៣ វិធីក្នុងការរស់នៅឲ្យសប្បាយចិត្តខណៈកូវីដកំពុងរាលដាលខ្លាំង

  • 2021-04-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មើលទៅដូចជាមិនបានធូរស្រាលសោះចំពោះបញ្ហាកូវីដសព្វថ្ងៃនេះ ជាពិសេសក្នុងប្រទេសយើងតែម្តងខណៈពេលប្រទេសដទៃមួយចំនួនកំពុងតែត្រៀមបើកដំណើរការឡើវិញជាបណ្តើរៗដូចជាចក្រភពអង់គ្លេសជាដើម។ ទាំងនេះបានធ្វើឲ្យប្រជាជនយើងមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមទាំងការបាត់បង់ការងារ មុខជំនួញ ការលក់ដូរ ហើយនឹងការឆ្លងនៃជំងឺ កូវីដ-១៩ តែម្ដង។ មិនមែនតែពួកយើងទេ សឹងតែមនុស្សទាំងអស់ទូទាំងពិភពលោកកំពុងមិនសប្បាយចិត្តទៅលើការឃុំឃាំង មិនអាចធ្វើអ្វី មិនអាចទៅណាបាន បែកបាក់សាច់ញាតិ ស្នេហា និងការបាត់បង់ជាច្រើនផ្សេងទៀត។

រឿងដែលអ្នកអាចធ្វើបាននោះគឺទទួលស្គាល់ការពិតថាវាមិនមែនជារឿងលេងសើចឡើយ ដូចច្នេះអ្នកត្រូវធ្វើអ្វីៗដែលអាចការពារខ្លួនពីការឆ្លង រក្សាសុខភាពនឹងភាពសប្បាយចិត្តក្នុងអំឡុងពេលនេះតាមវិធីដូចខាងក្រោម៖

១. ផ្តោតទៅលើការពិតដែលកំពុងតែកើតឡើង កុំធ្វើការគិតអំពីរឿងដែលនៅខាងមុខ (ដូចជាកូវីដនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ!) វាជាការគិតអវិជ្ជមាន ហើយវាមិនបានធ្វើឲ្យអ្នកធូរស្បើយឬសប្បាយចិត្តឡើយ ផ្ទុយទៅវិញកាន់តែមានការភ័យខ្លាចនឹងព្រួយបារម្ភកាន់តែខ្លាំង។

២. ធ្វើឲ្យមានភាពសកម្មនៃរាងកាយឬក៏ធ្វើការហាត់ប្រាណ ជំហានដំបូងក្នុងការជំរុញសុភមង្គលនឹងភាពសប្បាយចិត្តរបស់អ្នកនោះគឺត្រូវតែថែរក្សាសុខភាពរាងកាយរបស់អ្នក វាមានការទាក់ទងយ៉ាងខ្លាំងជាមួយសុខភាពផ្លូវចិត្តដែលធ្វើឲ្យអ្នកអាចសប្បាយចិត្តបានផងដែរ។

៣. ធ្វើការទំនាក់ទំនងជាមួយគ្រួសារមិត្តភក្ដិដៃគូស្នេហា ការភ្ជាប់ទំនាក់ទំនងជាមួយពួកគេគឺពិតជារឿងសំខាន់ណាស់ ជាមួយបច្ចេកវិទ្យាទំនើបជាច្រើនដែលយើងអាចប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលនៅឆ្ងាយ ហើយត្រូវប្រាកដថាពួកគេមិនត្រូវបានទុកចោល ឬនៅដាច់ដោយឡែកតែម្នាក់ឯងឡើយ (ពួកគេមានអ្នក អ្នកមានពួកគេ)។

សម្រាប់អ្នកដែលនៅតាមបណ្តាលខេត្តគឺមានភាពងាយស្រួលជាងដោយសារតែពួកគេអាចចេញទៅក្រៅជាមួយធម្មជាតិព្រៃ​ព្រឹក្សា បឹង ទន្លេដែលធ្វើឲ្យអារម្មណ៍របស់ពួកគេបានធូរស្រាលជាមួយនឹងការឃើញធម្មជាតិទាំងនោះ។ ហើយសម្រាប់អ្នកដែលមិនអាចទៅណាបាននៅតែក្នុងទីក្រុង មានតែអាគារនោះត្រូវតែអនុវត្តវិធីទាំងបីខាងលើដើម្បីភាពសប្បាយចិត្តរបស់ខ្លួន៕

រូបភាព៖ Freepik

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម