ជួប​គ្នា​លើក​ដំបូង ខាង​ស្រីនាំ​សាច់​ញាតិ២៣​នាក់​មក​ញ៉ាំ​អី​អស់ ៣ពាន់ដុល្លារ ធ្វើ​ឲ្យ​ខាង​ប្រុស​​ស្លេក​មុខ

  • 2020-12-21 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ករណី​នេះ ប្រសិន​ជា​ខាង​ប្រុស​រូប​ណា ក៏​ប្រហែល​ជា​ទ្រាំ​មិន​បាន​នោះ​ដែរ។ ដោយ​សារ​តែ​ជីវិត​ការងារ​រវល់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គ្មាន​ពេល​មើល​ចិត្ត​គ្នា ទើប​សេវាកម្ម​ស្វែង​រក​សង្សារ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត។ ជាក់​ស្ដែង បុរស​ម្នាក់​សុំ​លាក់​ឈ្មោះ​អាយុ ២៩​ឆ្នាំ មក​ពី​ប្រទេស​ចិន នៅ​តែ​គ្មាន​មិត្ត​ស្រី​ម្នាក់​ ហើយ​ត្រូវ​ឪពុក​ម្ដាយ​រំអុក​ខ្លាំង​ពេក ទើប​សម្រេច​ចិត្ត​ប្រើ​សេវាកម្ម​ស្វែង​រក​មិត្ត​ស្រី។ ក្រោម​ការ​រៀបចំ​របស់​សេវា​ខាង​លើ ​បុរស​រូប​នេះ​ត្រូវ​បាន​គេ​គួប​ផ្សំ​ជាមួយ​នារី​អាយុ ២៥​ឆ្នាំ​មួយ​រូប។

កន្លែង​ដែល​ណាត់​គ្នា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​មួយ ហើយ​មុន​ជួប​គ្នា ខាង​ប្រុស​ក៏​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​នឹង​ជា​អ្នក​ចេញ​លុយ។ តែ​គ្រាន់​តែ​ខាង​ស្រី​បង្ហាញ​មុខ​ភ្លាម ខាង​ប្រុស​ស្លេក​មុខ​ពឹម។ ហើយ​ស្លេក​មុខ​នេះ​មិន​មែន​មក​ពី​ខាង​ស្រី​អាក្រក់ ឬ​ស្អាត​ខ្លាំង​ពេក​នោះ​ទេ គឺ​មក​ពី​ខាង​ស្រី​នាំ​មនុស្ស​មក​ដល់​ទៅ ២៣​នាក់។

“នាង​បាន​ប្រាប់​ខ្ញុំ​ថា គ្រួសារ​របស់​នាង​ចង់​មក​វាយ​តម្លៃ​គូ​ស្រករ​អនាគត​របស់​នាង ទើប​នាំ​មក​ច្រើន​ដូច​នេះ” បុរស​ខាង​លើ​ឲ្យ​ដឹង។​ ដោយ​សារ​តែ​មក​គ្នា​ច្រើន​ពេក ហាង​ខាង​លើ​ត្រូវ​តតុ​ដល់​ទៅ ៤​ទើប​ដាក់​អស់។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខាង​ប្រុស​បះសក់​ជាង​គេ​នោះ​គឺ នៅ​ពេល​ទូទាត់​លុយ សរុប​ទាំង​អស់​គឺ​ដល់​ ២ម៉ឺន​យាន់ (៣​ពាន់​ដុល្លារ)។ នៅ​ពេល​ទទួល​បាន​វិកយបត្រ លោក​បាន​សម្រេច​ចិត្ត​ចេញ​តែ​ថ្លៃ​របស់​ខ្លួន ចំណែក​ខាង​ស្រី ​និង​អ្នក​ផ្សេង​ត្រូវ​គិត​ដោយ​ខ្លួន​ឯង។ នៅ​ពេល​នេះ​សមាជិក​គ្រួសារ​ខាង​ស្រី​បាន​លោត​ស្រែក​ឆោ​ឡោ ព្រោះ​គិត​ថា​ត្រូវ​គេ​បោក​ប្រាស់។ នៅ​ចុង​បញ្ចប់​ ភាគី​ខាង​ស្រី​សុខ​ចិត្ត​ចំណាយ ១៥០០០យាន់ (២២០០ដុល្លារ) ហើយ​នៅ​សល់​ប៉ុន្មាន ខាង​ប្រុស​អ្នក​ចេញ។ ហេតុការណ៍​ខាង​លើ ក្រោយ​ពេល​បង្ហោះ​លើ​បណ្ដាញស​ង្គម បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ថា ខាង​ស្រី​អាច​ធ្វើ​បែប​នេះ​ទៅ​រួច៕

ប្រភព៖ Kenh14 ប្រែសម្រួល៖caramel

អត្ថបទពេញនិយម