បើអ្នកកំពុងតែធ្វើរឿងទាំងនេះ ១០ ឆ្នាំទៅមុខនឹងស្តាយក្រោយជារៀងរហូត

  • 2020-11-19 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឈាន​ចូល​ដល់​មួយ​ឆ្នាំៗ ពេល​វេលា​ហាក់​បី​ដូច​ជា​ដើរ​លឿន​ហួស​ស្មាន។ ​ពេល​ខ្លះ​អាច​​នាំ​ឲ្យ​អ្នក​ពុំ​បាន​​ធ្វើ​រឿង​ដែល​សំខាន់​ចាំ​​បាច់​ ឬ​បណ្តោយ​ឲ្យ​ឱកាស​​មាន​តម្លៃ​កន្លង​ផុត​ទៅ​ទទេ​ៗ​។ ខាង​ក្រោម​នេះ គឺ​ជា​សារ​​សម្រាប់​រំលឹក​ខ្លួន​ឯង ដើម្បី​ជៀសវាង​នូវ​​ទង្វើ​មិន​គប្បី​មួយ​ចំនួន និង​ការពារ​​កុំ​ឲ្យ​ស្តាយ​ក្រោយ​កែប្រែ​អ្វី​មិន​កើត នៅ​ពេល​ ១០​ឆ្នាំ​ខាង​មុខ​ទៀត។

១. មាន​ចំណង​​ស្នេហា​ជាមួយ​មនុស្ស​ដែល​ខ្វះ​ការ​លើក​ទឹក​ចិត្ត

អ្នក​ខ្លះ​ខ្លាច​ភាព​ឯកា រហូត​​ដល់​ជ្រើសរើស​​ស្នេហា​​មួយ​ខុស​ទំនង​និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត​។ ប៉ុន្តែ​បើ​ងាក​ទៅ​​មើល​ពី​លទ្ធផល​​​​នា​ពេល​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត ទើប​ពួក​គេ​ភ្ញាក់​ខ្លួន​ថា​ រស់​នៅ​ជាមួយ​មនុស្ស​ប្រភេទ​នេះ​ មាន​តែ​ក្តី​ក្រៀម​ក្រំ​អស់​សង្ឃឹម ឈឺចាប់ ឯកា​ជាង​កាល​ដែល​នៅ​ម្នាក់​ឯង​ទៅ​ទៀត។

២. ចំណាយ​ពេល​តិច​បំផុត​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់

ដោយ​សារ​តែ​ជាប់​​រវល់​ជាមួយ​ភារកិច្ច​រៀង​ៗ​ខ្លួន​ ធ្វើ​ឲ្យ​អ្នក​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​​នឹង​មនុស្ស​ជា​ទី​ស្រលាញ់។ ដល់​គ្រា​មួយ ពេល​គាត់​មិន​អាច​​ហូប​អាហារ​បាន​ដូច​មុន​ គ្មាន​កម្លាំង​កំហែង មិន​អាច​និយាយ​ ឬ​មិន​ចាំ​សូម្បី​តែ​ឈ្មោះ​របស់​អ្នក ទោះ​ចង់​ស្តាយ​ក្រោយ​ក៏​ហួស​ពេល​ដែរ។

៣​. ខ្ជះខ្ជាយ​ពេល​ច្រើន​ពេក

មើល​ទូរទស្សន៍ តាម​ដាន​តែ​ព័ត៌មាន​តារា សកម្ម​ជាមួយ​បណ្តាញ​សង្គម​​ខ្លាំង​ពេក​ លេង​ហ្គេម​​ងើប​មុខ​មិន​រួច ទង្វើ​ទាំង​​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេល​វេលា​ដោយ​មិន​ដឹង​ខ្លួន។ ទាន់​ខ្លួន​នៅ​ក្មេង​ គួរ​ចំណាយ​ពេល​ធ្វើ​រឿង​ណា​ដែល​​​មាន​ប្រយោជន៍ ទើប​​អាច​ទទួល​បាន​ផ្លែផ្កា​​ទៅ​ថ្ងៃ​មុខ និង​ជួយ​ឲ្យ​ជីវិត​រីកចម្រើន​រុង​រឿង​បាន​។

៤. មិន​គិត​ពី​សុខភាព​ទាល់​តែ​សោះ

ទម្លាប់​អាក្រក់​ប្រចាំ​ថ្ងៃ ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​​ខ្វល់​ខ្វាយ​ទាល់​តែ​សោះ​នោះ វា​​​​មិន​អាច​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ទេ សម្រាប់​ពេល​បច្ចុប្បន្ន ប៉ុន្តែ​​​នា​ពេល​អនាគត ប្រសិន​បើ​អ្នក​​ឧស្សាហ៍​ឈឺថ្កាត់ ចូល​ពេទ្យ​ញឹក​ជាង​គេ​ជាង​ឯង កុំ​ឆ្ងល់​ថា​មក​ពី​ហេតុអ្វី​ គឺ​​ព្រោះ​តែ​អ្នក​​មិន​បាន​ស្រលាញ់​សុខភាព​ពី​មុន​មក​។

៥. មិន​សូវ​បាន​ដើរ​លេង​

ធ្វើ​ការ​រក​ស៊ី​ហត់ គួរ​ជូន​កាដូ​ឲ្យ​ខ្លួន​ឯង ដោយ​ការ​ចេញ​ទៅ​ដើរ​លេង​លំហែ​អារម្មណ៍​ខ្លះ។ បើ​ចេះ​តែ​ចាំ​នេះ​ចាំ​នោះ ចាំ​មាន​លុយ​ច្រើន​សិន​ចាំ​ដើរ​លេង អ្នក​អាច​នឹង​ខក​ខាន​ជា​រៀង​រហូត​ក៏​ថា​បាន។

៦. ធ្វើ​ការ​ហួស​ព្រំដែន

ភាគ​ច្រើន មាន​មនុស្ស​ដែល​ងប់ងុល​ជាមួយ​ការងារ​ហួស​ព្រំ​ដែន។ ពូក​គេ​មិន​ត្រឹម​តែ​ ភ្លេច​ខ្វល់​ពី​ខ្លួន​ឯង​នោះ​ទេ​ ថែម​ទាំង​​មិន​បាន​ឲ្យ​តម្លៃ​ថែរក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ទៀត​ផង។ យូរ​ៗ​ទៅ​​គ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេ ព្រោះ​​អ្នក​បាន​ទុក​ពួក​គេ​ចោល​មុន។

៧. មិន​ចង់​រៀន​អ្វី​ថ្មីៗ

មាន​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា ត្រឹម​បរិញ្ញាបត្រ​មួយ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ យ៉ាង​ណា​ក៏​ដោយ ចេះ​ច្រើន​មិន​ខាត​អី​​ទេ មាន​តែ​​អាច​ទទួល​បាន​ឱកាស​​​ល្អ​ៗ​សម្រាប់​ខ្លួន​ឯង បង្កើន​ទំនុក​ចិត្ត​ និង​ក្លាយ​ជា​មនុស្ស​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង។

៨. ធ្វើ​ការ​​ងារ​ដែល​អ្នក​ស្អប់

ថ្ងៃនេះ​អ្នក​អាច​នឹង​គិត​ថា​ការងារ​ដែល​​កំពុង​ធ្វើ​សព្វ​ថ្ងៃ អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​​ស្រួល​ល្មម​ ប៉ុន្តែ​ខ្វះ​ភាព​បាន​ក្លាហាន​​មិន​ហ៊ាន​សាកល្បង​​រក​​ការងារ​ថ្មី​ ដែល​ជា​ក្តី​ស្រមៃ​ពិត​ប្រាកដ។ កាលណា​គ្មាន​ការ​ផ្លាស់ប្តូរ​ទេ អ្នក​នឹង​រស់​នៅ​​វិលវល់​ជាមួយ​នឹង​ការងារ​ធ្វើ​ដោយ​បង្ខំ​ចិត្ត។

៩. ស្រមៃ​​ធំ​តែ​ធ្វើ​តិច

បើ​ដេក​តែ​ស្រមៃ​ធំ​ ហើយ​ធ្វើ​តិច​តួច​បំផុត​ មិន​ព្រម​បោះ​​ជំហាន​ទៅ​​មុខ​នោះ​ ចាំ​ដល់​ស្លាប់​ក៏​មិន​អាច​សម្រេច​កិច្ចការ​អ្វី​ជា​ដុំ​កំភួន​ទេ។ នេះ​គេ​ហៅ​ថា មនុស្ស​បាន​តែ​និយាយ សម្តី​ធំជាង​មាឌ។ រស់នៅ​ក្នុង​ពិភព​ស្រមៃ​មិន​ព្រម​អនុវត្ត ថ្ងៃ​មុខ​ដេក​​ចាំ​តែ​ស្តាយ​ក្រោយ​ខក​ចិត្ត៕​

ចុចអានបន្ត៖ ក្រោយ​បរាជ័យ ស្រី​ៗ​គួរ​ក្រោកឈរឡើង​វិញតាម​​វិធី​ទាំង​ ៩ នេះ

ប្រភព៖ Brightside ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម