ដឹក​ម្ហូប​ទៅ​កន្លែង​លក់​ឡាន អ្នក​ដឹក​ជញ្ជូន​សម្រេច​ទិញ​ឡាន​ថ្មី​តែ​ម្ដង

  • 2021-02-26 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃើញ​ឡាន​ស្អាត​ពេក​នៅ Showroom លក់​ឡាន អ្នក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ម្នាក់ បាន​សម្រេច​ចិត្ត​យក​ឡាន​ថ្មី​មួយ​ភ្លាម ដោយ​មិន​បាន​គិត​គូរ​យូរ។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ នៅ​ Showroom លក់​ឡាន​មួយ​កន្លែង​នៅ​ខេត្ត Shenzhen ប្រទេស​ចិន។ តាម​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ផ្ដិត​បាន បុគ្គលិក​លក់​រថយន្ត​ម្នាក់ បាន​កម្ម៉ង់​ទិញ​ម្ហូប​ពី​កម្មវិធី​ទូរសព្ទ​មួយ ក្រោយ​ពេល​ទទួល​បាន​ម្ហូប​អាហារ បុគ្គលិក​រូប​នេះ បាន​យួរ​ថង់​ដើរ​ចេញ។​​ ប៉ុន្តែ​ដើរ​មិន​ទាន់​បាន​ប៉ុន្មាន​ជំហាន​ផង អ្នក​ដឹក​ម្ហូប​រូប​នេះ បាន​ស្រែក​សួរ​ពី​ព័ត៌មាន​ឡាន។

ក្រោយ​ពេល​ឃើញ​ដូច​នេះ បុគ្គលិក​ខាង​លើ​​បាន​ទម្លាក់​ម្ហូប​ចុះ​យ៉ាង​លឿ​ន​ ហើយ​អញ្ជើញ​បុរស​ដឹក​ម្ហូប​នេះ សាក​ឡាន​ភ្លាម​ៗ។ ក្រោយ​ពេល​សាក​សួរ និង​សាក​ឡាន​បាន​បន្តិច បុរស​ដឹក​អាហារ បាន​សម្រេច​ចិត្ត​​ចុះ​កិច្ចសន្យា ទិញ​ឡាន​តែ​ម្ដង។ ក្រោយ​ពេល​វីដេអូ​ត្រូវ​បាន​ចែក​ចាយ​ទូលំទូលាយ មនុស្ស​ជា​ច្រើន បាន​លាន់​មាត់​ថា ឃើញ​សាមញ្ញ​ក៏​ពិត​មែន តែ​តាម​ការ​ពិត អ្នក​ដឹក​ជញ្ជូន​អាហារ​រក​ចំណូល​បាន​មិន​តិច​ឡើយ។

ក្រៅ​ពី​នេះ សកម្មភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​បុគ្គលិក​លក់​ឡាន ក៏​ត្រូវ​បានសរសើរ​ជា​ខ្លាំង ដោយ​គ្រាន់​តែ​ឃើញ​បុរស​ដឹក​ជញ្ជូន​អាហារ​ចង់​ទិញ​ឡាន​ភ្លាម រូប​គេ​បាន​ទម្លាក់​ម្ហូប​មក​ផ្ដល់​យោបល់​យ៉ាង​លឿន៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម