អ្នក​ស្រែក​ថា​ចង់​ស្គម ល្មម​គិត​គូរ​លើ​រឿង​ទាំង​នេះ​មុន​ចូល​គេង ទើប​អាច​ស្រក​បាន​មែន

  • 2020-11-20 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទើរ​តែ​គ្រប់​គ្នា​ដែល​ទទួល​ស្គាល់​ថា ការ​ហាត់​ប្រាណ និង​តម​អាហារ​នឹង​ធ្វើ​ឱ្យ​អ្នក​ស្រក​គីឡូ​យ៉ាង​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​ការ​ពិត នារី​សម័យ​ថ្មី​នេះ​អាច​​ស្រក​គីឡូ​តាម​រយៈ​ពេល​គេង​ដែល​ងាយ​ស្រួល​ទទួល​បាន​រាង​ស្អាត ដោយ​មិន​បាច់​ពិបាក​តម​អាហារ​ជ្រុល​ពេក ឬ​លេង​កីឡា​ក៏​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លីៗ​ដែល​ស្រីៗ​យើង​គួរ​ធ្វើ​ជា​​ប្រចាំ​មុន​ចូល​គេង ហើយ​ធានា​ថា​ការ​បាន​រាង​ស្លីម​ស្អាត​នឹង​លែង​ជា​ការ​លំបាក​ទៀត​ហើយ។

ញ៉ាំ​អាហារ​ពេល​យប់​តិច​តួច

យោង​តាម​ការ​សិក្សារបស់​សាកលវិទ្យាល័យ Pennsylvania របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា អ្នក​ដែល​ចង់​ស្រក​ទម្ងន់​គួរ​តែ​ជៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ពេក​នៅ​ពេល​ល្ងាច។ ហេតុ​ផល​គឺ​ថា ​ក្នុង​ពេល​កំពុង​គេង​ រាងកាយ​យើង​ត្រូវ​ផលិត​អរម៉ូន​សម្រាប់​ការ​លូតលាស់ ហើយ​បើ​ញ៉ាំ​អាហារ​យប់​ពេក អរម៉ូន​នេះ​នឹង​ចូល​ទៅ​ដុត​បំផ្លាញ​អាហារ​អស់ ហើយ​ទុក​តែ​ជាតិ​ខ្លាញ់​ ជំនួស​ថាមពល​ប៉ុណ្ណោះ។

ជៀសវាង​ការ​ផឹក​ជាតិ​អាល់កុល

វេជ្ជបណ្ឌិត Paolo M. Suter និង​ Angelo Tremblay បាន​ឱ្យ​ដំបូន្មាន​ថា ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​មុន​ចូល​គេង​នឹង​បណ្ដាល​រាងកាយ​ត្រូវ​ផ្ដោត​តែ​លើ​ការ​បម្លែង​ជាតិ​អាល់កុល​ទាំង​នោះ។ វា​នឹង​ធ្វើ​ឱ្យ​រាងកាយ​យើង​មិន​អាច​សម្រាក​បាន ហើយ​សមត្ថភាព​នៃ​ការ​ដុត​បំផ្លាញ​​​កាឡូរីដែល​លើស​ក៏​ត្រូវ​មាន​កំណត់​ដែរ។ លោក​បាន​ណែនាំ​ទៀត​ថា បើ​ត្រឹម​តែ​ជិប​ស្រា​ក្រហម​​មួយ​កែវ​តូច​គឺ​អត់​បញ្ហា​អី​ទេ តែ​គួរ​ផឹក​វា​ ហោច​ណាស់​៣​ម៉ោង​មុន​ពេល​គេង​ទើប​ល្អ។

កុំ​ហាត់​ប្រាណ​មុន​ចូល​គេង

ទស្សនាវដ្ដី​ Sleep​ បាន​អះអាង​ថា ការ​ធ្វើ​លំហាត់​ប្រាណ​មុន​ពេល​ចូល​គេង នឹង​ធ្វើ​ឱ្យ​រាងកាយ​ស្វាង ​គេង​លែង​លក់ ព្រោះ​តែ​រាងកាយ​បាន​ធ្វើ​ចលនា​ ហើយ​សរីរាង្គ​ខាង​ក្នុង​ក៏​ធ្វើ​ចលនា​ដូច​គ្នា។ ពេលវេលា​ដ៏​ល្អ​សម្រាប់​ការ​ហាត់​ប្រាណ​គឺ​នៅ​ពេល​ព្រឹក ដើម្បី​ឱ្យ​ស្វាង អារម្មណ៍​ស្រស់​ថ្លា ប៉ុន្តែ​ក៏​មាន​ហេតុផល​ខ្លះ​ដែល​អ្នក​អាច​ហាត់​ប្រាណ​នៅ​ពេល​យប់ គឺ​អាច​ថា​មុន​ចូល​គេង​៤ម៉ោង។ ​​

ចុចអាន៖ ហាត់​ប្រាណ​រាល់​ព្រឹក អាហារ​ក៏​តម តែ​ទម្ងន់​នៅ​ឡើង​មិន​ឈប់ នោះ​ក៏​ព្រោះ​កំហុស​ឆ្គង​ ៣ យ៉ាង

គួរ​គេង​ក្នុង​បន្ទប់​ដែល​ងងឹត​ឈឹង

សារព័ត៌មាន​ផ្នែក​ស្រាវជ្រាវ​ឈ្មោះ​ថា Pineal បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់គ្នា​គេង​ក្នុង​បន្ទប់​ដែល​ងងឹត ​មិន​មាន​ពន្លឺ​រំខាន ព្រោះ​វា​នឹង​ជួយ​ឱ្យ​រាងកាយ​យើង​បាន​ផ្ចង់អារម្មណ៍ និង​សម្រាក​បាន​គ្រប់គ្រាន់​ដើម្បី​បង្កើន​ការ​ផលិត​អរម៉ូន​ដែល​សម្រួល​ដល់​ការ​គេង។ ជាមួយ​គ្នា​នេះ​ដែរ អរម៉ូន​មួយ​នេះ​នឹង​ជួយ​រាងកាយ​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី​ដែល​លើស​បាន​យ៉ាង​ល្អ​ប្រសើរ។

គេង​ស្រាត

វា​អាច​ជា​រឿង​ចម្លែក ឬ​គួរ​ឱ្យ​អស់​សំណើច ដែល​ត្រូវ​មក​ធ្វើ​តាម​ការ​ណែនាំ​មួយ​នេះ។ ប៉ុន្តែ​អ្នក​មិន​ដឹង​ទេ​ថា ការ​គេង​ស្រាត​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ស្បែក​​ អាច​ការពារ​ពី​ការ​រលាក​ស្បែក​បាន​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ផង​ដែរ។ ការ​គេង​ដោយ​គ្មាន​សម្លៀកបំពាក់​នឹង​ធ្វើ​ឱ្យ​រាងកាយ​ត្រជាក់​សាច់ ហើយ​ការ​ដែល​សាច់​ត្រជាក់​បែប​នេះ​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​បាន​ល្អ និង​អាច​ផលិត​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​រាងកាយ​បាន​ផង​ដែរ។

កុំ​ប្រើ​ទូរសព្ទឬ​គ្រឿង​អេឡិចត្រូនិច​មុន​ពេល​គេង

ចំណុច​នេះ​ប្រហែល​មាន​អ្នក​ដឹង​ច្រើន​មក​ហើយ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Harvard​ បាន​សន្និដ្ឋាន​ថា ពន្លឺ​ពណ៌​បៃតង​ ឬ​ខៀវ​ដែល​ចេញ​ពី​អេក្រង់​ទូរសព្ទ​នឹង​ទៅ​បង្អាក់​សមត្ថភាព​​ផលិត​អរម៉ូន​ដែល​ជំនួយ​ដល់​ការ​គេង។ ចំណែក​ការ​សិក្សា​មួយ​ទៀត​របស់​ប្រទេស​សិង្ហបុរី​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​មើល​ទូរទស្សន៍​មុន​ចូល​គេង​ក៏​នឹង​ចូល​ទៅ​កាត់​បន្ថយ​សមត្ថភាព​បំបែក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​ដែរ។

ផឹក​ភេសជ្ជៈ​ប្រភេទ​ប្រូតេអ៊ីន​ក្រឡុក​មុន​ចូល​គេង

អ្នក​ជំនាញ​ផ្នែក​សុខភាព​នៅ​វិទ្យាស្ថាន​ជីវជាតិ​សាស្ត្រ នៃ​​សាកលវិទ្យាល័យ​រដ្ឋ​ Florida បាន​អះអាង​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​ប្រូតេអ៊ីន​ក្រឡុក​ចំណុះ​ ៣០ក្រាម​មុន​ពេល​គេង នឹង​ជួយ​ដល់​ការ​បង្កើត​ថាមពល​ដុត​បំផ្លាញ​កាឡូរី​ក្នុង​ពេល​រាងកាយ​កំពុង​សម្រាក។ ជាមួយ​គ្នា​នេះ​ដែរ ​ប្រូតេអ៊ីន​ក៏​ជំនួយ​ដល់​សាច់​ដុំ​ផង​ដែរ ហើយ​កាល​ណា​សាច់​ដុំ​មាន​សុខភាព​ល្អ ការ​ដុត​ជាតិ​ខ្លាញ់​ក៏​ដើរ​បាន​ល្អ ហើយ​រាងកាយ​ក៏​មិន​ធាត់​ទៀត​ដែរ។ ​

ប្រភព៖ Boldsky | Livestrong ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម