កុំ​បន្ទោស​ថា​​ប្រពន្ធ​ចិត្ត​ដាច់ តែ​ប្រហែល​មក​ពី​​ប្ដី​ធ្វើ​រឿង​១០​យ៉ាង​នេះឱ្យ​នាង​ឆ្អែត​ចិត្ត

  • 2021-01-27 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុសៗ​តែង​តែ​គិត​ថា​មនុស្ស​ស្រី​មាន​អាថ៌កំបាំង​ច្រើន​ ហើយ​ពិបាក​យល់​ចិត្ត​ណាស់​ រហូត​ដល់​នាង​រៀបចំ​អីវ៉ាន់​ ហើយ​ចាក​ចេញ​ទៅ​។​ នាង​នឹង​មិន​និយាយ​ច្រើន​ទេ​ យ៉ាង​ច្រើន​​គ្រាន់​តែ​បើក​ទ្វារ​ ហើយ​ចេញ​​ទៅ​ឲ្យ​ឆ្ងាយ​ជា​រៀង​រហូត​ ពេល​ដែល​អ្នក​កំពុង​តែ​នៅ​កន្លែង​ធ្វើការ​ប៉ុណ្ណោះ​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ទ្រាំ​នៅ​ទៀត​បាន​៖

១.​នាង​មាន​អារម្មណ៍​ថា ​អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ពឹង​ពាក់​បាន

ទោះ​បី​​នាង​​ស្រលាញ់​សេរីភាព​ តែ​នាង​ក៏​អាច​ចង់​ពឹង​ពាក់​នរណា​ម្នាក់ ​ពេល​​មាន​បញ្ហា​​ដែរ​។​ ជា​ពិសេស​ពេល​​​​​ពពោះ​ និង​សម្រាល​កូន​ ជា​ពេល​វេលា​ដែល​នាង​ត្រូវ​ការ​អ្នក​បំផុត​។​ មាន​តែ​បុរស​ដែល​អាច​ទុក​ចិត្ត​បាន​តែ​ប៉ុណ្ណោះ​ទើប​ធ្វើ​ឲ្យ​នាង​កក់​ក្ដៅ​។

២.​នាង​ហត់​នឹង​បំពេញ​តម្រូវ​ការ​របស់​អ្នក

ត្រូវ​តែ​មាន​រាង​ស្អាត ​និង​អារម្មណ៍​ល្អ​គ្រប់​ពេល​ ធ្វើ​ម្ហូប​ឲ្យ​ឆ្ងាញ់​ អាន​សៀវភៅ​ និង​ត្រូវ​ចុះសម្រុង​ជា​មួយ​មិត្ត​ភក្តិ​របស់​អ្នក​ វា​ជា​តម្រូវ​ការ​ដ៏​ច្រើន​ពេកហើយ។​ ​​អ្នក​ដឹង​ទេ​ថា ​វា​ហត់​នឿយ​ខ្លាំង​ណាស់​ដែល​ត្រូវ​ផ្គាប់​ចិត្ត​អ្នក​គ្រប់​រឿង​ គ្រប់​ពេល​បែប​នេះ​។

៣.​មាន​អារម្មណ៍​ថា​នាង​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​សម្រាប់​អ្នក

ទោះ​វា​មិន​មែន​ជា​អំពើ​ក្បត់​ តែ​វា​ពិបាក​ទទួល​យក​ណាស់​ ពេល​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​សម្លឹង​មើល​ស្រី​ផ្សេង​ ពេល​នៅ​ជា​មួយ​នាង ឬ​ទៅ​ធ្វើ​ដែល​មិន​ឱ្យ​នាង​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​គឺ​ជា​មនុស្ស​តែ​ម្នាក់​នៅ​ក្នុង​បេះដូង​គេ​។

៤.​នាង​ធុញ​នឹង​ការ​មិន​ទុកចិត្ត​របស់​អ្នក​ ឬ​ការ​ដែល​ចង់​គ្រប់​គ្រង​នាង​គ្រប់​ពេល

គ្រាន់​តែ​ចង់​ទៅ​ជួប​មិត្ត​ភក្តិ​ត្រូវ​ចំណាយ​ពេល​១​សប្ដាហ៍​មុន​ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ និង​ត្រូវ​លើក​ទូរ​សព្ទ​ តប​សារ​របស់​អ្នក​ពេញ​មួយ​ល្ងាច​។​ មាន​មនុស្ស​ស្រី​តិច​ណាស់​ដែល​ពេញ​ចិត្ត​នឹង​ទំនាក់​ទំនង​បែប​នេះ​។

៥.អ្នក​ជា​មនុស្ស​អវិជ្ជមាន

អ្នក​តែង​តែ​បែប​ហ្នឹង​ ពេល​អ្នក​មិន​សប្បាយ​ចិត្ត​ មិន​ទទួល​យក​ការ​ធ្វើ​អ្វី​ដែល​ថ្មី​ ហើយ​មើល​ងាយ​គ្រប់​គំនិត​របស់​នាង​ ដោយ​សារ​អ្នក​គិត​ថា ​នាង​ជា​មនុស្ស​អត់​ប្រយោជន៍​។ ពេល​ខ្លះ​នាង​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ល្អ​ប្រសើរ​ជាង​មុន​តែ​ប៉ុណ្ណោះ​។

៦. អ្នក​​រស់​នៅ​ពិភព​២​ផ្សេង​គ្នា

ពេល​ដែល​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ដំបូង​ យើង​មិន​បាន​ខ្វល់​ច្រើន​ពី​រឿង​គ្រួសារ​ ឬ​មិត្ត​ភក្តិ​ទេ​ តែ​បន្ទាប់​ពី​ទាក់​ទង​គ្នា​មួយ​រយៈ​ធំ​ហើយ​ទើប​​​ដឹង​ថា​ មិត្ត​ភក្តិ​របស់​អ្នក​ជា​មនុស្ស​ដែល​មិន​គួរ​រាប់​អាន​ ហើយ​គ្រួសារ​របស់​នាង​នឹង​មិន​អាច​ទទួល​យក​បាន​ទេ​។

៧. អ្នក​មាន​ចរិត​ដូច​ក្មេង

នាង​ចង់​មាន​កូន​ តែ​​អ្នក​បែរ​ចង់​ឈប់​ពី​ការ​ងារ​ដើម្បី​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​ ឬ​ចង់​បាន​ហ្គេម​ថ្មី​ និង​នំ​ខេក​មួយ​ដុំ​ធំ​។​ ពេល​ខ្លះ​វា​ជា​ករណី​លើក​លែង​ តែ​មនុស្ស​ស្រី​គ្រប់​រូប​មិន​ចង់​​បង្កើត​គ្រួសារ​ជា​មួយ​ជា​មួយ​មនុស្ស​ដែល​មិន​​ទាន់​ចេះ​គិត​គូរ​​​​​ទេ​។

៨. នាង​ហត់​នឹង​ការ​ផ្ដល់​ឲ្យ​ដោយ​គ្មាន​​បាន​អី​មក​វិញ​សោះ

ផ្ដល់​ឲ្យ​ដោយ​គ្មាន​បាន​អី​មក​វិញ​សោះ​?​ ទំនាក់​ទំនង​ដែល​ល្អ​ គេ​អត់​ធ្វើ​អ៊ីចឹង​ទេ​។​ មនុស្ស​ពីរ​នាក់​អាច​នៅ​ជា​មួយ​គ្នា​បាន ​នៅ​ពេល​ដែល​​​ពួក​គេ​អាច​​បង្ហាញ​​ឱ្យ​​គ្នា​​ឃើញ​តាម​រយៈ​​ពាក្យ​សម្ដី​និង​កាយវិការ​។ ​

៩.​នាង​មិន​ដឹង​ថា ​អ្នក​ត្រូវ​ការ​អ្វី​ពិត​ប្រាកដ

នាង​មិន​​អាច​ពឹង​ពាក់​អ្នក​ដែល​មិន​ដែល​សម្រេច​ផែន​ការ ឬ​សុបិន​របស់​ខ្លួន​ឯង​​ឡើយ​។​ នាង​នឹង​រឹត​តែ​​មិន​អាច​សម្រេច​អ្វី​បាន​ឡើយ​ជា​មួយ​មនុស្ស​ដែល​ប្ដូរ​ចិត្ត​គ្រប់​ពេល​។

១០.គម្រោង​ពេល​អនាគត​មិន​ដូច​គ្នា​

អ្នក​ដឹង​ថា​អ្នក​ចង់​បាន​អី​ ហើយ​នាង​ដឹង​ថា​ នាង​ចង់​បាន​អី​ដូច​គ្នា ហើយ​បញ្ហា​គឺ​ថា​គម្រោង​ពេល​អនាគត​របស់​អ្នក​ខុស​គ្នា​​ស្រឡះ ដែល​គ្មាន​ថ្ងៃ​អាច​ដើរ​រក​ផ្លូវ​ប្រសព្វ​ឱ្យ​ជួប​គ្នា​បាន៕​

ប្រភព៖ Brightside ប្រែសម្រួល៖ ឃួន សូលីកា

អត្ថបទពេញនិយម