិតដ៏ខុសមួយ ដ្បិតដរាបណា ចំនួនកាឡូរីដែលអ្នកទទួលយក នៅតែច្រើនជាងចំនួនកាឡូរីដែលអ្នកដុតនោះ គឺអ្នកនៅតែមានគីឡូសល់ដដែល។ អាស្រ័យហេតុនេះហើយ ទន្ទឹមនឹងការហាត់ប្រាណ អ្នកក៏ត្រូវគួបផ្សំនឹងរបបអាហារដែលសមរម្យផងដែរ។
ជាមួយគ្នានេះផងដែរ វិស័យសិល្បៈកូរ៉េអាចត្រូវទុកថាជាវិស័យសិល្បៈដែលមានការរីកចម្រើនខ្លាំងនៅលើពិភពលោក ប៉ុន្តែក៏មានការប្រកួតប្រជែងយ៉ាងសាហាវព្រៃផ្សៃផងដែរ។ ដោយទេពកោសល្យតែមួយមុខនឹងមិនជួយឲ្យអ្នកដល់ជោគជ័យនោះឡើយ ព្រោះត្រូវមានរូបសម្បត្តិបន្ថែម។ ដូច្នេះហើយ តារាមានទេពកោសល្យជាច្រើន ត្រូវតែសម្រកគីឡូឲ្យចូលកាមេរ៉ាទៅស្អាត ទោះបីជាសមត្ថភាពរបស់ពួកគេលេចធ្លោស្រាប់ក៏ដោយ។
ជាក់ស្ដែង ពេលទើបចូលសិល្បៈដំបូងមិនទាន់ល្បីឈ្មោះ កំពូលតារាចម្រៀង និងសម្ដែងស្រី IU មានរូបរាងទ្រលុកទ្រលន់ គួរឲ្យស្រលាញ់ ដូចនឹងវ័យរបស់នាង។ យ៉ាងណាក្ដី វិស័យសិល្បៈមិននិយមរាងបែបនេះឡើយដោយទាល់តែស្គមទើបចូលកាមេរ៉ាឃើញស្អាត។
អាស្រ័យហេតុនេះហើយ IU បានបង្កើតរបបអាហារសម្រាប់ខ្លួនឯង ដោយក្នុងរយៈពេលតែ១ខែ ស្រីស្អាតវ័យ ២៧ឆ្នាំ អាចស្រកដល់ទៅ ១២គីឡូ។ របបអាហាររបស់តួរឿង Hotel De Luna រួមមាន៖
ពេលព្រឹក៖ ផ្លែប៉ោមមួយផ្លែ
ពេលថ្ងៃ៖ ដំឡូងមួយផ្លែ
ពេលយប់៖ ទឹកក្រឡូកប្រូតេអ៊ីនមួយកំប៉ុង
គួបផ្សំរបបអាហារនេះ ជាមួយការហាត់ប្រាណ តារាកើតឆ្នាំ ១៩៩៣ បានសម្រកយករាងស្គមបានសម្រេច។ យ៉ាងណាក្ដី របបអាហារនេះក៏រងការរិះគន់មិនស្ទើរដែរ ដ្បិតវាមិនខុសពីការបង្អត់អាហារខ្លួនឯងឡើយ។ គួរបញ្ជាក់ផងដែរថា ដោយឃើញតារារៀមច្បងស្រកគីឡូបានសម្រេច តារាស្រីមិនតិចឡើយបានរៀនតាមហើយទទួលបានផលដូចគ្នា៕