ដឹង​ខ្លួន​ថា កំពុង​​លង់​ស្រឡាញ់​គេ​តែ​ម្ខាង ទាញ​ខ្លួន​ឯង​មក​វិញ​ដោយ​វិធី ៣ យ៉ាង​នេះ

  • 2021-03-05 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ដ៏​ខ្លោចផ្សា​ខ្លាំង​ណាស់ នៅ​ពេល​អ្នក​ស្រឡាញ់​គេ​ខ្លាំង គិត​ពី​គេ​ស្ទើរ​គ្រប់​ដង្ហើម​ចេញ​ចូល ស្រមៃ​រឿង​ល្អ​នៅ​ថ្ងៃ​អនាគត​ស្ទើរ​គ្រប់​រឿង ចំណែក​គេ​មិន​ដែល​សូម្បី​មាន​កូន​ចិត្ត​បន្តិច​ចំពោះ​អ្នក។ ដាស់​សតិ​ខ្លួន​ឯង​ជា​ថ្មី ជាមួយ​វិធី​ទាំង ៣ ខាង​ក្រោម ដើម្បី​ឲ្យ​​​ភ្លើង​ងប់ងុល​ទាំង​នោះ​​​រលត់​បាត់​ជា​និរន្ត៖

១.ទទួល​ស្គាល់​ការ​ពិត

ចំណុច​ដំបូង​បំផុត​​​គឺ អ្នក​ត្រូវ​ទទួល​យក​ការ​ពិត​ជា​មុន​សិន។ ឈប់​មានៈ រឹងរូស​ត​ទៅ​ទៀត! វា​មិន​មែន​ជា​ស្នេហា​ដ៏​មហិមា​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​ងប់ងុល​ខ្លាំង ដែល​អ្នក​កំពុង​បំផ្លាញ​ខ្លួន​ឯង​ច្បាស់​ក្រឡែត។ ទាល់​តែ​អ្នក​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ការ​ពិត ទើប​អ្នក​អាច​ស្វែងរក​ការ​ផ្លាស់ប្ដូរ និង​ដំណោះស្រាយ​ផ្សេងៗ ដើម្បី​ស្រោចស្រង់​ខ្លួន​ឯង​មក​វិញ​បាន។

រូបតំណាង

**២.Unfollow ម្នាក់​នោះ**

សម័យ​បច្ចុប្បន្ន បណ្ដាញ​សង្គម​ជួយ​អ្នក​យ៉ាង​ខ្លាំង​ក្នុង​ការ​សង្កេត តាមដាន​គ្រប់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដទៃ ទៅ​តាម​ចំណង់​របស់​ខ្លួន។ ព្រោះ​តែ​ភាព​ងប់ងុល អ្នក​តែង​ចូល​មើល​ Profile គាត់​ស្ទើរ​គ្រប់​នាទី ឲ្យ​តែ​ទំនេរ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​សកម្មភាព​របស់​គាត់​លេច​ចេញ​លើ Wall របស់​អ្នក នាំ​ឲ្យ​ពិបាក​កាត់​ចិត្ត សូម Unfollow គាត់​ចោល​ចុះ។ វា​ជា​ជម្រើស​ល្អ​ទាំង​សងខាង ដើម្បី​កុំ​ឲ្យ​រង្គោះរង្គើ​មិត្តភាព ព្រោះ​គាត់​ក៏​មិន​បាន​ដឹង​ខ្លួន​អ្វី​ដែរ។

៣.ប្រើ​ពេល​វេលា ដើម្បី​ព្យាបាល

ប្រាប់​ខ្លួន​ឯង​ថា ក្រៅ​ពី​គាត់​អ្នក​ប្រាកដ​ជា​រក​បាន​បុរស​ល្អ​ម្នាក់​នៅ​ថ្ងៃ​អនាគត។ អ្នក​ទទួល​ស្គាល់​បរាជ័យ​នៅ​គ្រា​នេះ ព្រោះ​ដើម្បី​រក្សា​តម្លៃ កិត្តិយស​ឲ្យ​ខ្លួន​ឯង និង​មិន​ចង់​ធ្វើ​ជា​ស្រមោល អន្ទោល​តាម​ប្រាណ​នរណា​ម្នាក់​ទៀត​ឡើយ។ ព្យាយាម​បន្លប់​ខ្លួន​ឯង​ជាមួយ​រឿង​សប្បាយ​ៗ ឬ​ជួបជុំ​កម្សាន្ត​អារម្មណ៍​ជាមួយ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ​ឲ្យ​បាន​ច្រើន នោះ​អ្វីៗ​នឹង​ប្រសើរ​ឡើង​ម្ដង​​បន្តិចៗ​ជា​មិន​ខាន៕

ចុចអាន៖ស្រី​ៗ​ទោះ​ឯកា​ប៉ុណ្ណា ក៏​កុំ​ស្រលាញ់​ឲ្យ​សោះបុរស​ចរិត​កូន​ក្មេង ៦ ប្រភេទ​នេះ​

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម