ក្រសួងលម្អិតពីការវាយលុកមេរោគកូវីដ បំផ្លាញសួតទាំងសងខាងរបស់អ្នកជំងឺ ដល់បាត់បង់ជីវិតក្នុងពេលដ៏ខ្លី

  • 2021-03-19 09:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម ការរាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌ កំបូលរាជធានីភ្នំពេញ បានទទួលមរណៈភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត ដោយសារជំងឺកូវីដ-១៩ ដែលបាន វ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។

ស្ត្រីវ័យ ៦២ ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយសាររកឃើញមាន វិជ្ជមានវីរុសកូវីដ -១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល។ ដោយសារស្ត្រីខាងលើនេះ មាន ស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាល និងជួយសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

ពេលចូលមកដល់មន្ទីរពេទ្យខាងលើនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នក ជំងឺនៅពេលនោះ មានហត់ខ្លាំង ហើយការថតសួត ក៏បានបង្ហាញនូវរូបភាពរលាកសួតស្រួចស្រាវទាំងសងខាងធ្ងន់ធ្ងរ (សឹងតែពេញ ផ្ទៃសួត ) មានសញ្ញាស្ទះសរសៃឈាមបេះដូង ព្រមទាំងមានកង្វះអុកស៊ីហ្សែនក្នុងសួតខ្លាំងដែរនោះ ក្រុមគ្រូពេទ្យ បានប្រើម៉ាស៊ីន ជំនួយដង្ហើម VN1 មិនជោគជ័យ ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ីហ្សែនដកដង្ហើម នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១។ តែជាអកុសល ការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយគាត់បាន ដោយសារ តែវីរុសកូវីដ-១៩ បានវ៉ៃលុកសួតទាំងពីររបស់គាត់ធ្ងន់ធ្ងរមែនទែន និងលឿនពេកនោះ នៅវេលាម៉ោងប្រហែលជា ១១:៤៥នាទីព្រឹកនៃ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ត្រីវ័យ ៦២ឆ្នាំនេះ ក៏បានធ្វើមរណកាលទៅ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួត ទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង លើអ្នកជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ខ្លាំង។ ក្រសួងសុខាភិបាល សូមចូលរួមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមចែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព ៕

អត្ថបទ៖ MC Chandarareth

អត្ថបទពេញនិយម