ហេតុអ្វី Zhao Li Ying និង Yang Mi មិន​ថត​រឿង​ជាមួយ​គ្នា?

  • 2021-02-18 07:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាតារា​ជួរ​មុខ​ដូច​គ្នា​ក្នុង​វិស័យ​សិល្បៈ​ចិន តែ​តារា​សម្ដែង​ស្រី​២​ដួង Yang Mi និង Zhao Li Ying មិន​ដែល​មាន​ស្នាដៃ​រួម​គ្នា​ឡើយ។

ចាប់​តាំង​ពី​ពេល​ចូល​សិល្បៈ​មក​ដល់​សព្វ​ថ្ងៃ តារា​សម្ដែង​លំដាប់ A ចិន Yang Mi និង Zhao Li Ying បាន​សម្ដែង​មិន​ក្រោម​១០០​រឿង​ឡើយ។ ដោយ​សារ​តែ​អាយុ​ស្របាល​ៗ​គ្នា ព្រម​ទាំង​មាន​កេរ្តិ៍ឈ្មោះ​ប្រហាក់ប្រហែល​គ្នា​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ស្រី​ស្អាតទាំង​២​តែង​ត្រូវ​បាន​គេ​ប្រៀបធៀប​ជា​និច្ច។

យ៉ាងណាក្ដី វណ្ណកម្មតែ​១​គត់​ដែល​ស្រី​ស្អាត​នេះ​ធ្លាប់​សម្ដែង​ជាមួយ​គ្នា​គឺ​រឿង The Dream of Red Mansion នៅ​ឆ្នាំ​២០០៨ ដែល​កាល​នោះ​ពួក​គេ​សម្ដែង​ជា​តួអង្គ​បន្ទាប់​បន្សំ និង​គ្មាន​ឈុត​ឆាក​ជា​មួយ​គ្នា​ទាល់​តែ​សោះ។ ចាប់​ពី​ពេល​នោះ​មក គេ​មិន​ដែល​ឃើញ កំពូល​តារា​ទាំង​២​សហការ​គ្នា​ទៀត​ឡើយ។

មហាជន​ធ្លាប់​បាន​ដឹង​ហើយ​ថា Zhao Li Ying ធ្លាប់​ជេរ​អ្នក​គាំទ្រ​របស់ Yang Mi ជាសាធារណៈ ដោយ​សារ​ពួក​គេ​ថា​នាង​មាន​មុខ​ដូច​តួរឿង Legend of Fuyao។

បណ្ដាញ​ព័ត៌មាន Sohu បាន​រៀបរាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​ទាំង​២​នេះ​​មិន​សម្ដែង​រួម​គ្នា។ តាម​នោះ​ដែរ Yang Mi ធ្លាប់​ឈ្នះ​ពាន​តារា​ស្រី​ឆ្នើម​អន្តរជាតិ ទោះ​បី​ជា​សមត្ថភាព​សម្ដែង​នៅ​មាន​កម្រិត​នៅ​ឡើយ។ ចំណែក​ឯ​ប្រពន្ធ​របស់ Feng Shaofeng វិញ​ក៏​ធ្លាប់​ទទួល​បាន​ពាន​តារា​ស្រី​ឆ្នើម​ក្នុង​ប្រទេស​ដែរ ទាំង​សមត្ថភាព​មិន​ទាន់​នៅ​ថេរ​នៅ​ឡើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នៅ​ពេល​នេះ​សុទ្ធ​តែ​ល្បី​ឈ្មោះ​រៀង​ខ្លួន​ហើយ​ក្ដី តែ​ Yang Mi ល្បី​ឈ្មោះ​មុន Zhao Li Ying ឆ្ងាយ​ណាស់ ដោយ​ស្រី​ស្អាត​នេះ​បាន​សម្ដែង​រឿង​ជាមួយ​ស្ដេច​កំប្លែង​ទិនហ្វី​តាំង​ពី​អាយុ ៧​ឆ្នាំ។ បន្ថែម​ពី​នេះ ដោយ​សារ​រឿង​ស្នេហា អ្នក​ទាំង​២​ក៏​ពិបាក​សម្ដែង​នឹង​គ្នា​ដែរ ដោយ​កាល​ពី​សម្ដែង​រឿង Palace តារា​សម្ដែង Feng Shaofeng ប្ដី​របស់ Zhao Li Ying ធ្លាប់​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​លង់​នឹង​នាង​ពិត​មែន។

មូលហេតុ​ចុង​ក្រោយ​នោះ​គឺ នៅ​ពេល​នេះ ស្រី​ស្អាត​ទាំង​២​សុទ្ធ​តែ​ឈរ​នៅ​លើ​កំពូល​គេ​ទាំង​អស់ ដូច​នេះ​បើ​សម្ដែង​រឿង​​រួម​គ្នា នឹង​ពិបាក​រក​តួ​ឯក​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​​តារា​ទាំង​២​គ្មាន​ឱកាស​សម្ដែង​រួម​គ្នា៕

ប្រភព៖ baogiaothong.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម