មនុស្សស្រីត្រូវចេះឲ្យតម្លៃនូវរឿងទាំងនេះ បើចង់បានសេចក្តីសុខទៅថ្ងៃអនាគតពិតប្រាកដ

  • 2021-03-18 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​១០​ឆ្នាំ សម្រាប់​មនុស្ស​មាន​មិន​ច្រើន​ទេ ហេតុ​នេះ​កុំ​រស់​តែ​មួយ​ថ្ងៃ​ដើម្បី​មួយ​ថ្ងៃ​។ ​បើ​សិន​ជា​អ្នក​ចង់​បាន​អនាគត​មួយ​ដ៏​ល្អ​ត្រចះ​ត្រចង់​ពិត​ប្រាកដ​មែន ​គួរ​តែ​​ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​រឿង​ខាង​ក្រោម៖

១. ចៀស​វាង​ជម្លោះ

មនុស្ស​ជា​ច្រើន​​តែង​តែ​ចង់​បាន​ជីវិត​សាមញ្ញ​មួយ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ពួក​គេ​បែរ​​ជា​ត្រូវ​ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ជា​ច្រើន​រហូត​បង្កើត​ទៅ​ជា​ស្រ្តេស ​ជម្លោះ ច្រណែន​ ឈ្នា​នីស​គ្នា​ទៅ​វិញ។ ​ដូច្នេះ​ហើយ វិធី​ល្អ​បំ​ផុត​ក្នុង​ការ​ឲ្យ​ជីវិត​ចៀស​ឆ្ងាយ​ពី​​មនុស្ស​ឈ្លាន​ពាន ​គួរ​តែ​កុំ​បង្កើត​ទំនាក់​ទំនង​ណា​ដែល​ស្មុគ​ស្មាញ។ រឿង​នឹង​កាន់​​​តែ​ពិបាក​ទៅ​ៗ នៅ​ពេល​​​យើង​ដឹង​ថា​ទឹក​ចិត្ត​របស់​បុគ្គល​នោះ​គ្រាន់​តែ​សម្តែង។ ​ហេតុ​នេះ ​ជីវិត​ដែល​រីក​រាយ គឺ​ការ​មាន​សុភមង្គល ​សាមញ្ញ ​និង​សន្តិភាព​ផ្លូវ​ចិត្ត​លើ​ផ្នែក​ទំនាក់​ទំនង។

២. ចូល​រួម​​នឹង​សកម្មភាព​​ដែល​មាន​ប្រយោជន៍

នៅ​ក្នុង​សង្គម​នេះ ​មនុស្ស​ជា​ច្រើន​បាន​ឲ្យ​តម្លៃ​គ្នា​ទៅ​លើ​មាស​ប្រាក់ ​សម្ភារៈ​និយម ​ការងារ​ ឬ របៀប​តុបតែង​ខ្លួន​ជា​ដើម។ ​ពួក​គេ​យល់​ថា ​របស់​ទាំង​នេះ​នឹង​ជួយ​លើក​តម្កើង​កិត្តិយស ​ទំនុក​ចិត្ត និង​សុវត្ថិភាព​សម្រាប់​ពួក​គេ។ ​យ៉ាង​ណា​ក៏​ដោយ ​ភាព​​រីក​រាយ​ដែល​លាយ​បញ្ចូល​ជាមួយ​សារៈសំខាន់​​មិន​ងាយ​សាប​សូន្យ ​គឺ ​សកម្មភាព​មាន​ប្រយោជន៍​ដូច​ជា ​ការ​លេង​កីឡា ​អាន​សៀវ​ភៅ ​លេង​តន្រ្តី​ឬ​សិល្បៈ ​ដំណើរ​កម្សាន្ត ​បរិច្ចាគ ​ស្ម័គ្រ​ចិត្ត … ​ជា​ដើម។ ​កីឡា​ជួយ​ឲ្យ​រាង​កាយ​រឹង​មាំ ​អាន​សៀវ​ភៅ​ជួយ​បង្កើន​ចំណេះ​ដឹង ​សិល្បៈ​បង្កើន​ការ​អភិវឌ្ឍ​ផ្នែក​ទេព​កោសល្យ ​ដើរ​លេង​កម្សាន្ត​ជួយ​ឲ្យ​មាន​សេរីភាព ពង្រីក​ទស្សនៈ​វិស័យ ​ការ​ស្ម័គ្រ​ចិត្ត​និង​ធ្វើ​ការ​ងារ​សប្បុរសធម៌​ជួយ​​យើង​ឲ្យ​ដឹង ចែក​រំលែក ​ផ្តល់​ក្តី​ស្រលាញ់ និង​ចេះ​យក​ចិត្ត​ទុក​ដាក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ​សុភមង្គល​សាមញ្ញៗ​ទាំង​នេះ​ គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​ជីវិត​ពោរពេញ​ដោយ​ថាម​ពល​វិជ្ជមាន ជាមួយ​សកម្មភាព​វិជ្ជមាន​ប្រចាំ​ថ្ងៃ​។

៣. កំណត់​តម្លៃ​សម្រាប់​មូល​ដ្ឋាន​ជីវិត​

ជីវិត​មាន​ន័យ​អាស្រ័យ​លើ​អ្នក​ចេះ​កំណត់​តម្លៃ​​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប្រយោជន៍​ប៉ុណ្ណា។ ​លើ​លោក​នេះ ​នរណា​ក៏​គេ​មាន​២៤​ម៉ោង​ដូច​គ្នា​ដែរ ​តែ​មាន​អ្នក​ខ្លះ​ក្រ ​អ្នក​​ខ្លះ​មាន អ្នក​ខ្លះ​ឆាប់​ជោគ​ជ័យ ​ខ្លះ​ទៀត​​ចំណាយ​ពេល​យូរ។ ​​ចេះ​បែង​ចែក​អ្វី​ដែល​ហៅ​ថា​អាទិភាព ​មិន​ប្រព្រឹត្តិ​អ្វី​​ដោយ​មានៈ ចេះ​ស្តាប់​គេ ​មើល​​គេ​មើលឯង​ និង​រៀន​មើល​ពី​អតីត​កាល​របស់​​ខ្លួន។ ​

៤. ​រៀន​មាន​ក្តី​ស្រមៃ ​ហើយ​បង្កើត​ក្តី​ស្រមៃ​នោះ​ឲ្យ​ក្លាយ​ជា​ការពិត

​អ្នក​ត្រូវ​ចេះ​ស្រមៃ​ពី​អនាគត​របស់​ខ្លួន​ថា ​តើ​៥​ឆ្នាំ​​ទៀត​អ្នក​ត្រូវ​មាន​អ្វី​ក្នុង​ដៃ? ​៥​ឆ្នាំ​ទៀត​ អ្នក​នឹង​​ឡើង​តំណែង​អ្វី? ​មាន​ផ្ទះ ​ឡាន ​គ្រួសារ ឬ​លុ​យ​កាក់​កម្រិត​ណា​ជា​ដើម។ ​កុំ​រស់​តែ​មួយ​ថ្ងៃ ​កុំ​រស់​ថ្ងៃ​នេះ​ដូច​ម្សិល​មិញ ​តែ​ត្រូវ​រស់​ថ្ងៃ​នេះ​ឲ្យ​ល្អ​ជាង​ម្សិល​មិញ ​​គ្រប់​ពេល៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម