លើកទឹកចិត្តខ្លួនឯងឲ្យធូរស្បើយពេលគិតច្រើន ដោយវិធី៣យ៉ាងសាមញ្ញ

  • 2021-01-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ក៏​ចង់​មាន​ថ្ងៃ​ល្អ​ និង​អារម្មណ៍​រីក​រាយ​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​ពេល​ខ្លះ​មនុស្ស​យើង​ក៏​​ជួប​នូវ​រឿង​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពិបាក​ដោះ​ស្រាយ។ ​ដូច្នេះ ​អ្នក​គួរ​សាក​ល្បង​ដោះ​ស្រាយ​ដោយ​វិធី​ទាំង​នេះ។

១. ​រីក​រាយ​នូវ​អ្វី​ដែល​អ្នក​មាន

នៅ​ពេល​​​មាន​អារម្មណ៍​សោក​សៅ ​សូម​​អង្គុយ​សមាធិ​២​នាទី ហើយ​​ងាក​មក​គិត​លើ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​មោទកភាព​ក្នុង​ជីវិត។ ​អ្នក​នៅ​តែ​មាន​ផ្ទះ​ជ្រក​កោន ​មាន​ឡាន​ជិះ​ធ្វើ​ដំណើរ​ទៅ​មក ​មាន​ការងារ​ធ្វើ ជាមួយ​ប្រាក់​ខែ​សមរម្យ ...​។

​ទោះ​ជា​ក្នុង​អាកាស​​ធាតុ​ត្រជាក់​ក៏​​ដោយ អ្នក​នៅ​តែ​មាន​ផ្ទះ​ស្នាក់​នៅ ​មាន​ភួយ​ក្រាស់​មក​ដណ្តប់ … ​ដែល​នេះ​ហើយ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​​​ប្រាថ្នា។ ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ ​បើ​និយាយ​ពី​សុខភាព​របស់​អ្នក​វិញ ​ក៏​ស្ថិត​ស្ថេរ​ល្អ ​ដែល​នេះ​គឺ​ជា​សុបិន​របស់​មនុស្ស​ជា​ច្រើន។ ​ហេតុ​នេះ ​អ្នក​មិន​គួរ​មាន​គំនិត​អវិជ្ជមាន​ចំពោះ​ខ្លួន​ឯង​ទេ។

​២. ​នៅ​ជិត​ដិត​នឹង​ធម្មជាតិ

​​​​មាន​ធម្មជាតិ​នៅជិត​ប្រាណ ​នឹង​ធ្វើ​ឲ្យ​​អារម្មណ៍​ធូរស្រាល ហើយ​ក៏​ជា​វិធី​សាមញ្ញា​ងាយ​ៗ​បំ​​ផុត​ដើម្បី​រក្សា​ឲ្យ​ខ្លួន​ឯង​មាន​ថាម​ពល។ ​ដូច្នេះ ​​អ្នក​គួរ​រៀប​ចំ​​ធ្វើ​​សួន​ច្បារ ​ឬ​ដាំ​ផ្កា​ក្នុង​ផើង​តូច​ៗ​ក្នុង​បន្ទប់​កាន់​តែ​ល្អ ​ព្រោះ​នៅ​ពេល​អ្នក​​អស់​កម្លាំង​ក្រោយ​ធ្វើ​ការងារ​ហត់ ​​គ្រាន់​តែ​បើក​បង្អួច​ក៏​អាច​ស្រូប​យក​ខ្យល់​អាកាស​បាន ​ឬ​អាច​ដើរ​លេង​ក្នុង​សួន​ច្បារ​បាន​ថែម​ទៀត។

​៣. កោត​សរសើរ​ដល់​អ្នក​ដទៃ

ចំណាយ​ពេល​មួយ​នាទី ហើយ​ក្រឡេក​មើល​ភាព​ខ្លាំង​របស់​​អ្នក​ដទៃ អាច​ជា​មិត្ត​រួម​ការងារ ​មិត្ត​​ជិត​ស្និទ្ធ ឬ​មិត្ត​ភក្កិ​ដែល​អ្នក​ស្គាល់​តាម​អន​​ឡាញ​ជា​ដើម។ ​ការ​មើល​ឃើញ​ពី​គុណ​សម្បត្តិ​​របស់​អ្នក​ដទៃ ​​ហើយ​ចេះ​កោត​សរសើរ​គេ ​​អាច​ធ្វើ​ឲ្យ​គេ​មាន​​អារម្មណ៍​សប្បាយ​ចិត្ត​ ដូច​ផ្កា​រីក​ពេល​ព្រឹក​ព្រលឹម។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម