មិនចង់ចាយពេលខូចចិត្តយូរក្រោយបែកស្នេហា មនុស្សស្រីគួររៀនប្រាប់ខ្លួនឯងនូវរឿងទាំងនេះ

  • 2021-02-19 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ឈឺ​ចាប់​ដោយសារ​តែ​រឿង​ស្នេហា​អី ព្រោះ​អាច​ថា​បុណ្យ​អ្នក​ទាំង​ពីរ​សាង​ជាមួយ​គ្នា​បាន​​តែ​ប៉ុណ្ណឹង​។ ដូច្នេះ ​មាន​តែ​ព្រម​ទទួល​យក​​​​ថា ស្នេហា​នេះ​មិន​អាច​ដូច​ដើម ហើយ​ក៏​គ្មាន​ផ្លូវ​អាច​វិល​មក​រក​គ្នា​បាន​ដែរ។

១. ទទួល​ស្គាល់​ការពិត

​ក្រោយ​បែក​បាក់​ មនុស្ស​ជា​ច្រើន​តែង​តែ​គិត​ថា​ស្នេហា​នេះ ​អាច​នឹង​មាន​ឱកាស​វិល​ត្រលប់​មក​​ម្តង​ទៀត។ ​ពួក​គេ​​បំភ្លេច​មិន​បាន​នូវ​​អនុស្សាវរីយ៍​ពី​មុន​ៗ ​ទាំង​ដែល​ភ្លេច​ថា​វា​​បាន​ក្លា​យ​ជា​រឿង​អតីត​ទៅ​ហើយ។ វិធី​មាន​តែ​ម្យ៉ាង​ទេ ​គឺ​ត្រូវ​ទទួល​ស្គាល់​ការពិត​ថា គ្រប់​យ៉ាង​បាន​ Over ​ហើយ ទើប​អ្នក​អាច​ឈប់​គិត​ពី​រឿង​ចាស់​បាន ​ហើយ​​មក​ផ្តោត​លើ​រឿង​ថ្មី​ជំនួស​វិញ។

២. កុំ​នៅ​មួយ​កន្លែង

បង្កើត​សកម្មភាព​ថ្មី​ៗ ​កុំ​ព្យាយាម​ធ្វើ​អី​ដដែរៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​​ធុញ​បាន។ ​ដោយសារ​ក្រោយ​ពី​បែក​បាក់​ស្នេហា ​អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​​ធុញ​ថប់ និង​តឹង​តែង​ក្នុង​ចិត្ត ហេតុ​នេះ ​អ្នក​គួរ​ឆ្លៀត​ពេល​ទៅ​ស្រូប​យក​ខ្យល់​អាកាស​ឬ​កន្លែង​ណា​ដែល​មាន​ទេសភាព​ស្រស់​ស្រាយ ដែល​អ្នក​មិន​ធ្លាប់​បាន​ទៅ​ឃើញ​ពីមុន ​ដើម្បី​បង្កើត new episode ​ថ្មី​ឲ្យ​ជីវិត។

៣. ​​​តែង​ខ្លួន​ឲ្យ​ស្អាត​ជាង​មុន

​មិន​ត្រូវ​បោះ​បង់​ខ្លួន​ឯង​ចោល​ឡើយ ​ព្រោះ​បើ​មនុស្ស​អតីត​របស់​អ្នក​ឃើញសភាព​ដ៏​យ៉ាប់​យ៉ឺន​របស់​អ្នក គេ​ច្បាស់​ជា​សើច​ចំអក​​​អ្នក​មិន​ខាន។ ​ហេតុ​នេះ ​អ្នក​គួរ​​តុប​តែង​ខ្លួន​ឲ្យ​ស្អាត ស្លៀកពាក់​ឲ្យ​ទាន់​សម័យ​ជាង​មុន។

៤. ចៀស​វាង​រំ​លឹក​អនុស្សាវរីយ៍ចាស់

កុំ​ទៅ​មើល​រឿង​កុន​​ស្នេហា​ផ្អែម​ល្ហែម ដែល​រំលឹក​ឲ្យ​អ្នក​កាន់​តែ​ឈឺ​ចាប់។ លើស​ពី​នេះ ​បើ​អ្នក​មាន​រូប​ថត ឬ​អំណោយ​ចាស់​ៗ​ជាមួយ​គ្នា ​កុំ​​បន្ត​ទុក​វា​ក្នុង​ផ្ទះ​ទៀត គួរ​ដាក់​វា​ក្នុង​ប្រអប់​យក​ទៅ​បោះ​ចោល​ទៅ​។ ​កុំ​នៅ​យក​វា​មក​មើល ​នាំ​រំលឹក​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់។

៥. កុំ​ទាក់​ទង​គាត់​

អ្វី​ដែល​សំខាន់ កុំ​ទាក់​ទង​ទៅ​គាត់​ម្តង​ទៀត។ ​ថ្វី​បើ​ពេល​ខ្លះ​អ្នក​នឹក​គាត់​រហូត​ដល់​ថ្នាក់​គេង​យំ​ ​ហើយ​ក៏​ឆាត​ទៅ​រក​គាត់។ ​អ្នក​ចាប់​ផ្តើម​បញ្ឆោត​ខ្លួន​ឯង ដោយ​ផ្តល់​ក្តី​សង្ឃឹម​ក្លែង​ក្លាយ ។ ​នៅ​ពេល​គាត់​ឆ្លើយ​តប​សារ​របស់​​អ្នក ​ពេល​នោះ​អ្នក​ក៏​បញ្ឆោត​ខ្លួន​ឯង​ម្តង​ទៀត​ថា​គាត់​នៅ​ស្រលាញ់​អ្នក ​ហើយ​គិត​ថា​អ្នក​និង​គាត់​អាច​វិល​​ត្រល​ប់​មក​ត្រូវ​គ្នា​វិញ។ អ្នក​គួរ​តែ​បញ្ឈប់​ទៅ ​ព្រោះ​មិន​ខុស​ពី​កំពុង​ធ្វើបាប​ខ្លួន​ឯង​ទេ។

៦. ពិភាក្សា​ជាមួយ​អ្នក​ដទៃ

នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ​សូ​ម​កុំ​ឃុំ​ខ្លួន​ឯង​ឲ្យ​នៅ​ម្នាក់​ឯង​រយៈ​ពេល​យូរ ​ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​កើត​ជំ​ងឺ​ធ្លាក់​ទឹក​ចិត្ត​ណាស់។ ​អ្នក​គួរ​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ​មិត្ត​ភក្កិ ​ដើម្បី​ទទួល​បាន​​គំនិត​យោបល់​ថ្មី។ ​ទោះ​ជា​បញ្ហា​មិន​អាច​ដោះ​ស្រាយ​បាន១០០% ​តែ​យ៉ាង​ហោច​ណាស់ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៍ OK ​ជាង​មុន។

៧. ​លើក​លែង​ទោស​ឲ្យ​ខ្លួន​ឯង

មនុស្ស​​ស្រី​ជា​ច្រើន​ក្រោយ​បែក​បាក់​ជាមួយ​សង្សារ ជា​ញឹក​ញាប់​តែង​តែ​ស្តី​បន្ទោស​ឲ្យ​ខ្លួន​ឯង។ ​ភាគ​ច្រើន ​មនុស្ស​ស្រី​តែង​តែ​​គិត​ថា ហេតុ​អ្វី​ក៏​រឿង​រ៉ាវ​វា​ដល់​ទី​បញ្ចប់​បែប​នេះ​។ ​តាម​ពិត​ទៅ ​វា​មិន​​បាច់​ត្រូវ​រក​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ដែរ ហើយ​ក៏​មិន​បាច់​ត្រូវ​ធ្វើ​អារម្មណ៍​ថា​ខ្លួន​ឯង​ខុស​ឆ្គង​អ្វី​ដែរ ។ ​​អ្នក​គួរ​តែ​លើក​លែង​ទោស​ឲ្យ​ខ្លួន​ឯង ហើយ​​យក​រឿង​ទាំង​នេះ​មក​ធ្វើ​ជា​មេរៀន​ដក​បទ​ពិសោធន៍​វិញ​ល្អ​ជាង ​ដើម្បី​​កុំ​ឲ្យ​​ខុស​ម្តង​ហើយ​ ម្តង​ទៀត។

៨. ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើនៗ

​​​បើ​ទោះ​ជា​គាត់​បាន​ចាក​ចេញ​ពី​អ្នក​ក៏​ដោយ ​អ្នក​មិន​ត្រូវ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ឡើយ។ ​អ្នក​គួរ​បង្កើត​ថាម​ពល​ដើម្បី​ដោះស្រាយ​បញ្ហា ​ហើយ​ក៏​មិន​ត្រូវ​បន្ថយ​តម្លៃ​ខ្លួន​ឯង​ដែរ។ ​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម