ផូសរូបភាពបែបណានៅលើបណ្តាញសង្គមទើបល្អ?

  • 2020-12-22 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មីៗនេះពេលដែលអ្នកចូលមើល Instagram ឬហ្វេសប៊ុកម្តងៗ អ្នកនឹងឃើញរូបភាព ហើយនឹងវីដេអូដែលម្នាក់ៗព្យាយាមបញ្ចេញរាងកាយដើម្បីភាពទាក់ទាញ និងធ្វើឲ្យអ្នកមើលមានអារម្មណ៍រំជើបរំជួល។ ប្រហែលជាវាជាការអួតគ្នាទៅវិញទៅមកទេមើលទៅ។ តើអ្នកដឹងទេថាតើរូបភាព និងវីដេអូទាំងអស់នោះមានការជៈឥទ្ធិពលលើទស្សនៈរាងកាយរបស់អ្នកយ៉ាងណា?

យើងភាគច្រើនសង្ស័យថារូបភាពស្អាតៗខ្លាំងប្រហែលជាមានការកែឆ្នៃហើយ រូបភាពសេចស៊ីដែលយើងបានឃើញនៅលើបណ្តាញសង្គមធ្វើឲ្យយើងមានអារម្មណ៍ថាមិនពេញចិត្តចំពោះរាងកាយរបស់ខ្លួនឯង ហើយវាជាការពិតខ្លាំងណាស់។ ការស្រាវជ្រាវក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានបង្ហាញយ៉ាងច្បាស់ អំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានឆ្លុះបញ្ចាំង អំពីស្តង់ដារសម្រស់ដែលមិនមាន ភាពប្រាកដនិយមទៀតឡើយ មិនថាជាមួយតារាល្បីៗ ឬក៏មនុស្សសមញ្ញទេ។ ការថតរូប ការម៉ូដែលម៉ូតគឺបង្ហាញតែមនុស្សរាងខ្ពស់ស្រលូន ឬបុរសសាច់ដុំធំៗយ៉ាងសង្ហារតែប៉ុណ្ណោះ។

ការបង្ហោះរូបភាពសេចស៊ី ឬអាក្រាតនៅលើបណ្តាញសង្គមមានផលអាក្រក់ណាស់ចំពោះមនុស្សសមញ្ញទូទៅ ពីព្រោះអ្នកកំពុងលេងសើចលើខ្លួនឯង និងបន្ទាបខ្លួនឯងហើយ។ វាត្រូវបានគេហៅថាការមិនគោរព ឬឲ្យតម្លៃលើរាងកាយរបស់ខ្លួនឯង។ សូម្បីតែអ្នកដ៏ទៃដែលមើលមកលើអ្នកក៏ពួកគេនឹងចាប់ផ្តើមវាយតម្លៃភ្លាមៗ ពីព្រោះអ្នកមិនបានរក្សាភាពឯកជនសម្រាប់ខ្លួនអ្នកសោះ។

បើអ្នកគិតថាការបង្ហោះរូបភាពទាំងនេះជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងចម្រុងចម្រើនដល់អ្នកនោះ សូមគិតវាឡើងវិញ !

ប្រហែលជាគេស្រស់ស្អាត ប្រហែលទទួលបានការសរសើរនៅលើបណ្តាញសង្គមរាប់លាននាក់ គេអាចស្រលាញ់រាងកាយ និងមានទំនុកចិត្តក្នុងការបង្ហាញវាដោយមោទនភាព ពីព្រោះវាអាចជាអាជីពរបស់ពួកគេមើលទៅ។ ជាឧទាហរណ៍លើតារាម៉ូដែល មិនថាសម្លៀកបំពាក់ រាងកាយ ឬសម្រស់ឡើយ ពួកគេនឹងបង្ហាញភាពសេចស៊ី ឬអាក្រាត។ ប៉ុន្តែពួកគេនឹងទទួលបានប្រាក់ចំណូលពីវា ធាតុពិតនោះវាក៏គ្រាន់តែជាវិធីដើម្បីឲ្យប្រព័ន្ធសង្គមរបស់គេមានអ្នកចាប់អារម្មណ៍ច្រើន ឬគ្រាន់តែជាវិធីដើម្បីរកលុយ ហើយនឹងទាក់ទាញភាពល្បីល្បាញតែប៉ុណ្ណោះ។

តែអ្នកវិញបង្ហាញវាឲ្យមនុស្សទូទាំងពិភពលោកមើលរូបរាងកាយរបស់អ្នកដោយគ្មានបានអ្វីសោះក្រៅពី លាយ ខំមិន និងស៊ែរតែប៉ុណ្ណោះ។ ទាំងនេះហើយដែលជាហេតុធ្វើឲ្យមានការជៈឥទ្ធិពលលើទស្សនៈរាងកាយរបស់អ្នកយ៉ាងខ្លាំង ដូចជាការស្អប់ ការមិនពេញចិត្តលើអ្វីដែលខ្លួនឯងមានជាដើម។ ឥលូវនេះអ្នកអាចយល់ដោយខ្លួនឯងថាបណ្តាញសង្គមក៏មិនល្អផងដែលនៅពេលនិយាយដល់រូបរាង និងសម្រស់។

អ្នកអាចទទួលបានការសរសើរពីអ្នកដ៏ទៃ រាល់ពេលដែលអ្នកចេញទៅណាមកណា ទាំងសម្រស់នឹងអតចរិត ដូចច្នេះវាគ្មានហេតុផលដែលអ្នកត្រូវបង្ហាញរាងកាយរបស់អ្នកឲ្យមនុស្សទូទៅមើលលេងទទេៗនោះទេ៕

រូបភាព៖ Pexels, Pinterest

អានបន្ត៖

អត្ថបទ៖ Chrel Den