ខ្លោច​ចិត្ត​បុគ្គលិក​រត់​តុប្រាក់​ខែ ១៨០ដុល្លារ ត្រូវ​ចេញ​សង​២៥០​ដុល្លារ ព្រោះ​ភ្ញៀវ​រត់​មិន​ឲ្យ​លុយ

  • 2020-10-27 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​ខាង​លើ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន ដោយ​មនុស្ស​ភាគ​ច្រើន​កាន់​​ជើង​បុគ្គលិក​រត់​តុ ព្រោះ​នាង​មិន​មាន​កំហុស​នៅ​ក្នុង​រឿង​នេះ​ឡើយ។

នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​វៀតណាម​បាន​នាំ​គ្នា​ចែក​រំលែក​វីដេអូ​ឃ្លី​ប​មួយ ដែល​ដើម​ទង​នៃ​សាច់​រឿង​គឺ បុគ្គលិក​រត់​តុ​ម្នាក់​ត្រូវ​បាន​ថៅ​កែ​តម្រូវ​ឲ្យ​ចេញ​សង​ថ្លៃ​ម្ហូប​មួយ​តុ​ព្រោះ​ភ្ញៀវ​ញ៉ាំ​ហើយ រត់​គេច​មិន​ចេញ​លុយ។ តាម​នោះ​ដែរ នារី​ខាង​លើ គឺ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​ប៊ូហ្វេ​មួយ​កន្លែង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ នៅ​យប់​ថ្ងៃ​ដដែរ មាន​ភ្ញៀវ​ប្រមាណ ១០​នាក់​អង្គុយ​នៅ​តុ​មួយ ក្រោយ​ពេល​លើក​ម្ហូប​ឡើង​អស់ នាង​ក៏​ទៅ​បម្រើ​ការ​នៅ​តុ​ផ្សេង ដោយ​មិន​ចាប់​អារម្មណ៍​នឹង​តុ​នេះ​ឡើយ។ យ៉ាងណាក្ដី ដោយ​សារ​តែ​រវល់​ពេក មិន​បាន​ចាប់​អារម្មណ៍ នាង​ក៏​មិនដឹង​ឡើយ​ថា ភ្ញៀវ​ទាំង​នេះ​រត់​គេច​មិន​ទាន់​ឲ្យ​លុយ​តាំង​ពី​ពេល​ណា​នោះ​ដែរ។ ដល់​ពេលត្រូវ​ប្រធាន​ហាង​ចោទ​សួរ ទើប​នាង​ស្រឡាំងកាំង។

មិន​ទាន់​បាន​បកស្រាយ​អ្វី​ផង ប្រធាន​ហាង​តម្រូវ​ឲ្យ​នារី​រត់​តុ​ដែល​មាន​ប្រាក់​ខែ ១៨០ដុល្លារ​នេះ ចេញ​សង​ថ្លៃ​អាហារ​ទាំង​អស់ ដែល​មាន​តម្លៃ​ដល់​ទៅ ២៥០​ដុល្លារ ព្រោះ​គេ​លើក​ឡើង​ថា មិន​ទាន់​កាត់​កាមេរ៉ា​សុវត្ថិភាព​បាន។ គ្រាន់​តែ​ឮ​ដូច​នេះ បុគ្គលិក​ស្រី​ខាង​លើ ស្ទើរ​តែ​មិន​ជឿ​នឹង​ត្រចៀក​ខ្លួន​ឯង ត្បិត​ប្រាក់​ខែ ១៨០​ដុល្លារ មាន​លុយ​ឯណា​ចេញ​សង​ច្រើន​ដល់​ថ្នាក់​នេះ។

អ្នក​ធ្វើ​ការ​ជាមួយ​នាង​ទាំង​អស់​បាន​រួបរួម​គ្នា ប្រមូល​បាន ជិត​៥០​ដុល្លារ ដើម្បី​ជួយ​ចេញ​នាង តែ​នាង​ក៏​នៅ​តែ​គ្មាន​សមត្ថភាព​ចេញ​សង​លុយ​ខាង​លើ​ឡើយ។ ក្រោយ​ពេល​វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ មនុស្ស​ជាច្រើន​បាន​លើក​ឡើង​ថា បុគ្គលិក​រូប​នេះ​មិន​ត្រូវ​ចេញ​លុយ​សង​ទេ ព្រោះ​នេះ​មិន​មែន​ជា​កំហុស​របស់​នាង​ឡើយ។ ហើយ​ភ្ញៀវ​១០​នាក់​ខាង​លើ ពិត​ជា​អន់​ខ្លាំង​ណាស់ ព្រោះ​ថា​បើ​មិន​មាន​លុយ​ហើយ ម្ដេច​នៅ​តែ​ប្រឹង​ចូល​ហាង​ថ្លៃ​បែប​នេះ​ធ្វើ​អី៕

ប្រភព៖ songlathe.com ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម