ដំបូន្មានសម្រាប់អ្នកជិតដល់វ័យ៣០៖ បើមិនទាន់មានអ្វីនៅក្នុងដៃ ក៏គ្មានអ្វីខុសដែរ
- 2021-02-22 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានសម្រាប់អ្នកជិតដល់វ័យ៣០៖ បើមិនទាន់មានអ្វីនៅក្នុងដៃ ក៏គ្មានអ្វីខុសដែរ
ខ្ញុំបានសង្កេតឃើញថា នៅពេលមិនទាន់ដល់អាយុ ៣០ឆ្នាំ ខ្ញុំមានសំនួរជាច្រើនដែលស្រាយមិនចេញ តែនៅពេលអាយុនេះហើយ ទើបដឹងថា សំនួរខ្លះមិនចាំបាច់មានចម្លើយនោះទេ។
នៅក្នុងសង្គមបច្ចុប្បន្ន នៅពេលនិយាយដល់អាយុ ៣០ អ្នកគិតដល់រឿងអ្វីមុនគេ? ចម្លើយមានដូចជា៖
-ក្រោយអាយុ ៣០ឆ្នាំ តើខ្ញុំត្រូវក្មេងៗជំនួស ឬអត់?
-អាយុ ៣០ឆ្នាំហើយ មិនទាន់មានគ្រួសារ តើខ្ញុំត្រូវនៅព្រៅមួយជីវិតឬ?
-អាយុ ៣០ឆ្នាំហើយ តែមិនទាន់មានផ្ទះនៅក្នុងក្រុង តើនេះគឺជាភាពបរាជ័យដែរ ឬទេ?
ខ្ញុំសង្កេតឃើញថា អ្នកជិតឈានដល់វ័យ ៣០ឆ្នាំ មានមន្ទិលសង្ស័យពីខ្លួនឯងច្រើនណាស់ តែសម្រាប់អ្នកដែលហួសអាយុនេះហើយ បែរជាគ្មានចម្ងល់ ឬសម្ពាធអ្វីទៅវិញ។
មិនដឹងថាមកពីសង្គម ឬមកពីអ្វីឡើយ តែអាយុ ៣០ឆ្នាំមិនដឹងតាំងពីពេលណា បានប្រែក្លាយទៅជាបន្ទាត់សម្រាប់វាស់ភាពជោគជ័យរបស់មនុស្សគ្រប់រូប។ អ្នកណាក៏ភ័យខ្លាច ដល់អាយុនេះហើយ មិនទាន់មានអ្វីក្នុងដៃ នឹងត្រូវចាត់ទុកថាជាបុគ្គលបរាជ័យ។
តែអ្នកត្រូវចាំថា វិថីដែលយើងគ្រប់ៗគ្នា ជ្រើសយកមកដើរសុទ្ធតែខុសគ្នា បើគ្រប់គ្នាសុទ្ធតែជោគជ័យទាំងអស់ នេះម៉េចហៅថាជីវិតនោះ? កុំបង្កើតគម្រោងលំអិតខ្លាំងពេកសម្រាប់ជីវិតយើង ត្បិតទោះជាយ៉ាងណាក៏ដោយ ជីវិតមួយនេះមិនអាចដើរដូចអ្វីដែលយើងព្រាងទុកនោះឡើយ។ ព្រោះជោគជ័យ ឬអត់ ក៏គ្មានអ្នកណាមានជីវិតដែលឥតខ្ចោះនោះទេ។
តាមពិតទៅ អាយុ៣០ឆ្នាំ ក៏គ្រាន់តែបន្ទាត់មួយ ដែលអ្នកណាក៏ត្រូវឆ្លងកាត់ គ្រាន់តែអារម្មណ៍ឆ្លងកាត់បន្ទាត់នោះខុសៗគ្នាប៉ុណ្ណោះ។ អ្នកខ្លះឆ្លងដោយភាពភ័យខ្លាច ខ្លះឆ្លងដោយការទទួលយកការពិតជាដើម។ តែទោះឆ្លងដោយវិធីណាក៏ដោយ អ្វីដែលចង់ផ្ដែផ្ដាំនោះគឺ កុំភ្លេចសន្សំលុយណា ត្បិតលុយសន្សំគ្មានថ្ងៃណាធ្វើឲ្យអ្នកស្ដាយក្រោយឡើយ។
សរុបមកវិញ ៣០ឆ្នាំ ក៏គ្រាន់តែជាតួលេខមួយ តែមានអត្ថន័យផ្សេងគ្នា សម្រាប់មនុស្សផ្សេងគ្នា។ បើអ្នកគិតថាវាជាចំណុចវិជ្ជមាន វានឹងវិជ្ជមាន ហើយបើអ្នកគិតយ៉ាងម៉េចផ្សេងវិញទៀត វានឹងទោទៅតាមនោះដូចគ្នា ដូចនេះជម្រើសគឹស្ថិតលើអ្នកទាំងស្រុង៕