ត្រចៀកកាំ​វ័ណ្ឌក​ព្រោះ​ចាញ់​ក្ដី ១០២​បណ្ដឹង សង​ជំងឺ​ចិត្ត​ជាង ១២​លាន​ដុល្លារ

  • 2020-10-13 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei ត្រូវ​ចាញ់​ក្ដី​ជា​ច្រើន​រឿង ក្រោយ​ពេល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា កេងប្រវ័ណ្ឌ​លើ​ទីផ្សារ​ភាគ​ហ៊ុន។

បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​​ថា ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Zhao Wei ត្រូវ​ប្រឈម​មុខ​ជាមួយ​ការ​ប្ដឹង​ផ្ដល់​តូច​ធំ​សរុប​ដល់​ទៅជាង ៥០០​រឿង។ នៅ​ក្នុង​ចំណោម​នោះ នាង​បាន​ចាញ់​ក្ដី​ចំនួន ១០២ រឿង​ពី​បទ​បោក​ប្រាស់ និង​ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​ទៅ ១២​លាន​ដុល្លារ។ ក្រៅ​ពី​នេះ តួ​ឯក​រឿង ព្រះ​នាង​យេយេ ​ត្រូវ​ចេញ​សង​ថ្លៃ​ប្ដឹង​ផ្ដល់​នៃ​រឿង​ក្ដី​ដែល​នាង​ចាញ់​ទាំង​អស់។

យ៉ាងណាក្ដី ស្រី​ស្អាត ៤៤​ឆ្នាំ មិន​យល់​ព្រម​នឹង​ការ​កាត់​ក្ដី​នេះ​ឡើយ នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា តែ​​មិន​បាន​សម្រេច ដោយ​នាង​មិនមាន​ភ័ស្តុតាង​អ្វី​មក​បញ្ជាក់​បន្ថែម​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា​​អ្នក​ត្រូវ​ឡើយ។

កត្តា​នេះ​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ម្ដាយ​កូន​១​កាន់​តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែម​ទៀត។ កាល​ពី​ឆ្នាំ ២០១៧ មន្ទីរ​ទីផ្សារ​ភាគហ៊ុន​ក្រុង​សៀងហៃ ក៏​ធ្លាប់​ពិន័យ​សិល្បការិនី​ម្ដង​រួច​ទៅ​ហើយ ដោយ​សារ​តែ​នាង​​បន្លំ​ភាគ​ហ៊ុន ធ្វើ​ឲ្យ​ទីផ្សារ​នេះ​ត្រូវ​ជ្រួល​ច្របល់៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម