មកដឹងលម្អិតពីក្មេងស្រីភូមាអាយុ៧ឆ្នាំ បាត់បង់ជីវិតក្រោយត្រូវគ្រាប់កាំភ្លើងពួកយោធា

  • 2021-03-25 02:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ កុមារី Khin Myo Chit ជនជាតិភូមា ត្រូវបានក្រុមយោធាបាញ់គ្រាប់ពិតចំ បណ្តាលឱ្យនាងតូចស្លាប់បាត់បង់ជីវិតនៅនឹងមុខឪពុក។ យោងតាមគ្រួសារកុមារីរងគ្រោះបានថ្លែងប្រាប់សារព័ត៌មាន BBC ថា មានការចុះបង្រា្កបបាតុកម្មនៅទីក្រុង មែនដាឡៃ (Mandalay) ខណៈពេលនាងរត់មករកឪពុក យោធាបាញ់គ្រាប់កាំភ្លើងចំតែម្តង។

កុមារីរងគ្រោះ

ចំណែកបងស្រីរបស់កុមារីតូចឃើញហេតុការណ៍ផ្ទាល់ បានបរិយាយប្រាប់ BBC ថា ពួកយោធាបានធាក់ទ្វារទម្លុះចូលមក្នុងផ្ទះនាង រួចសួររកសមាជិកដទៃទៀត ភ្លាមៗនោះ ឪពុកនាងប្រាប់ថា មិនមានមនុស្សមកពួននៅទីនេះទេ។ មួយរំពេចក្រោយមក នាងតូចរងគ្រោះរត់មកអង្គុយលើភ្លៅឪពុក ចំពេលដែលគ្រាប់កាំភ្លើងហោះសំដៅមក។

គ្រួសារកុមារីរងគ្រោះ

នៅក្នុងបទសម្ភាសន៍ដោយឡែកជាមួយ Myanmar Muslim Media ឪពុកកុមារីរងគ្រោះខាងលើឈ្មោះ U Maung Ko Hashin Bai រាយរាប់ប្រាប់ថា ក្រោយពេលត្រូវយោធាបាញ់ កូនស្រីគាត់ បាននិយាយថា មិនអាចទ្រាំបានទេ ឈឺចាប់ខ្លាំងណាស់។ បុរសរូបនេះបានបន្ថែមថា កូនស្រីអាយុ៧ឆ្នាំរបស់គាត់ ស្លាប់ក្រោយពេលដាក់ឡានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ប្រភព៖ BBC ប្រែសម្រួល ៖ ពិទូ

អត្ថបទពេញនិយម