៨ចំណុចពីមិត្តភក្កិបែបតុកសិក បើអ្នកកំពុងជួប គួរតែរកផ្លូវបញ្ចប់ឲ្យហើយ

  • 2020-11-24 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ភាព ​​ពេល​ខ្លះ​ប្រៀប​ដូច​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ចូល​ក្នុង​ជីវិត ​តែ​បើ​អ្នក​បាន​ជួប​តុក​សិក​មិត្ត​ភក្កិ​ប្រភេទ​​ទាំង​៧​នេះ​វិញ ​អ្នក​គួរ​តែ​បញ្ចប់​ភាព​ជា​មិត្ត​ភក្កិ​នេះ​ទៅ​។

១. ​មើល​ងាយ​អ្នក

​នៅ​ពេល​ដែល​អ្នក​​កំពុង​សប្បាយ​ចិត្ត​នឹង​រឿង​ជោគ​ជ័យ​អ្វី​មួយ ​​​ពួក​គេ​បែរ​ជា​មិន​សរសើរ​អ្នក ​ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​យល់​ថា​ខ្លួន​ឯង​ជា​មនុស្ស​ល្ងង់​ទៅ​វិញ។ ​​មិត្ត​ភក្កិ​របៀប​នេះ ​មិន​ដែល​រីក​រាយ​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ ​នៅ​ពេល​ឃើញ​អ្នក​ទទួល​លទ្ធផល​ល្អ​ទេ ​តែ​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​យល់​ថា​ខ្លួន​ឯង​គ្មាន​បាន​ការ​សម្រាប់​ពួក​គេ​ទៅ​វិញ។

២. និយាយ​តែ​ពី​រឿង​ខ្លួន​ឯង

​ពួក​គេ​មិន​ដែល​ចង់​ស្តាប់​នូវ​អ្វី​ដែល​អ្នក​ចង់​ចែក​រំលែក ​តែ​ផ្ទុយ​ទៅ​វិញ ​ពួក​គេ​បែរ​ជា​លើក​រឿង​​តែ​របស់​ខ្លួន​ឯង​មក​និយាយ​ ប្រៀប​ដូច​​ជា​រឿង​ពិសេស​នឹក​ស្មាន​មិន​ដល់។ ​នៅ​​ពេល​​ដល់​វេន​អ្នក​និយាយ​ម្តង ​គេ​បែរ​ជា​​បង្ហាញ​ថា ​ជា​រឿង​រំខាន ​និង​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​វិញ។ ​ម្តង​ៗ ​អ្នក​មាន​អារម្មណ៍​ថា​ចង់​ឆ្កួត​ចិត្ត ដោយ​សារ​​​គេ​​មិន​ស្តាប់​រឿង​របស់​អ្នក​។

៣. បំ​ពាន​ព្រំ​ដែន

​គេ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត ​មិន​ផ្តល់​សូម្បី​​ទំ​នុក​ចិត្ត និង​ថែម​ទាំង​និយាយ​ពាក្យ​ឈឺ​ចាប់​ដល់​អ្នក ​បើ​ទោះ​អ្នក​ធ្លាប់​ប្រាប់​គេ​ពី​រឿង​ទាំង​នោះ​មក​ពី​មុន​ក៏​ដោយ។ ​ទន្ទឹម​នឹង​នេះ ​អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​មនុស្ស​សាង​កំហុស ​ពេល​ណា​ដែល​ឈ្លោះ​ឬ​ខឹង​គ្នា​ម្តង​ៗ ​។

៤. ​មិន​ចេះ​រក្សា​អាថ៍កំបាំង

អ្នក​ខំ​ទុក​ចិត្ត​គេ​ ហើយ​ប្រាប់​រឿង​ក្នុង​ចិត្ត​ដល់​គេ ​តែ​បែរ​ជា​ស្អែក​ឡើង ​យក​រឿង​​ទាំង​នោះ ទៅ​និយាយ​​ខ្ទរខ្ទាយ​ពេញ​ក្រុម​មិត្ត​ភក្កិ​ រហូត​នរណា​ៗ​ក៏​គេ​ដឹង​គ្រប់​គ្នា​ទៅ​វិញ។ ​

៥. ​មិន​ដែល​សុំ​ទោស

ពួក​គេ​មិន​ដែល​សុំ​ទោស បើ​ទោះ​គេ​ខ្លួន​ឯង​ដឹង​ច្បាស់​ថា ​រឿង​ទាំង​នោះ​គេ​ខុស​ក៏​ដោយ។ ​ហើយ​គេ​ក៏​មិន​ដែល​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ ​ហើយ​បើ​​និយាយ​ពាក្យ​​​សុំ​ទោស​​វិញ ក៏​​បែប​លក្ខណៈ​ថា​អ្នក​ជា​មនុស្ស​ពូ​កែ​ត្រួត​ត្រា ពូកែ​ចាប់​កំហុស​ទៅ​វិញ។

៦. ​មិន​ដែល​​បង្ហាញ​ស្រមោល ​ពេល​អ្នក​ជួប​បញ្ហា

ពេល​គេ​ជួប​បញ្ហា ​​អ្នក​តែង​បង្ហាញ​ខ្លួន​ជា​និច្ច ​តែ​ដល់​អ្នក​ជួប​ទុក្ខ​វិញ ​​កុំ​ថា​ឡើយ​ស្រមោល​គេ​ក៏​មិន​ឃើញ​ផង។ ​គេ​ចាត់​ទុក​បញ្ហា​របស់​អ្នក​ដូច​សំរាម​នៅ​ក្រោម​គ្រែ ​ដោយ​គ្មាន​ចេះ​សួរ​នាំ ​ឬ​នៅ​​ក្បែរ​ផ្តល់​កម្លាំង​ចិត្ត​សូម្បី​បន្តិច។ ​

៧. ​ក្រោយ​ដើរ​លេង​ជាមួយ​គ្នា ​អ្នក​តែង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត

​អ្នក​តែង​យល់​ថា ​ខ្លួន​ឯង​ពិបាក​ចូល​ចំណោម​ពួក​គេ ​បើ​ទោះ​អ្នក​ព្យាយាម​សម្រប​ខ្លាំង​ក៏​ដោយ។ ​ពេល​ដើរ​លេង គួរ​តែ​សប្បាយ​ចិត្ត ​តែ​​ពេល​មក​ផ្ទះ​វិញ ​អ្នក​​បែរ​ជា​យល់​ថា ខ្លួន​ឯង​មិន​ល្អ​គ្រប់​គ្រាន់​។

៨. ​អ្នក​តែង​សួរ​ខ្លួន​ឯង​ថា ​តើ​រវាង​អ្នក​និង​គេ​ពិត​ជា​មិត្ត​ភក្កិ​ជិត​ស្និទ្ធ​​នឹង​គ្នា​មែន​អី​?

ជា​ញឹក​ញាប់ ​អ្នក​​ត្រូវ​សួរ​ខ្លួន​ឯង​ជា​រឿយ​ៗ ​ថា​ហេតុ​អ្វី​អ្នក​គឺ​ជា​មិត្ត​នឹង​គេ? ហើយ​ពេល​គិត​ដល់​ចំណុច​នេះ ​អ្នក​តែង​​មាន​អារម្មណ៍​អត់​សប្បាយ​ចិត្ត ​និង​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង។

គ្រប់​យ៉ាង ​បើ​អ្នក​តែង​តែ​ជា​អ្នក​ដោះ​ស្រាយ ​ចេញ​មុខ​តែ​ឯក​ឯង ​ច្រើន​តែ​ផ្តល់​ឲ្យ​គេ ​តែ​មិន​ដែល​ទទួល​បាន​អ្វី​ត្រលប់​មក​វិញ​ទេ ​គួរ​តែ​បញ្ចប់​ទំនាក់​ទំនង​មិត្ត​ភាព​បែប​តុ​ក​សិក​បែប​នេះ​ចោល​ទៅ៕

ប្រភព៖ girlstyle ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម