តម្លៃ​ខ្លួន​របស់ Kim Soo Hyun ហក់​ពី​ ១០​ម៉ឺន​ដុល្លារ​ជាង ឡើង​ដល់ ៤៥​ម៉ឺន​ដុល្លារក្នុង​១ភាគ

  • 2021-03-31 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ការ​ដែល​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Kim Soo Hyun យក​តម្លៃ​ខ្លួនខ្ពស់​ពេក នឹង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​តារា​ដទៃ ឲ្យ​ពួក​គេ​ធ្វើ​តាម។

មុន​នេះ​​បន្តិច បណ្ដាញ​ព័ត៌មាន OSEN បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​លំដាប់​ជួរ​មុខ​កូរ៉េ Kim Soo Hyun បាន​ក្លាយ​ជា​តារា​ដែល​មាន​តម្លៃ​ខ្លួន​​ខ្ពស់​បំផុត​​នៅ​ប្រទេស​នេះ។ ជាក់​ស្ដែង ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រឿង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា That Night ប្រុស​ស្អាត​វ័យ ៣៣​ឆ្នាំ ស៊ី​ថ្លៃ ៤៤៣០០០ដុល្លារ​សម្រាប់​តម្លៃ​ខ្លួន​មួយ​ភាគ។

ដូច​នេះ​ហើយ សម្រាប់​ប្រវែង​រឿង ២០​ភាគ តារា​រូប​នេះ នឹង​មាន​តម្លៃ​ខ្លួន​សរុប ៨លាន ៨សែន ៦​ម៉ឺន​ដុល្លារ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​រឿង​ចុង​ក្រោយ​បំផុត​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា It’s Okay to Not Be Okay ប្រុស​ស្អាត​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន ១៧៧១៥៥ ដុល្លារ​សម្រាប់​រឿង​មួយ​ភាគ មាន​ន័យ​ថា លោក​បាន​ឡើង​តម្លៃ​ខ្លួន​ដល់​ទៅ ២៦៥៨៤៥ដុល្លារ បើ​ធៀប​នឹង​រឿង​ចុង​ក្រោយ​របស់​ខ្លួន។

នៅ​ពេល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ទស្សនិកជន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ដោយ​ពួក​គេ​បាន​យក​មក​ប្រៀបធៀប​ថា សូម្បី​តែ​តារា​ហូលីវូដ​ដូច​ជា Emma Stone ក៏​ទទួល​បាន​​តម្លៃ​ខ្លួន​៣៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​រឿង​មួយ​ភាគ។ មតិ​មួយ​ចំនួន​​ទៀត​លើក​ឡើង​ថា នៅ​ពេល​ឲ្យ​តម្លៃ​ខ្លួន​តារា​ខ្ពស់​បែប​នេះ ផលិតករ​នឹង​ត្រូវ​យក​ពាណិជ្ជកម្ម​ពី​ចិន ដែល​ប្រជាជន​កូរ៉េ​កំពុង​រិះគន់​ជា​ខ្លាំង។ បន្ថែម​ពី​នេះ មនុស្ស​ជា​ច្រើន​បាន​ប្រាប់​ថា ការ​យក​តម្លៃ​ខ្លួន​បែប​នេះ នឹង​ធ្វើ​ឲ្យ​តារា​ដទៃ​រៀន​តាម​ផង​ដែរ៕

ប្រភព៖ zapzee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម