គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​ស្នេហា ដែល​យើង​គ្មាន​ឋានៈ​អ្វី​ច្បាស់​លាស់​ទាំង​អស់?

  • 2021-03-06 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​​មនោសញ្ចេតនា​ដែល​គ្មាន​ឈ្មោះ​ច្បាស់​លាស់​បែប​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍មិន​ជាប់​ចំណង តែ​ពេល​ខ្លះ​មាន​អារម្មណ៍​អន់​ចិត្ត​ខ្លាំង។ ដោយ​សារ​តែ​មិន​ច្បាស់​លាស់ ទើប​មិន​អាច​ខឹង មិន​មាន​សិទ្ធិ​ប្រចណ្ឌ គ្មាន​សិទ្ធិ​ទាមទារ ហើយ​ក៏​មិន​អាច​ធ្វើ​ទន់​ខ្សោយ​ដើម្បី​ឲ្យ​គេ​មក​លួង​បាន។

ធ្លាប់​មាន​មនុស្ស​និយាយ​ថា៖ ទទួល​យក​ស្នេហា​ដែល​អត់​ច្បាស់​លាស់​មួយ ប្រៀប​ដូច​ជា​កាន់​ធ្យូង​មួយ​ដុំ​។ ពេល​ទុក​ទៅ​វា​ក្ដៅ តែ​បើ​បោះ​ទៅ​គ្មាន​អ្វី​ប្រើ។ ​ពេល​ហៅ​ថា ស្នេហា​មិន​ច្បាស់​លាស់​ហើយ គឺ​ស្ថិត​នៅ​កម្រិត​ខ្ពស់​ជាង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធបន្តិច តែ​បើ​ឲ្យ​និយាយ​ថា​សង្សារ គឺ​មិន​ទាន់​ដល់។ អ្វី​គ្រប់​គឺ​ដូច​ទឹក​កន្លះ​ក្អម មិន​​ដល់​ណា​ទាំង​អស់ ហើយ​ក៏​គ្មាន​ឈ្មោះ​ហៅ​ដូច​គ្នា។ អ្នក​ខ្លះ​គិត​ថា មនោសញ្ចេតនា​នេះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព។ បើ​ឈាន​ទៅ​មុខ​បាន​ក៏​បាន​ទៅ គ្មាន​អី​ចង​ជើង​គ្នា បើ​នឹក​ក៏​ជួប អត់​នឹក​ក៏​ហី។ យ៉ាងណាក្ដី ដល់​ពេល​ណា​មួយ អ្នក​នឹង​មាន​អារម្មណ៍​ថា​គ្មាន​សេរី​ភាព​ក្នុង​មនោសញ្ចេតនា​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធុញ​ថប់ និង​ស្អុះស្អាប់។​

ប្រសិន​បើ​អ្នក​ធ្លាក់​ចូល​ក្នុង​កាលៈទេសៈ​ដូច​នេះ គួរ​ធ្វើ​តាម​វិធី​ទាំង​នេះ៖

១. យើង​ជា​អ្វី​នឹង​គ្នា?

សម្រាប់​មនុស្ស​ជា​ច្រើន សំណួរ​​មួយ​នេះ អាច​នឹង​បញ្ចប់​មនោសញ្ចេតនា​ដែល​មិន​ច្បាស់​លាស់​មួយ​ ព្រោះ​ចំពោះ​អ្នក​ដែល​ចង់​បាន​ស្នេហា​មិន​ច្បាស់​លាស់ គេ​នឹង​គេចវេះ​សំណួរ​មួយ​នេះ។ ហើយ​សំណួរដែល​ភាគី​ម្ខាង​ទៀត​ឆ្លើយ​មក​វិញ មួយ​គឺ​អ្នក​ទាំង​២​អាច​ឈាន​ដល់​សង្សារ​នឹង​គ្នា​តែ​ម្ដង និង​មួយ​ទៀត​គឺ​អាច​ដាច់​គ្នា​ផឹង​ដូច​គ្នា។ កុំ​ភ័យ​ខ្លាច​នៅ​ពេល​សួរ​សំណួរ​មួយ​នេះ ព្រោះ​ប្រសិន​បើ​គេ​ស្រលាញ់​យើង​មែន គេ​នឹង​មិន​ភ័យ​ខ្លាច​នឹង​ឆ្លើយ​ឡើយ តែ​បើ​គេ​បដិសេធ អ្នក​នឹង​ចំណេញ ព្រោះ​តាម​ការ​ពិត​ គេ​គ្រាន់​តែ​ចង់​លេង​សើច​នឹង​យើង​តែ​ប៉ុណ្ណោះ។

២. អ្នក​រារែក​ឬ​អត់ ​ពេល​ផ្ញើ​សារ​ឲ្យ​គេ

ពេល​ស្រលាញ់​គ្នា យើង​អាច​បង្ហាញ​ចរិត​ខ្លួន​ឯង​តាម​រយៈ​ការ​ផ្ញើ​សារ។ យ៉ាងណាមិញ ប្រសិន​​បើ​អ្នក​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ ពេល​ចែក​រំលែក​រឿង​អ្វី​មួយ​នឹង​គេ មាន​ន័យ​ថា​អ្នក​កំពុង​មាន​អារម្មណ៍​មនោសញ្ចេតនា​មួយ​នេះ មាន​ភាព​អវិជ្ជមាន​ច្រើន​ជាង​​​វិជ្ជមាន។ អ្នក​គួរ​តែ​ចាំ​ថា នៅ​ក្នុង​ស្នេហា​មួយ​ក៏​ដោយ ប្រសិន​បើ​យើង​មិន​មែន​ជា​មនុស្ស​ពិត​របស់​ខ្លួន​ឯង ហើយ​ខំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ផ្សេង​ដើម្បី​ផ្គាប់​ចិត្ត​គេ​នោះ ស្នេហា​នោះ នឹង​មិន​ស្ថិតស្ថេរ​ឡើយ ត្បិត​អ្នក​នឹង​មិន​អាច​សម្ដែង​បាន​រហូត​នោះ​ទេ។

៣. គ្មាន​គោល​បំណង​ច្បាស់​លាស់

គោល​បំណង​ច្បាស់​លាស់​គឺ​ជា​វិធី​តែ​មួយ​គត់ ប្រែ​ស្នេហា​គ្មាន​ឈ្មោះ មក​ជា​ស្នេហា​មាន​ឈ្មោះ​ច្បាស់​លាស់។ ករណី​នេះ​កើត​ឡើង​លុះ​ត្រា​តែ​ភាគី​ទាំង​សង​ខាង​មាន​ទំនួល​ខុស​ត្រូវ​នឹង​គ្នា និង​​ចង់​បន្ត​ទៅ​មុខ​នឹង​គ្នា។ យ៉ាងណាក្ដី បើ​មនោសញ្ចេតនា​នេះ​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​មាន​ទំនួលខុសត្រូវ​អ្វី​ទាំង​អស់ មាន​ន័យ​ថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ស្នេហា​ដែល​ច្បាស់​លាស់​នោះ​ទេ ហើយ​អ្នក​ទាំង​ពីរក៏​មិន​អាច​ដើរ​ដល់​ត្រើយ​ជាមួយ​គ្នា​បាន​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម