រឿង​ភាគ​របស់ Zhao Li Ying និង Wang Yi Bo ជាប់​​ជា​រឿង​អន់​បំផុត​ប្រចាំ​ឆ្នាំ ២០២០

  • 2021-01-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែ​ភាពយន្ត​ភាគ The Legend of Fei ទោះ​បី​ជា​ត្រូវ​បាន​បោះទុន​ច្រើន និង​មាន​តួ​ល្បី​ឈ្មោះ​ច្រើន​ចូល​រួម​ក៏​ដោយ តែ​នៅ​ទទួល​បាន​ការ​វាយ​តម្លៃ​ទាប​ពី​អ្នក​ជំនាញ។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​​អំពី​ខ្សែ​ភាពយន្ត​ភាគ​ទាំង​១០​ ដែល​មាន​គុណ​ភាព​អន់​បំផុត​ក្នុង​ឆ្នាំ ២០២០។ នៅ​ក្នុង​ចំណោមនោះ ខ្សែភាពយន្ត​ភាគ​របស់​តារា​ជួរ​មុខ Zhao Li Ying និង Wang Yi Bo ជា​តួ​ឯក។ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា សាច់​រឿង​ខាង​លើ​មាន​អ្នក​សរសេរ​សាច់​រឿង​ច្រើន​ពេក ពោល​គឺ​ដល់​ ១២​នាក់ ទាំង​ដែល​សាច់​រឿង​នេះ​គឺ​ទិញ​ពី​គេ​មក​ស្រេច ដូច​នេះ​ហើយ ធ្វើ​ឲ្យ​សាច់​រឿង​ដើម​លែងល្អ​មើល។

Sohu បាន​ឲ្យ​ដឹង​ថា រឿង​ដើម​របស់ The Legend of Fei គឺ​និយាយ​ពី​ដំណើរ​ផ្សេង​ព្រេង​របស់​នារី​ក្លាហាន​ម្នាក់​ដែល​ដើរ​តួ​ដោយ Zhao Li Ying យ៉ាងណាក្ដី នៅ​ពេល​កាឡៃ​ក្លាយ​ជា​រឿង បែរ​ជា​ថែម​សាច់​រឿង​ស្នេហា​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​សាច់​រឿង​លែង​ជក់ចិត្ត។ The Legend of Fei ចាប់​ផ្ដើម​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ និង​បាន​ចាក់​បញ្ចាំង​ចប់​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា​មុន​នេះ។ រឿង​នេះ​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ ៥.៦​ ប៉ុណ្ណោះ​នៅ​លើ​គេហទំព័រ Douban។ ទន្ទឹម​នឹង​នោះ​ដោយ​សារ​តែ​អាយុ​ខុស​គ្នា​ដល់​ទៅ ១០​ឆ្នាំ (Li Ying ៣៣​ឆ្នាំ Yi Bo ២៣​ឆ្នាំ) ធ្វើ​ឲ្យ​តួឯក​ទាំង​២​មិន​សូវ​សម​គ្នា។

ក្រៅ​ពី​រឿង​ខាង​លើ រឿង The Legend of Xiao Chuo របស់​កំពូល​តារា​សម្ដែង​ស្រី Tang Yan ក៏​ជាប់​ឈ្មោះ​ជា​រឿង​អន់​បំផុត​ផង​ដែរ ដោយ​រឿង​នេះ​ទទួល​បាន​ពិន្ទុ​ទាប​ជាង​រឿង​របស់ Zhao Li Ying ទៀ់ត​ផង​៕

ប្រភព៖ Thanhnien ប្រែ​សម្រួល៖ Caramel