អ្នក​ដឹក​នាំ​រឿង​បង្ករ​ចម្រូងចម្រាស ព្រោះ​ប្រៀប​ធៀប​តួ​រឿង BL ថ្មី

  • 2021-03-29 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ ភាព​ល្បី​ឈ្មោះ​នៃ​ខ្សែភាពយន្ត​ភាគ​បុរាណ​បែប BL តារា​សម្ដែង​ប្រុស​ស្រស់​សង្ហា​ Zhang Zhe Han កំពុង​តែ​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង តែ​ការ​ប្រៀបធៀប​លោក នឹង​តារា​ប្រុស​ជួរ​មុខ Wang Yi Bo ទទួល​បាន​ការ​រិះគន់​ជា​ខ្លាំង។

ដូច​នឹង​រដូវ​ក្ដៅ​កាល​ពី​ឆ្នាំ ២០១៩​ដែរ ​ខ្សែ​ភាពយន្ត​ភាគ​បុរាណ​ចិន​បែប​មនោសញ្ចេតនា​ប្រុស នឹង​ប្រុស The Untamed ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​នោះ នៅ​ពេល​នេះ រឿង​បែប​នេះ​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា Words of Honor កំពុង​តែ​ល្បី​ឈ្មោះ​ភ្លូក​ទឹក​ភ្លូក​ដី មិន​ត្រឹម​តែ​នៅ​ក្នុង​ស្រុក​នោះ​ទេ ថែម​ទាំង​ល្បី​រាល​ដាល​ដល់​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​ទៀត។

ភាពជោគជ័យ​នេះ បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ប្រុស​​ឯក​ក្នុង​រឿង​គឺ Zhang Zhe Han ល្បី​ឈ្មោះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ នៅ​ពេល​នេះ ប្រុស​ស្អាត​វ័យ ២៩​ឆ្នាំ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កំពូល​តារា​សម្ដែង​ស្រី Zhao Wei ហើយ​ស្រី​ស្អាត​រូប​នេះ​កំពុង​តែ​វែក​ផ្លូវ​រក​ឱកាស​ថ្មី​ឲ្យ​លោក​សព្វ​គ្រប់​បែប​យ៉ាង។

ថ្មី​ៗ​នេះ អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ Liu Shu Da បាន​បង្ករ​ចម្រូង​ចម្រាស​ជា​ខ្លាំង​នៅ​ពេល​លោក​ប្រៀបធៀប​រវាង Zhang Zhe Han និង Wang Yi Bo ដែល​សុទ្ធ​តែ​ជា​តារា​ដែល​ល្បី​ឈ្មោះ​ពី​​រឿង​ស្នេហា​ប្រុស​ និង​ប្រុស​ដូច​គ្នា។ លោក​បាន​ឲ្យ​ដឹង​ថា ត្រឹម​ Wang Yi Bo ដែល​មិន​បាន​រៀន​សម្ដែង​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​នោះ ល្បី​ឈ្មោះ​ប៉ុណ្ណឹង​ទៅ​ហើយ ទម្រាំ​តែ Zhang Zhe Han បញ្ចប់​ការ​សិក្សា​ពី​សាលា​វិចិត្រ​សិល្បៈ​ទៀត​នោះ ប្រាកដ​ជា​ល្បី​ឈ្មោះ​ជាង​ជាក់​ជា​មិន​ខាន។

ក្រោយ​ពេល​ការ​ប្រៀបធៀប​នេះ​ត្រូវ​បាន​បែក​ធ្លាយ មនុស្ស​ជា​ច្រើន​បាន​ក្ដៅ​ក្រហាយ​ ហើយ​លើក​ឡើង​ថា តាម​ការពិត អ្នក​ដឹក​នាំ​រឿង​នេះ កំពុង​ឃើញ​ប្រុស​ស្អាត​២​ដួង​កំពុង​តែ​ល្បី​ឈ្មោះ ទើប​ចង់​តោង​កេរ្តិ៍​ឈ្មោះ​របស់​គេ​ដែរ ព្រោះ​លោក​គ្មាន​ស្នាដៃ​ថ្មី​យូរ​មក​ហើយ។ មក​ទល់​ពេល​នេះ ភាគី​របស់​ប្រុស​ស្អាត​ទាំង​២​មិន​បាន​ចេញ​មុខ​បកស្រាយ​នឹង​ការ​ប្រៀបធៀប​នេះ​ឡើយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម