សុភមង្គលគ្រួសារមិនបាច់មើលអីឆ្ងាយឡើយ មើលត្រឹមពេលហូបបាយជុំគ្នា គឺល្មមអាចដឹងបានហើយ!

  • 2021-04-03 13:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្សិល​មិញ​ ប្តី​របស់​ខ្ញុំ​បាន​ទៅ​ប្រជុំ​ក្រុម​ការងារ ហើយ​ពេល​ត្រលប់​មក​ផ្ទះ​វិញ ស្រាប់​តែ​គាត់​និយាយ​ថា ​៖ "ហុង​និង​ប្រពន្ធ​របស់​គេ ​ប្រហែល​អាច​នឹង​លែង​លះ​គ្នា​ឆាប់​ៗ​"។

ក្រោយ​ពី​ស្តាប់​ឮ​អ៊ី​ចឹង​រួច ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់។ ​ហុង គឺ​ជា​មិត្ត​រួម​ការងារ​របស់​ប្តី​ខ្ញុំ ហើយ​មាន​ម្តង​នោះ ​ខ្ញុំ​បាន​ជួប​គាត់​និង​ភរិយា​​ដែរ កាល​ពី​ឆ្នាំ​មុន។ បើ​និយាយ​​ទៅ ​ឆ្នាំ​មុន​ក្រុម​ហ៊ុន​បាន​រៀប​ចំ​ពិធី​ជប់​លៀង​សម្រាប់​បុគ្គលិក​នា​បំណាច់​ឆ្នាំ ហើយ​បុគ្គលិក​ទាំង​អស់​អាច​នាំ​ក្រុម​គ្រួសារ​ចូល​រួម​បាន​។

​នៅ​ថ្ងៃ​នោះ ហុង​ក៏​បាន​យក​ប្រពន្ធ​មក​ចូល​រួម​ផង​ដែរ។ ​នាង​​ជា​មនុស្ស​ស្រី​សុភាព ​ទន់​ភ្លន់ ​និង​មាន​រាង​ស្លីម​គួរ​ឲ្យ​ស្រលាញ់​ថែម​ទៀត​ផង។ ​គ្រប់​គ្នា​ លួច​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ឡើយ។ ខ្ញុំ​ចាំ​បាន​ថា ​នៅ​ថ្ងៃ​នោះ​ ប្តីប្រពន្ធ​ហុង​អង្គុយ​​រួម​តុ​ជាមួយ​ប្តី រួម​ទាំង​ខ្ញុំ​ថែម​ទៀត​ផង។ ​នៅ​លើ​តុ ​មាន​ម្ហូប​ឆ្ងាញ់​ៗ​ច្រើន​មុខ​ណាស់។ ​ហុងបាន​ស្វាគមន៍​​អ្នក​រួម​តុ​ទាំង​អស់ ឲ្យ​ចាប់​ផ្តើម​អញ្ចើញ​ហូប​អាហារ ហើយ​គាត់​ក៏​​រីក​រាយ​នឹង​ដួស​ម្ហូប​ដាក់​ចាន​យ៉ាង​ឆ្ងាញ់​ពិសារ​ផង​ដែរ។ មើល​ទៅ​ម្ហូប​នៅ​ថ្ងៃ​នោះ ​ពិត​ជា​ត្រូវ​មាត់​ហុង​ណាស់ គាត់​ហូប​បាន​ច្រើន​តាំង​ពី​​ម្ហូប​វគ្គ​ដំបូង​តែ​ម្តង។ ​តែ​ចម្លែក​ចំពោះ​ប្រពន្ធ​របស់​ហុង​វិញ ​ដែល​អង្គុយ​ក្បែរ​ប្តី​របស់​នាង ហាក់​ហូប​តែ​ម្ហូប​ដដែរៗ​នៅ​ពី​មុខ​របស់​នាង​ប៉ុណ្ណោះ។ ​

ការ​ពិត​ទៅ ​មាន​ម្ហូប​ឆ្ងាញ់​ៗ​ដែល​គេ​ដាក់​នៅ​ចំកណ្តាល​តុ សុទ្ធ​តែ​អាហារ​ដែល​ប្រពន្ធ​ហុង​ចង់​ញ៉ាំ។ ​តែ​នាង​ស្លៀក​រ៉ូប ហើយ​អាហារ​ទាំង​នោះ​ក៏​នៅ​ឆ្ងាយ​ដៃ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ហុង​ពិបាក​ឈោង​ដួស​ខ្លាំង​ណាស់។ ពេល​នោះ ​នាង​ក៏​បាន​ប្រាប់​ប្តី​របស់​ខ្លួន​ដែរ ​ថា​ឲ្យ​ជួយ​ដួស​​ម្ហូប​ទាំង​នោះ​សម្រាប់​នាង​ផង​។ ​ហួស​ពី​ការ​រំពឹង​ទុក ​ហុង​បែរ​ជា​មិន​ដួស​ឲ្យ​នាង​ទៅ​វិញ ​និង​ថែម​ទាំង​និយាយ​ថា៖ "បើ​អូន​ឯង​ចង់​ញ៉ាំ អូន​គួរ​ដួស​​វា​ដោយ​ខ្លួន​ឯង! អូន​ឯង​មែន​អត់​ដៃ​ឯណា"។

ឮ​ប្តី​ឆ្លើយ​​ដាក់​បែប​នេះ នាង​បង្ហាញ​ទឹក​មុខ​​ស្រពាប់​ស្រពោន​ហើយ​មិន​តប​អ្វី​ទាំង​អស់។ នាង​គ្រាន់​តែ​អោន​មុខ​ចុះ ហើយ​ដួស​អាហារ​​បន្តិច​​បន្តួច​ដែល​នៅ​ពី​មុខ​ចាន​នាង​ប៉ុណ្ណោះ។ ឃើញ​នឹង​ភ្នែក​បែប​នេះ ​ខ្ញុំ​ក៏​ដួស​ម្ហូប​ខ្លះ ដែល​នៅ​ឆ្ងាយ​​​ដៃ​សម្រាប់​នាង ហើយ​ប្រាប់​នាង​ថា ​៖​" អូ! ម្ហូប​ហ្នឹង ខ្ញុំ​ក៏​ចង់​ញ៉ាំ​ដែរ! តោះ​ អ៊ីចឹង​យើង​ញ៉ាំ​ទាំង​អស់​គ្នា​ម្មង​ទៅ"។

​​ពិធី​ជប់​លៀង​ក៏​បាន​បញ្ចប់ ហើយ​នៅ​តាម​ផ្លូវ​ខ្ញុំ​បាន​ប្រាប់​ប្តី​របស់​ខ្ញុំ​ថា ៖ "បើ​មើល​ទៅ ប្តី​ប្រពន្ធ​ហុង ពិបាក​នឹង​រស់​នៅ​ចុះ​សម្រុង​គ្នា​ណាស់។ ​មិន​ស្រួល ​មិន​ដល់​៣​ឆ្នាំ​ទៀត ​សង្ស័យ​តែ​លែង​លះ​គ្នា​ហើយ​"។ ​ប្តី​ខ្ញុំ​ក៏​សួរ​វិញ​ថា ៖ "​ម៉េច​អូន​ឯង​និយាយ​ចឹង?”។

ខ្ញុំ​ក៏​ឆ្លើយ​តប​វិញ​ថា៖ " អាពាហ៍ពិពាហ៍មួយ ​មាន​សុភមង្គល​ឬ​អត់ ​មើល​ត្រឹម​តែ​កាយ​វិការ​របស់​ប្តី​ប្រពន្ធ​​​ពេល​ហូប​បាយ​ជុំ​គ្នា ​គឺ​ល្មម​អាច​ដឹង​បាត់​ទៅ​ហើយ​បង"។

ជា​ទូ​ទៅ ​ប្តី​ប្រពន្ធ​ដែល​មាន​អារម្មណ៍​ល្អ​ដាក់​គ្នា ​មិន​ថា​ពួក​គេ​​បាន​រៀប​ការ​អស់​៥​ឆ្នាំ ​១០​ឆ្នាំ ឬ​២០​ឆ្នាំ​នោះ​ទេ ​នៅ​ពេល​​ហូប​បាយ​ជុំ​គ្នា​ម្តង​ៗ ​គឺ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ល្អ​សម្រាប់​គ្នា​ជា​និច្ច។ ​មិន​ថា​ម្ហូប​លើ​តុ​ឆ្ងាញ់​ឬ​អត់ ក៏​ពួក​គេ​នៅ​តែ​បង្ហាញ​ទឹក​មុខ​សប្បាយ​ឲ្យ​​គ្នា​បាន​ដែរ។ ​ប្តី​ប្រពន្ធ​២​នាក់ ​ពេល​វេលា​ហូប​បាយ​ជាមួយ​គ្នា ​គឺ​ជា​ពេល​រីក​រាយ​​មួយ​សម្រាប់​ពួក​គេ។ ​

ផ្ទុយ​ទៅ​វិញ តើ​ហុង​យ៉ាង​ម៉េច? ទំនាក់​ទំនង​របស់​គ្រួសារ​គាត់ ​គឺ​លែង​ពឹង​គ្នា​បាន​ទៅ​ហើយ។ ​គាត់​មិន​ខ្វល់​សូម្បី​តែ​ប្រពន្ធ​បាន​អី​ហូប​ឆ្ងាញ់​ឬ​អត់ គាត់​មិន​ខ្វល់​ពី​អារម្មណ៍​របស់​ប្រពន្ធ​ថា​នាង​ពិបាក​យ៉ាង​ណា។ បើ​គ្រាន់​​តែ​ម្ហូប​មួយ​ពេល ​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្មាស​គេ ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​កណ្តាល​ចំណោម​មនុស្ស​ទៅ​ហើយ ​តើ​សុភមង្គល​អាពាហ៍ពិពាហ៍​​របស់​ពួក​គេ​​អាច​រស់​បាន​ដោយ​សប្បាយ​ដែរ​អី៕

ប្រភព៖ kenhphunu ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម