​ផលិតផល ៧មុខដែលគេតែងណែនាំឲ្យប្រើញឹកញាប់ជាងគេ មុនអាយុ៣០ឆ្នាំក្រាស់មកដល់

  • 2020-10-21 08:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​ឈាន​ចូល​ដល់​វ័យ ៣០ + បញ្ហា​ស្បែក​នឹង​លេច​ឡើង​ជា​លំដាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កាន់​តែ​ស្មុគ​ស្មាញ​ដោះ​ស្រាយ។ ​ដូច្នេះ ​ដើម្បី​រក្សា​ស្បែក​ឲ្យ​នៅ​តែ​សុខភាព​ល្អ​ទាំង​វ័យ​ក្មេង ​និង​មុន​ចូល​អាយុ​៣០​ឆ្នាំ​ក្រាស់ ​គួរ​ប្រើ​ផលិត​ផល​ទាំង​នេះ​ដើម្បី​ចិញ្ចឹម​ស្បែក​មុខ​ ​។​

១. ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​

ផលិត​ផល​មួយ​នេះ ​គឺ​មិន​អាច​ខ្វះ​បាន​ទេ មិន​ថា​​អ្នក​អាយុ​ប៉ុន្មាន​​ក៏​ដោយ ព្រោះ​ស្បែក​​របស់​អ្នក​តែង​រង​កម្តៅ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​។ ​សូម្បី​តែ​នៅ​ក្នុង​ផ្ទះ ក៏​កាំ​រស្មី​​អាច​ឆ្លង​​ចូល​បាន​ដែរ។ ពន្លឺ​ព្រះ​អាទិត្យ​នឹង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​កាន់​តែ​ចាស់ ​ស្រអាប់ ​ជាំ​ខ្មៅ ​រោល​ក្រហម និង​ស្នាម​​អុជ​ៗ​ផង​ដែរ។ ចំពោះ​ប្រភេទ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ដែល​គួរ​ប្រើ ​​ត្រូវ​មាន​ធាតុ​ផ្សំ​សង្ក័សី​អុក​ស៊ីត ឬ​ទី​តានៀម​ឌី​អុក​ស៊ីត ​ព្រោះ​​វា​អាច​ការពារ​​ពី​ពន្លឺ​ព្រះ​អាទិត្យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ធម្មតា ដែល​មាន​ត្រឹម​តែ SPF។

២. ​សេរ៉ូម​វីតាមីន C

​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផលិត​ផល​ថែរក្សា​សម្រស់​ដែល​គួរ​ប្រើ​មុន​អាយុ​៣០​ + ​ដើម្បី​ជួយ​ជុស​ជុល​​ស្បែក​ពី​ការ​បំ​ផ្លាញ​របស់​ពន្លឺ​ព្រះ​អាទិត្យ។ ​ម្យ៉ាង​ទៀត ​​វា​មាន​សារធាតុ​ផ្សំ​​ពី​អង់​ទី​អុក​ស៊ី​​ដង់ ​ក្នុង​ការ​​រំ​ញោច​និង​ផលិត​ខូ​ឡា​ជែន ដើម្បី​កាត់​បន្ថយ​បញ្ហា​ស្បែក​​យារ​ធ្លាក់ ​​និង​ចាស់​មុន​អាយុ​ថែម​ទៀត។ ​លើស​ពី​នេះ ​វា​ជួយ​ឲ្យ​ស្បែក​ស​ស្មើ​គ្នា ​កាត់​បន្ថយ​ស្នាម​​សន្លាក​ដោយសារ​មុន ព្រម​ទាំង​ជួយ​​បំបាត់​ស្នាម​ជ្រួញ​​ថែម​ទៀត។

៣. រ៉េទីនុល

ផលិត​ផល​ថែរក្សា​សម្ពស្ស​ដែល​ផ្ទុក រ៉េទីនុល ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ផលិត​ផល​ប្រយុទ្ធប្រឆាំង​ភាព​ចាស់​មុន​អាយុ​បាន​យ៉ាង​ប្រសើរ​បំ​ផុត។ ​ប្រសិន​បើ អ្នក​ចង់​ឲ្យ​រ៉េទីនុល កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​អ្នក​គួរ​ប្រើ​វា​ឲ្យ​បាន​មុន​អាយុ ៣០ + ​ហើយ​ត្រូវ​ប្រញាប់​ប្រើ​វា​មុន​ពេល​ស្នាម​ជ្រួញ ​ព្រោះ​បើ​​លេច​ស្នាម​ជ្រួញ​ហើយ ​ច្បាស់​ជា​ពិបាក​ព្យាបាល​ជា​មិន​ខាន។

៤. ​​ប្រើ​ផលិត​ផល​​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល

ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ឡេ​ចិញ្ចឹម​ថែរក្សា​ស្បែក ​ចំណុច​ពិសេស​មួយ​គឺ​កុំ​ភ្លេច​ប្រើ​ផលិត​ផល​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល។ ​វា​នឹង​ជួយ​ជួ​ស​ជុល​ស្បែក​ឲ្យ​​មើល​ទៅ​ស្មើ​គ្នា​ត្រលប់​មក​វិញ ហើយ​អាច​ជម្រុះ​ចោល​ស្នាម​ជ្រួញ ​ឬ​ស្នាម​សន្លាក​​ប​ន្សល់​ពី​កើត​មុន​បាន ​នៅ​ពេល​កោសិកា​ស្បែក​ចាស់​ៗ​ត្រូវ​បាន​ជម្រុះ​ចោល នោះ​ស្បែក​យើង​នឹង​មើល​ទៅ​ទន់​ហើយ​រលោង។ ​ម្យ៉ាង​ទៀត​ ​នៅ​ពេល​អ្នក​លាប​ឡេ​លើ​ស្បែក ​វា​នឹង​ជ្រាប​ចូល​បាន​ជ្រៅ​យ៉ាង​ល្អ​។

៥. ហ្វូម​លាង​មុខ​មាន​ជាតិ​កាត់​ស្រាល

​បើ​សិន​ជា​អ្នក​បាន​ប្រើ​ផលិត​ផល​ស្រ្កាប់ ឬ ​រ៉េទីនុល ​នោះ​អ្នក​គួរ​​ជ្រើស​យក​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​កាត់​ស្រាល​ៗ​ដើម្បី​លាង​​មុខ ​ព្រោះ​វា​នឹង​ជួយ​​ការពារ​ស្បែក​​ក្នុង​លក្ខ​ខណ្ឌ​ល្អ ​មិន​ងាយ​ឲ្យ​ស្បែក​រង​ការ​រោល​ក្រហាយ​កាន់​តែ​ខ្លាំង​។

៦. ផលិត​ផល​មាន​ជាតិ​អាស៊ីត Hyaluronic

​​​​បញ្ហា​ចម្បង​ដែល​​មើល​ទៅ​ឆាប់​ចាស់ ​គឺ​មក​ពី​ស្បែក​ស្ងួត ​គ្មាន​ជាតិ​ទឹក។ ​ដូច្នេះ ​អ្នក​គួរ​បន្ថែម​ជាតិ​សំណើម​ដល់​ស្បែក ​ហើយ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ស្បែក​ស្ងួត​រយៈ​ពេល​យូរ​ឡើយ។ ​ហេតុនេះ ​ផលិត​ផល​ដែល​ផ្ទុក​​អាស៊ីត Hyaluronic ​នឹង​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក ​មើល​ទៅ​ស្មើ​គ្នា និង​មិន​ងាយ​លេច​ស្នាម​ជ្រួញ និង​ចាស់​មុន​អាយុ​នោះ​ទេ។

៧. ឡេ​លាប​ជុំ​វិញ​ភ្នែក

​ដោយសារ​តែ​ស្បែក​នៅ​ជុំ​វិញ​បរិវេណ​ភ្នែក ​មាន​សភាព​ស្តើង​ខ្លាំង ​ហើយ​វា​ក៏​ជា​សញ្ញា​ដំបូង​​បង្ហាញ​​ពី​ការ​ឈាន​ចូល​ដ​ល់​វ័យ​ច្រើន ​។ ដូច្នេះ​បើ​មិន​ចង់​​ឲ្យ​មាន​ស្នាម​ជ្រួញ​កើត​ឡើង​ងាយ​ៗ​ទេ ​អ្នក​គួរ​តែ​ចិញ្ចឹម​ស្បែក​នៅ​ជុំ​វិញ​ភ្នែក ​ដោយ​មិន​ត្រូវ​កង្វះ​ឡេ​ឡាប​ជុំ​វិញ​ភ្នែក​ឡើយ។ ត្រូវ​តែ​រក្សា​ស្បែក​នៅ​ជុំ​វិញ​ឲ្យ​មាន​សំណើម​ជា​និច្ច ​ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រួញ​ឲ្យ​​មាន​ប្រសិទ្ធភាព៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម