Zhang Zhe Han គ្រោងថតស្ប៉ត​ស្រាបៀរ ក្រោយល្បីឈ្មោះ

  • 2021-03-29 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រយៈ​ពេល​ខិត​ខំ​នៅ​ក្នុង​ពិភព​សិល្បៈ​អស់​រយៈ​ពេល ១១​ឆ្នាំ នៅ​ទី​បំផុត តារា​សម្ដែង​ប្រុស​ចិន Zhang Zhe Han ក៏​រក​ឃើញ​ភាព​ល្បី​ឈ្មោះ​របស់​ខ្លួន ក្រោយ​ពេល​សម្ដែង​រឿង​បែប BL Words of Honor។ ទន្ទឹម​នឹង​ភាព​ល្បី​ឈ្មោះ​នេះ លោក​ក៏​ត្រូវ​បាន​ប្រេន​ជា​ច្រើន​ចាប់​អារម្មណ៍​ផង​ដែរ។

ថ្មី​ៗ​នេះ​បំផុត បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា យីហោ​ស្រាបៀរ​យូរ​ឆ្នាំ Yan Jing នឹង​អញ្ជើញ​ប្រុស​ស្អាត​២៩​ឆ្នាំ ធ្វើ​ជា​អ្នក​តំណាង​ថ្មី​របស់​ខ្លួន។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រុស​ស្អាត​រូប​នេះ នឹង​ច្រាន​ទម្លាក់​ តារា​សម្ដែង​ប្រុស​លំដាប់ A ចេញ​ពី​តំណែង​នេះ ត្បិត​នៅ​ពេល​បច្ចុប្បន្ន​ តួ​រឿង The Untamed គឺ​ជា​អ្នក​តំណាង​របស់ Yan Jing។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រោយពេល​ចប់​កុងត្រា​ជាមួយ Wang Yi Bo បៀរ Yan Jing នឹង​មិន​បន្ត​កុងត្រា​ឡើយ ដោយ​នឹង​ចុះ​ជាមួយ Zhang Zhe Han វិញ។ យ៉ាងណាក្ដី ប្រភព​ខាង​លើ​ក៏​បាន​បង្ហើប​ដែរ​ថា ប្រុស​ស្អាត ២៤​ឆ្នាំ​ក៏​មិន​ណយ​ដែរ ដែល​ក្រោយ​ពេល​​បញ្ចប់​កុងត្រា​នេះ លោក​នឹង​មាន​អ្នក​ទទួល​ដៃ​ដប់១​ទៀត​នោះ​គឺ ស្រាបៀរ Snow។

បើ​គិត​នៅ​ក្នុង​ទីផ្សារ​ចិន ស្រាបៀរ​ Snow គឺ​ជា​ក្រុមហ៊ុន​ដែល​ធំ​ជាង និង​មាន​ឈ្មោះ​ល្បី​ជាង Yan Jing ទៅ​ទៀត​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Wang Yi Bo ត្រេកអរ​ថា តារា​ដែល​ខ្លួន​ស្រលាញ់​គឺ​មិន​អន់​ឡើយ ព្រោះ​ចប់​កុងត្រា​មួយ មាន​កុងត្រា​មួយ​ទៀត​ថ្មី​ភ្លាម។ ទន្ទឹម​នឹង​នេះ ប្រុស​ស្អាត​ទាំង​២​ក៏​កំពុង​ថត​រឿង​ថ្មី​រួម​គ្នា​ដែរ តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ជា​ប្រភេទ​រឿង BL ឬ​អត់៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម