មនុស្ស​ដែល​ជួយ​ឲ្យ​គ្រួសារ​ថ្កុំថ្កើន​សុទ្ធ​តែ​មាន​​ចរិត​ល្អ​ទាំង​៣​នេះ​ទាំង​អស់

  • 2021-03-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​ប្រពន្ធ​គ្រប់​លក្ខណ៍​ម្នាក់ បើ​ចង់​ឲ្យ​គ្រួសារ​ងើបមុខ ងើប​មាត់​ក្នុង​សង្គម​មនុស្ស​ស្រី​គួរ​ប្រកាន់​ខ្ជាប់​សកម្មភាព​ទាំង​នេះ ព្រោះ​បើ​មាន​តែ​ខាង​ប្ដី​ប្រឹង​ម្នាក់​ឯង ឯ​ខាង​ស្រី​មិន​ជួយ​អ្វី​នោះ​ក៏​មិន​បាន​ការ​ដែរ។ គ្រួសារ​ដែល​មាន​ជីវភាព​ថ្កុំថ្កើន គេ​សង្កេត​ឃើញ​ថា​ប្រពន្ធ​តែង​មាន​អត្តចរិត​ទាំង​៣​នេះ។

១. ចេះ​គិត​វែង​ឆ្ងាយ មាន​គម្រោង​ច្បាស់​លាស់

ប្រសិន​បើ​ប្រពន្ធ​មិន​គិត​ពី​គម្រោង​របស់​គ្រួសារ​ទៅ​ថ្ងៃ​អនាគត តែ​គិត​តែ​​ពី​ថា ល្ងាច​នេះ​ត្រូវ​ក្លែម​ជាមួយ​អ្វី ហើយ​មួយ​សប្ដាហ៍​ផឹក​​៧​ថ្ងៃ​នោះ ទោះ​បី​ជា​ប្ដី​ប្រឹង​ទាល់​តែ​ត្រដរ​ខ្យល់​ទៀត​ក៏​មិន​អាច​សល់​ទ្រព្យ​ដូច​គ្រួសារ​ដទៃ​បាន​ឡើយ ព្រោះ​គេ​ថា គ្រួសារ​មួយ​ចង់​សល់​ទ្រព្យ​ទាល់​តែ​មាន​ប្រពន្ធ​ទុក​ដាក់ បើ​ប្រពន្ធ​ជួយ​តែ​បំផ្លាញ់​ មាន​តែ​រលាយ​ប៉ុណ្ណោះ។

២. មាន​ភាព​អត់​ធ្មត់

បើ​មាន​ជម្លោះ​តែ​បន្តិច ប្រពន្ធ​ហារ​មាត់​ឡើង​ជេរ​ប្ដី​ និង​ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​ភូមិ​នោះ ទោះ​បី​ជា​ប្ដី​ចង់​ខំប្រឹង​ដើម្បី​គ្រួសារ​ក៏​គ្មានកម្លាំង​ចិត្ត​ដែរ។ ទោះ​បី​ជា​ដឹង​ថា នៅពេល​ជីវភាព​ខ្សត់ខ្សោយ ងាយ​ធ្វើ​ឲ្យ​ប្ដី​ប្របន្ធ​មួម៉ៅ​ដាក់​គ្នា​ក៏​ពិត​មែន តែ​​នេះ​ក៏​ជា​ពេល​ដើម្បី​ធ្វើ​ការ​សាកល្បង​លើ​ចិត្ត​អត់ធ្មត់​​របស់​ប្រពន្ធ​ដូច​គ្នា។ មាន​តែ​នៅ​ក្បែរ​គ្នាក្នុង​គ្រា​ក្រ​នោះ​​ទេ ទើប​នៅ​​ពេល​មាន​បាន ចេះ​​ឲ្យ​តម្លៃ​គ្នា។

៣. មាន​បេះដូង​ជា​អ្នក​ម្ដាយ ចេះ​យោគយល់​គ្នា

ជាមួយ​បេះដូង​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់ មនុស្ស​ស្រី​អាច​ធ្វើ​បាន​អ្វី​គ្រប់​យ៉ាង​សម្រាប់​គ្រួសារ​របស់​ខ្លួន ដូច​ជា​ស្រលាញ់​ប្ដី និង​ប្រៀនប្រដៅ​កូន​ជា​ដើម។ មនុស្ស​ស្រី​បែប​នេះ​នឹង​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​គ្រប់​មជ្ឈដ្ឋាន មិន​ថា​គ្រួសារ​ខ្លួន​ឯង ឬ​គ្រួសារ​ខាង​ប្ដី​ឡើយ។ នៅ​ក្នុង​គ្រួសារ​មួយ បើ​មាន​ប្រពន្ធ​បែប​នេះ កូន​ក៏​ដើរ​តាម​គន្លង​ធម៌ ប្ដី​ក៏​មាន​កម្លាំង​ចិត្ត​ប្រឹងប្រែង​ដល់​គ្រួសារ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel