ទស្សនិកជន​ស្រងាក​ចិត្ត​ព្រោះ​តួឯក​ប្រុស​រឿង Yanxi Palace ស្រវឹង​ដួលដាប​នឹង​ដី

  • 2020-11-23 07:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ផឹក​ស្រា​ដល់​ថ្នាក់​ដើរ​ដេក​ដួល​របស់​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Xukai បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អស់​សង្ឃឹម​នឹង​រូប​លោក​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ២១​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា នៅ​អធ្រាត្រ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា គេ​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Xukai ស្រវឹង​ស្រា​ ដើរ​ចេញ​ពី​ហាង​មួយ​កន្លែង។ តាម​នោះ​ដែរ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​បញ្ចប់​ការ​សម្ដែង​នៅ​យប់​ជ្រៅ​ ប្រុស​ស្អាត​២៦​ឆ្នាំ នៅ​តែ​បបួល​មិត្តភ័ក្ដិ​ផឹក​ដល់​អធ្រាត្រ ទើប​ត្រលប់​ទៅ​សណ្ឋាគារ​សម្រាក​វិញ។

អ្នក​កាសែត ដែល​ផ្ដិត​បាន​រូប​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា តួ​ឯក​រឿង Yanxi Palace ស្រវឹង​ដល់​ថ្នាក់​ដើរ​បណ្ដើរ ដួល​បណ្ដើរ ហើយ​ត្រូវ​ការ​អ្នក​អម​ ទើប​ដើរ​រួច។ កម្រង​រូប​ភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ក៏ដូច​ជា​ទស្សនិកជន​អស់​សង្ឃឹម​នឹង​តារា​នេះ​ជា​ខ្លាំង ត្បិត​ទោះ​បី​ជា​ទើប​តែ​មាន​កេរ្តិ៍ឈ្មោះ​ក៏​ពិត​មែន តែ​លោក​បាន​ហ៊ាន​ផឹកស៊ីនៅ​កន្លែង​ថត​រឿង រហូត​ដល់​ថ្នាក់​ដាប​បែប​នេះ មិន​ចេះ​រក្សា​រូប​ភាព​ខ្លួន​ឯង។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី ១​ឡើយ​ដែល​គេ​ប្រទះ​ឃើញ​ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩៤​ផឹក​រហូត​ដល់​ដើរ​លែង​រួច​បែប​នេះ ដោយ​ដើម​ខែ​តុលា​​មុន​នេះ លោក​ក៏​បាន​ប្រជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ផឹក​ស៊ី​បែប​នេះ​ដែរ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម