ស្ទីលញ៉ាំរួច ទុកចានចោលមួយយប់សឹមលាង តាមពិតជាទម្លាប់អាក្រក់ដែលបំផ្លាញសុខភាពហួសហេតុ

  • 2021-02-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​បាន​បង្កើត​ទម្លាប់​នៅ​ពេល​លាង​ចាន ​ដែល​នាំ​ឲ្យ​សុខ​ភាព​របស់​ពួក​គេ​ទ្រុឌ​ទ្រោម​ដោយ​មិន​ដឹង​ខ្លួន។ ​

១. ​ត្រាំ​ចាន​ចោល​រយៈ​ពេល​យូរ

ក្រោយ​ញ៉ាំ​រួច​ ​មនុស្ស​ជា​ច្រើន​តែង​តែ​ហត់​ឬ​ងងុយ​គេ​ង​ជា​ដើម ​ហេតុ​នេះ​ពួក​គេ​ក៏​សម្រេច​ចិត្ត​ថា​ទុក​ចាន​ចោល​មួយ​​សន្ទុះ​សិន ​ហើយ​ខ្លះ​ថែម​ទាំង​ត្រាំ​ចាន​ចោល​អស់​មួយ​យប់​ទៀត​​ ​ទាល់​តែ​ព្រឹក​ឡើង​ទើប​ប្រមូល​​លាង​ក៏​មាន។ ​នេះ ​ជា​កំហុស​មួយ​​ព្រោះ​​សំណល់​ម្ហូប​អាហារ​លើ​ចាន នឹង​ក្លាយ​ជា​បាក់​តេរី​យ៉ាង​ច្រើន ​ហើយ​បើ​អ្នក​មិន​បាន​លាង​ដោយ​ប្រុង​ប្រយ័ត្ន​ទៀត ​វា​​នឹង​ឆ្លង​​ចូល​​រាង​កាយ ហើយ​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​​ពេល​អ្នក​ត្រាំ​ចង្កឹះ​ដែល​ធ្វើ​ពី​ឬស្សី ​ឬ​ ឈើ​ផង​។ ​ ដូច្នេះ ​វិធី​ល្អ​បំ​ផុត​​សម្រាប់​ការ​លាង​ចាន​និង​ចង្កឹះ​បាន​ត្រឹម​​ត្រូវ​ គឺ​លាង​ក្រោយ​ញ៉ាំ​រួច​ភ្លាម​ៗ ​​ព្រោះ​​អាច​ចៀស​វាង​បាក់​តេរី​និង​​ផ្សិត​កក​កុញ​លើ​ចាន​បាន។

២​. ​ចាក់​សាប៊ូ​ផ្ទាល់​លើ​ចាន​តែ​ម្តង

​យក​សាប៊ូ​រោយ​លើ​ចាន​ដោយ​ផ្ទាល់​តែ​ម្តង ​​​ធ្វើ​ឲ្យ​កំណក​សាប៊ូ​ជាប់​លើ​ចាន និង​ពិបាក​ដុស​លាង​ឲ្យ​ស្អាត​១០០​%។ ​​បើ​លាង​មិន​ស្អាត ​សារធាតុ​សាប៊ូ​នឹង​ចូល​ទៅ​បំផ្លាញ​ស្រទាប់​ក្រពះ ​ដែល​បណ្តាល​ឲ្យ​រាគ​បាន។ វិធី​ត្រឹម​ត្រូវ​ គឺ​ត្រូវ​រក​កាធុន​ធំ​ល្មម​មួយ ​​ដោយ​ចាក់​សាប៊ូ​លាយ​ជាមួយ​​​ទឹក​ ​បន្ទាប់​មក​ទើប​លាង​ចាន​នៅ​ក្នុង​នេះ​។ ​​លើស​ពី​នេះ ​ក្រោយ​ពី​លាង​ចាន​និង​ចង្កឹះ​ជាមួយ​សាប៊ូ​រួច ​អ្នក​គួរ​លាង​ជាមួយ​ទឹក​ស្អាត​ចំនួន​២ -​៣​ដង​ ​បន្ថែម​ទៀត។ ​ចំពោះ​សម​វិញ ​អ្នក​គួរ​លាង​ទឹក​ក្តៅ​​ជំនួ​ស​ការ​ប្រើ​សាប៊ូ ​ដែល​នេះ​ក៏​ជា​វិធី​ល្អ​មួយ​ដែរ។ ​

៣. យក​ប៉ុង​លាង​ចាន ទៅ​ជូត​ជញ្ចាំង​ផ្ទះ​បាយ ឬ​ប្រើ​ចម្រុះ

កុំ​ប្រើ​ប៉ុង​សម្រាប់​​លាង​ចាន​ផង ​ជូត​ជញ្ចាំង​ផង ​ឬ​កន្លែង​ផ្សេង​ៗ​ក្នុង​ផ្ទះ​​បាយ​ឲ្យ​សោះ។ ​អ្នក​គួរ​បែង​ចែក​ឲ្យ​ដាច់ ​មិន​ត្រូវ​ប្រើ​លូក​​ឡំ​គ្នា​ឡើយ ព្រោះ​នេះ​​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​បំផ្លាញ​សុខភាព​​បំ​ផុត។ ​ម្យ៉ាង​ទៀត ​ក្រោយ​ពី​ប្រើ​ប៉ុង​លាង​ចាន​រួច ​គួរ​ជម្រះ​វា​ជាមួយ​ទឹក​ស្អាត ​រួច​ទុក​​នៅ​កន្លែង​ស្ងួត។ ​កុំ​គ្រាន់​តែ​លាង​ចាន​រួច ​បោះ​ទុក​​ចោល​ដោយ​គ្មាន​លាង​ទឹក​​សោះ។

៤. អត់​ទុក​ចាន​ឲ្យ​ស្រក​ទឹក​សិន ​មុន​ពេល​យក​ទៅ​ដាក់​ក្នុង​​ទូ​ចាន

មនុស្ស​​ជា​ច្រើន​គិត​ថា ​ពេល​លាង​ចាន​រួច​គួរ​ប្រញាប់​ដាក់​ក្នុង​ទូ​ចាន ​ដើម្បី​កុំ​ឲ្យ​មាន​​ធូលី​។ ​តែ​ពេល​​បរិយាកាស​សើម និង​ផ្អាប់​ផ្អូរ ​វា​នឹង​ធ្វើ​ឲ្យ​​មាន​ក្លិន​មិន​ល្អ ។ ​ម្ល៉ោះ​ហើយ ​អ្នក​គូរ​​មាន​​កន្សែង​ជូត​ចាន​ឬ​ចង្កឹះ​ឲ្យ​ស្ងូត​សិន ​សឹម​ប្រមូល​ទុក​ក្នុង​ក្នុង​​ទូ​ចាន៕

ប្រភព៖ xaluan ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម