នារីម្នាក់ចែករំលែកវិធីតទល់ជំងឺ ក្រោយកើតមហារីកសុដន់ដំណាក់កាលទី២ទាំងវ័យក្មេង

  • 2020-10-16 04:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ស្រី Annie Lee ​អាយុ​៣៦​ឆ្នាំ ​រស់​នៅ​ហុង​កុង ​​បាន​ប្រយុទ្ធ​នឹង​ជំ​ងឺ​មហារីក​សុដន់​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ។ ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥ ​នាង​ចាប់​អារម្មណ៍​ថា​មាន​ដុំ​ពក​នៅ​លើ​​សុដន់ ​ខណៈ​ពេល​ដែល​នាង​កំពុង​ងូត​ទឹក។ ​ភ្លាម​ៗ​នោះ ​Lee ​ក៏​សម្រេច​ចិត្ត​ទៅ​មន្ទី​រ​ពេទ្យ ហើយ​រក​ឃើញ​ឃើញ​ថា ​នាង​​មាន​ជំ​ងឺ​មហារីក​សុដន់​ដំណាក់​​កាល​ទី​២។

នៅ​ពេល​នោះ ​Lee ​ទើប​តែ​មាន​អាយុ​ ៣១ ​ឆ្នាំ​ប៉ុណ្ណោះ ​ហើយ​ប្រវត្តិ​គ្រួសារ​របស់​នាង​ក៏​​គ្មាន​នរណា​កើត​ជំ​ងឺ​នេះ​ដែរ។ ​នាង​មាន​​អារម្មណ៍​ថា​ត្រជាក់​ចុង​ដៃ​ជើង នៅ​ពេល​ស្តាប់​លឺ​លទ្ធផល​បែប​នេះ ​ព្រោះ​នាង​គិត​ថា​ខ្លួន​នៅ​ក្មេង​នៅ​ឡើយ ​ហេតុ​អ្វី​ឆាប់​មាន​ជំ​ងឺ​នេះ​ម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ ​បើ​ក្រឡេក​មើល​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់ Lee ​វិញ ​នាង​​ជា​មនុស្ស​វក់​វី​នឹង​ការងារ ដោយ​ផ្តើម​ពី​ម៉ោង ៨​​ព្រឹក ​រហូត​ដល់​១១​យប់។ ​នាង​មិន​ដែល​ហាត់​ប្រាណ​ទេ ​ហើយ​ចូល​ចិត្ត​ញ៉ាំ​សូកូឡា ​ Fast food ​ដូច​ជា​ជា​ប៊ឺ​ហ្គឺ ​ឬ​ដំឡូង​ចៀន​ជា​ដើម។

​លោក​វេជ្ជ​បណ្ឌិត Yvonne Tsang Yess Yan ​អ្នក​ជំនាញ​ផ្នែក​​វះ​កាត់​ទូ​ទៅ​​នៅ​ហុង​កុង​​​និយាយ​ថា ករណី​ដំណពូជ​វា​អាច​កើត​ឡើង​ប្រមាណ​តែ ១០ -​១៥ % ​ប៉ុណ្ណោះ ​តែ​ការ​ស្រ្តេស ​ជក់​បារី និង​មិន​សូវ​ធ្វើ​លំហាត់​ប្រាណ ​គឺ​ងាយ​នឹង​ក្លាយ​ជា​កត្តា​រួម​ផ្សំ​បំ​ផុត។

អស់​រយៈ​ពេល​៩​ខែ ​អ្នក​ស្រី​ Lee ​បាន​​ទទួល​យក​ការ​ព្យាបាល​ដោយ​​ប្រើ​គីមី ​វះ​កាត់​និង​បែប​ទ្រឹ​ស្តី​វិទ្យុ​សកម្ម។ ​ដើម្បី​ប្រយុទ្ធ​នឹង​ជំ​ងឺ​កាច​សាហាវ​នេះ Lee ​ចំណាយ​ពេល​ដើរ​ហាត់​ប្រាណ ​ហាត់​​កីឡា Pilates ​និង​​រៀន​រាំ​ថែម​ទៀត ​។ ​នាង​​លែង​វក់​វី​នឹង​ការងារ​ហួស​ហេតុ ដោយ​ពេល​នេះ​នាង​យល់​ពី​តម្លៃ​នៃ​ការ​ចេះ​បែង​ចែក​អ្វី​ដែល​​​ជា​ចំណុច​ស្នូរ​នៃ​សុខភាព ​និង​​តុល្យភាព​ការងារ​ក្នុង​ជីវិត​ហើយ។ ទី​បំ​ផុត​សំណាង​ល្អ ​នាង​បាន​​ធូរ​ស្បើយ ​និង​រស់​នៅ​បាន​ដល់​​​​ដល់​សព្វ​ថ្ងៃ​​នេះ ។

​លោក​វេជ្ជ​បណ្ឌិត Tsang ​ពន្យល់​ថា ​​នារី​គ្រប់​វ័យ​ទាំង​អស់ ​គួរ​ត្រួត​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​​ខែ ​ពិសេស​ក្រោយ​មក​រដូវ​រួច។ ​​បើ​ឃើញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម ​មិន​ត្រូវ​ស្ទាក់​ស្ទើរ​នឹង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ​ទេ៖

​-ដុំ​ពក ឬ​សាច់​រឹង​ក្រាស់​នៅ​ក្នុង​សុដន់

​-ស្បែក​ចាប់​ផ្តើម​ប្រែ​ប្រួល ​ដូច​ជា​​ ​​ជ្រួញ ​កន្ទួល

-មាន​អាការៈ​មិន​ស្រួល ​ឬ​ឈឺ​ចាប់​នៅ​លើ​សុ​ដន់ ​ឬ​ក្រោម​ក្លៀក

-សុដន់​មាន​ការ​ប្រែ​ប្រួល​ទំ​ហំ ឬ​រូប​រាង

​-​លេច​ស្នាម​កន្ទួល​លើ​ក្បាល​ដោះ ឬ​​ក្បាល​ដោះ​មាន​ការ​ប្រែ​ប្រួល​រូប​រាង ឬ​មាន​ទឹក​​ចម្លែក​ខុស​ធម្មតា​ហូរ​ចេញ​ពី​ក្បាល​ដោះ៕

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម