រឿងរ៉ាវចាំបាច់ដែលមនុស្សស្រីគួរដឹង មុននឹងគ្រងឈុតរៀបការដ៏ស្រស់ស្អាតនៅក្នុងជីវិត

  • 2020-11-23 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រៀប​អាពាហ៍ពិពាហ៍ មិន​មែន​ជា​រឿង​ដែល​អ្នក​ត្រូវ​សម្រេច​ចិត្ត​ត្រឹម​រយៈពេល​មួយ​យប់ ២-៣ ថ្ងៃ ឬ​សម្រេច​ចិត្ត​ពេល​ដែល​សប្បាយ​រីករាយ​​​មួយ​គ្រា​នោះ​ឡើយ។ មាន​រឿងរ៉ាវ​ជា​ច្រើន ដែល​ត្រូវ​យក​មក​​ត្រិះរិះ​ពិចារណា​ច្បាស់​លាស់ ស្ទាបស្ទង់​​ចិត្ត​គំនិត​ ដឹង​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​​គ្នា​ទៅ​វិញ​ទៅ​មក មុន​នឹង​ចាប់​ផ្តើម​បន្ត​ទៅ​កម្រិត​មួយ​ទៀត​ដែល​ហៅ​ថា "ជីវិត​គូ”។

​​ឈុត​រៀប​ការ​ដ៏​ប្រណិត​ ដែល​នារី​គ្រប់​រូប​ប្រាថ្នា​ចង់​គ្រង​ក្នុង​ថ្ងៃ​ពិសេស ​អាច​កែប្រែ​អ្នក​​ទៅ​ជា​ព្រះ​នាង​ក្នុង​រយៈពេល​មួយ​ថ្ងៃ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ អ្នក​ក៏​ត្រូវ​ដឹង​ពី​ការ​ពិត​នៃ​ជីវិត​ ដើម្បី​រក្សា​សុភមង្គល​បាន​ជាប់​លាប់​​គង់​វង្ស​យូរ​អង្វែង។

មុន​នឹង​គ្រង​ឈុត​រៀប​ការ កូន​ស្រី​ត្រូវ​ចាំ​ថា ភាព​ផ្អែម​ល្ហែម​មិន​មែន​អា​ច​នៅ​ឋិតថេរ​​​ដូច​ជា​គ្រា​ដំបូង​ឡើយ។ ការ​រំពឹង​ទុក​ខ្ពស់​ពេក ការ​ស្រមើស្រមៃ​​​ប្រដូច​ទៅ​នឹង​​ភាព​រ៉ូមែនទិក​​ក្នុង​រឿង​ភាគ នឹង​ធ្វើ​ឲ្យ​អ្នក​ខក​បំណង​ ព្រោះ​នៅ​ក្នុង​ជីវិត​ពិត គូ​ស្នេហ៍​រមែង​តែងតែ​ មាន​ការ​ខ្វែង​គំនិត មាន​ជម្លោះ ប៉ះទង្គិច​ដូច​ចាន​ក្នុង​រាវ។ ក្រៅ​ពី​ភាព​​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​ធ្លាប់​​នឹក​គិត​កន្លង​មក គួរ​ចេះ​ត្រៀម​ខ្លួន​ឲ្យ​បាន​​ល្អ​ មាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​សម្រាប់​តតាំង​​យក​ឈ្នះ​រាល់​​​បញ្ហា​ផ្សេងៗ។

​​​​​មុន​នឹង​គ្រង​ឈុត​រៀប​ការ កូន​ស្រី​កុំ​រំពឹង​ចាំ​ឲ្យ​បុរស​​មក​បំពេញ​ចំណុច​ខ្វះខាត​គ្រប់​​បែប​យ៉ាង។ សំខាន់​បំផុត​ត្រូវ​​​ពង្រឹង​សមត្ថភាព​អាច​ពឹង​ពាក់​​លើ​ខ្លួន​ឯង មិន​មែន​ក្នុង​ន័យ​​​អាត្មា​និយម​ ឬ​​​មិន​គោរព​ឲ្យ​តម្លៃ​​​ដៃគូ​​នោះ​ទេ ប៉ុន្តែ​វា​​បង្ហាញ​​ពី​ភាព​រឹង​មាំ ដែល​មនុស្ស​ស្រី​អាច​​យល់​និង​មើល​ថែរក្សា​ខ្លួន​ឯង​បាន ក្នុង​កាលៈទេសៈ​​ដែល​គ្មាន​វត្តមាន​របស់​ដៃគូ​នៅ​ក្បែរ​។

​មុន​នឹង​គ្រង​ឈុត​រៀប​ការ កូន​ស្រី​ត្រូវ​​​​ចេះ​​ស្វែង​យល់​ពី​​ក្រុម​គ្រួសារ​របស់​ដៃ​គូ​ឲ្យ​បាន​ល្អ។ ការ​បង្ហាញ​ពី​​ក្តី​​បារម្ភ​យក​ចិត្ត​ទុក​ដាក់ ការ​​ចេះ​សម្រប​ខ្លួន​បត់​បែន​ ទៅ​​តាម​ទំនៀមទម្លាប់​ខុសៗ​គ្នា​​នៃ​គ្រួសារ​និមួយយៗ នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​កាន់​តែ​រឹងមាំ ទំនុក​ចិត្ត​ចំពោះ​គ្នា​ក៏​កាន់​តែ​ស៊ីជម្រៅ។

​​មុន​នឹង​គ្រង​ឈុត​រៀប​ការ កូន​ស្រី​ត្រូវ​​​​​ចាំ​ថា​ អាពាហ៍ពិពាហ៍​មិន​មែន​ជា​ចំណុច​ដែល​ត្រូវ​បញ្ចប់​ក្តី​ស្រមៃ​របស់​ខ្លួន​ឡើយ។ ត្រូវ​បន្ត​ឲ្យ​ដល់​គោលដៅ​ដែល​​បាន​កំណត់​ទុក និង​សុំ​កម្លាំង​​ចិត្ត​បន្ថែម​​ពី​ដៃ​គូ​ទើប​ប្រសើរ។

មុន​នឹង​គ្រង​ឈុត​រៀប​ការ កូន​ស្រី​ត្រូវ​​​​​​ចេះ​ទាំង​ការងារ​ក្រៅ​ផ្ទះ​​និង​ការងារ​ក្នុង​ផ្ទះ ដូចជា​​គ្រប់គ្រង​លុយ​កាក់​ឲ្យ​បាន​សមគួរ ទុក​ដាក់​ប្រៀន​ប្រដៅ​កូន​ចៅ​ឲ្យ​បាន​ល្អ ទើប​អាច​បង្កើត​ភាព​រុង​រឿង​នៅ​ក្នុង​គ្រួសារ៕ ​

ចុចអានបន្ត៖ អាថ៌កំបាំង ៥ ធ្វើឲ្យនារីមិនមែនជាមនុស្សគួរឲ្យធុញទ្រាន់ ក្នុងក្រសែភ្នែកបុរស

អត្ថបទ៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម