ប្រវត្តិគ្រួសារកម្សត់ តែចង់ជម្រុញការអប់រំ ភាពក្លាហានដល់ស្ត្រី ពីម្ចាស់រង្វាន់ធំសំណេរក្តីស្រឡាញ់

  • 2021-03-20 10:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការប្រកួតសំណេរបង្ហាញក្តីស្រឡាញ់ គឺជាកម្មវិធីថ្មីមួួយ ដែលក្រុមការងារផេក កញ្ញា បានរៀបចំសម្រាប់ឆ្នាំ២០២១ ក្នុងខែកុម្ភៈ ខែនៃសេចក្តីស្រឡាញ់កន្លងទៅ។ អ្នកចូលរួមបានតាមដានកម្មវិធីនេះ តាមរយៈការផ្សព្វផ្សាយជាច្រើនតាមបណ្តាញសង្គម គឺបានដឹងច្បាស់អំពីលក្ខខណ្ឌដែលក្រុមការងារបានរៀបចំ។ រហូតដល់ចុងបញ្ចប់នៃកម្មវិធីក្រុមការងារ កញ្ញា បានទទួលលិខិតជាច្រើនរយសន្លឹក ដែលមានអត្ថន័យខុសៗគ្នា តែគោលបំណងតែមួយ គឺការបង្ហាញអារម្មណ៍ពិត ដែលពួកគេ អះអាងថា ពិបាកនិយាយចេញមកក្រៅ ដោយសុំជំនួសមកដោយការសរសេរតែម្តង។

ក្នុងចំណោមលិខិតទាំងនោះ មានលិខិតមួយត្រុវបានជ្រើសរើស ក្រោយបានបំពេញតាមលក្ខខណ្ឌកម្មវិធី រួមនឹងទទួលបានការដាក់ពិន្ទុរខ្ពស់ ដោយគណៈកម្មការនៃកម្មវិធី។ តាមរយៈកិច្ចសម្ភាសតាមសារឆ្លើយឆ្លង Telegram ម្ចាស់សំណេរបានឈ្នះរង្វាន់ធំ បានបញ្ជាក់ថា៖ កញ្ញា ឈ្មោះ គា ឆាយវល័ក្ខ មានមុខរបរជាបង្រៀននៅសាលាបឋមសិក្សាគោតាចាន់ ដែលមានអាស័យដ្ឋានបច្ចុប្បន្ននៅ ភូមិគោកត្នោត ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប។

មាន៣ចំណុច ដែល កញ្ញា គា ឆាយវល័ក្ខ ចាប់អារម្មណ៍ខ្លាំងពីកម្មវិធីការប្រកួតសំណេរនេះ។

១. ជួយឱ្យស្ត្រីក្លាហានជាងបងមុនបង្ហាញពាក្យក្នុងចិត្តចេញមកក្រៅ ជំនួសការនិយាយ ព្រោះអៀន

កញ្ញាបញ្ជាក់ថា៖ " ដំបូងឡើយខ្ញុំក៏ជា fan ម្នាក់នៅក្នុងផេកកញ្ញា ដែលតែងតែមើលវីដេអូជារឿយៗក៏មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះវីដេអូគាត់សុទ្ធតែល្អៗ និយាយទាក់ទងនឹងអត្តចរិតមនុស្សភាគច្រើន ឲ្យចេះមើលមនុស្សណាថាគួរសេពគប់ ជ្រើសរើសជាមិត្ត និងគូរជីវិត។ ហើយខ្ញុំចេះតែតាមដានរហូតដល់ពេលមួយក៏ឃើញមានការប្រកាសទាក់ទងនឹងការប្រកួតសរសេរសំណេរថ្ងៃទិវានៃក្ដីស្រឡាញ់។ នៅក្នុងផេកបងផ្ទាល់នៅពេលនោះខ្ញុំបានមើលលក្ខខណ្ឌក្នុងការចូលរួម ហើយក៏គិតក្នុងចិត្តថាខ្ញុំចង់សរសេរសំណេរចូលរួមទៅកាន់មនុស្សសំខាន់ក្នុងជីវិតចំនួន ២នាក់ នោះគឺប៉ា និងម៉ែ ដែលមានគុណដ៏ធំ រួមនឹងអនុស្សាវរីយ៍ល្អ ដែលលោកបានតស៊ូដើម្បីកូន និងគ្រួសារ "។

រឿងពិតអំពីអ្នកមានគុណរបស់ខ្ញុំ៖

គា ឆាយវល័ក្ខ បានរៀបរាប់ថា៖ មូលហេតុដែលធំបំផុតជំរុញចិត្តខ្ញុំឲ្យហ៊ានសរសេរនោះ គឺប៉ារបស់ខ្ញុំ។ គាត់តស៊ូខ្លាំងមែនទែនចំពោះគ្រួសារតែងតែនៅក្បែរធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនៗទោះបីខ្លួនឯងលំបាកក៏មិននិយាយអ្វីទេ ខ្ញុំនឹកឃើញគ្រាមួយដែលគាត់ធ្វើជាជាងផ្ទះក៏ធ្លាក់ពីលើមកធ្លោះដៃ បែកក្បាល ខ្ញុំមានអារម្មណ៍តូចចិត្តជាខ្លាំងដែលខ្លួនមិនអាចជួយសម្រាលការងារគាត់និងជួយរកចំណូលចូលគ្រួសារបណ្ដោយឲ្យពុកចាស់ហើយគាត់ខំធ្វើការឡើងធ្វើផ្ទះខ្ពស់ៗ។បន្ទាប់មកគាត់ក៏ឈប់ដើរធ្វើផ្ទះកើតទៀត តែ២ ៣ខែក្រោយមកខ្ញុំរៀនថ្នាក់ទី១២ដើម្បីរកលុយឲ្យខ្ញុំនិងប្អូនៗរៀន គាត់ក៏បានចេញទៅធ្វើការនៅខេត្តបន្ទាយមានជ័យ គាត់សុខចិត្តនៅឆ្ងាយកូនៗទៅរកលុយ។យប់ដែលខ្ញុំរៀបខោអាវឲ្យគាត់ខ្ញុំយំតូចចិត្តខ្លាំងណាស់ព្រោះមិនដែលបែកពីគាត់ តែពេលយកខោអាវជូនគាត់ខ្ញុំធ្វើពុតជាញញឹមដើម្បីជូនដំណើរគាត់ ដើម្បីឲ្យគាត់សប្បាយចិត្តតែខ្ញុំក៏ឃើញគាត់រលីងរលោងទឹកភ្នែកដែរ។ពេលគាត់ទៅធ្វើការខ្ញុំតែងនាំប្អូនខលទៅលេងគាត់សួរគាត់សុខសប្បាយអត់ គាត់ឆ្លើយថាខំរៀនណាកូន ប៉ាសុខសប្បាយទេតែការពិតគាត់ត្រូវជួបរឿងច្រើនត្រូវដេកក្នុងព្រៃហើយមូសក៏ខាំអត់សូបានដេកទៀត។ឥឡូវនេះបាននៅជុំគ្នាហើយពេលនេះគាត់យាមសន្ដិសុខពេលយប់ ហើយខ្ញុំក៏បានជាប់ជាគ្រូបង្រៀនបឋមសិក្សាខ្ញុំក៏សប្បាយចិត្តដែលខ្ញុំអាចជួយសម្រួលបន្ទុកគ្រួសារបានខ្លះ។

២. លើកកម្ពស់ការអាន និងសរសេរអក្សរខ្មែរ

កម្មវីធីនេះ គឺបានជួយអ្នកចូលរួមពីរបៀបរៀបចំសំណេរ អាចពង្រឹងទាំងសមត្ថភាពសរសេរ និងការគិត។

  • អាចធ្វើឲ្យមនុស្សក្លាហានក្នុងការប្រកួតប្រជែងសមត្ថភាពសរសេរ នាំឲ្យមានចំណូលចិត្តផ្នែកសំណេរ និងចេះពិចារណាមុននឹងសរសេរឲ្យត្រូវតាមអក្ខរាវិរុទ្ធ និងមានអត្ថន័យទូលំទូលាយអាចផ្ដល់ជាគំនិតអប់រំដល់អ្នកអាន។
  • ធ្វើឲ្យមានអ្នកចាប់អារម្មណ៍ចង់អានព្រោះគេចង់ដឹងថាស្នាដៃណា ដែលសរសេរបានល្អជាងគេ ហើយស្នាដៃណាដែលមានអត្ថន័យល្អជាងគេ។
  • នៅពេលដែលអ្នកអានពេញចិត្តសំណេរមួយណាគេអាច ស៊ែរតៗគ្នា ហើយវានឹងធ្វើឲ្យមានអ្នកចាប់អារម្មណ៍ចង់បង្ហាញស្នាដៃនៅពេលក្រោយៗទៀត។ ដូចឃើញក្នុងការ comments ក៏មានអ្នកចាប់អារម្មណ៍ចង់ចូលរួមសំណេរ ចង់ក្លាយជាអ្នកឈ្នះ អ្នកខ្លះថាចង់ក្លាយជាអ្នកសំណេរដែលពូកែ។

៣. ផ្តល់ការអប់រំល្អដល់ក្មេងជំនាន់ក្រោយ ដើម្បីយល់ដឹងកាន់តែទូលំទូលាយអំពីក្តីស្រឡាញ់

នៅពេលបានបង្ហាញសំណេរតាមរយៈផេក កញ្ញា បានឱ្យដឹងថា៖ ខ្ញុំមានអារម្មណ៍ធូរស្បើយមែនទែនដែលខ្ញុំបានបង្ហាញពីអារម្មណ៍ដែលមានក្នុងចិត្ត ជូនចំពោះអ្នកមានគុណ សប្បាយចិត្ត និងសង្ឃឹមថាមានអ្នកអាន និងចូលចិត្តសំណេររបស់ខ្ញុំមួយនេះ ហើយក៏សង្ឃឹមថាពេលមានអ្នកអានហើយគេនឹងមានអារម្មណ៍គិតដល់អ្នកមានគុណ យល់ពីគុណបំណាច់របស់ពួកគាត់ និងអាចបង្ហាញក្ដីស្រឡាញ់ទៅអ្នកមានគុណផងកុំគិតតែពីរឿងស្នេហាផ្ទាល់ខ្លួនរវាងស្រី និងប្រុសពេក។

កញ្ញាបានបញ្ជាក់ថា៖ បើថ្ងៃមុខទៅមានការបោះពុម្ពសៀវភៅរៀបរាប់ពីទិវានៃក្ដីស្រឡាញ់គឺខ្ញុំគាំទ្រខ្លាំងមែនទែនបង ហើយរិតតែសប្បាយចិត្តនៅពេលដែលក្នុងសៀវភៅមួយក្បាលនោះមានគំនិតរបស់ខ្ញុំចូលដែរ។ បានជាខ្ញុំគាំទ្រគឺដោយសារតែចង់ឲ្យមនុស្សស្វែងយល់ពីទិវានៃក្ដីស្រឡាញ់ឲ្យបានច្បាស់ ថាតើគួរតែបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកណាខ្លះ? ហើយដោយរបៀបណា ?

ជាពិសេសគឺអាចផ្ដល់ជាគំនិតអប់រំដល់ក្មេងជំនាន់ក្រោយៗកុំឲ្យជ្រួលជ្រើមតែចំពោះក្ដីស្រឡាញ់បែបប្រុសស្រីពេក គឺត្រូវគិតដល់អ្នកមានគុណដែលគាត់ស្រឡាញ់យើងស្មោះជាងនរណាៗទាំងអស់ ក្ដីស្រឡាញ់គាត់ធំធេង ហើយស្ថិតស្ថេរ ទោះបីយើងល្អឬអាក្រក់ ធ្លាប់ធ្វើខុខយ៉ាងណាក៏ពុកម៉ែមិនដែលចោលកូនៗរបស់គាត់ដែរ។ ហើយមួយទៀតឲ្យមនុស្សចេះស្គាល់តម្លៃនៃក្ដីស្រឡាញ់ ចរក្សាក្ដីស្រឡាញ់ និងចេះតបស្នងក្ដីស្រឡាញ់ឲ្យបានត្រឹមត្រូវ។

រូបភាពផ្តល់សិទ្ធិដោយ៖ គា ឆាយវល័ក្ខ

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម