ដំណោះស្រាយទាន់ចិត្ត! មុខនៅតែស្រស់ មិនចាស់ ទោះចូលគេងយូរក្រោកយឺតក៏ដោយ

  • 2020-10-12 04:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផល​ប៉ះ​ពាល់​ពី​ការ​គេង​មិន​លក់ ​ធ្វើ​ឲ្យ​សម្រស់​ធ្លាក់​ចុះ​​យ៉ាង​ខ្លាំង។ ​អ្នក​ខ្លះ ​ចូល​គេ​ង​នៅ​ពាក់​កណ្តាល​អធ្រាត្រ ​ហើយ​ក្រោក​ឡើង​យឺត ​​ព្រោះ​រវល់​​បង្ហើយ​ការងារ ​ឬ​​គេង​មិន​លក់​ជា​ដើម។ ​យ៉ាង​នេះ​ក្តី ​កញ្ញា ​សូម​​ណែ​នាំ​គន្លឹះ​ខ្លះ​ៗ​ជួយ​កែ​ខៃ​សម្រស់​​​ឲ្យ​ប្រសើរ​បាន​ ទោះ​ជា​អ្នក​គេង​មិន​គ្រប់​ក៏​ដោយ។ តែ​គន្លឹះ​នេះ ​អ្នក​មិន​អាច​អនុវត្ត​ទៀង​ទាត់​បាន​នោះ​ទេ គឺ​ប្រើ​បាន​តែ​ក្នុង​ករណី​​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ​​​ដូច្នេះ ​អ្នក​​គួរ​ងាក​មក​គេង​ឲ្យ​បាន​គ្រប់​ៗ​ម៉ោង​វិញ​​ល្អ​ជាង ​ទើប​សម្រស់​អ្នក​ស្អាត ​និង​មុខ​ពេញ​ល្អ​។

១. ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន

​កង្វះ​ការ​សម្រាក ​បណ្តាល​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក​យ៉ាង​ច្រើន ព្រោះ​សរីរាង្គ​ក្នុង​រាង​កាយ​មិន​​បាន​សម្រាក​គ្រប់​គ្រាន់។ ​ដូច្នេះ​ហើយ ​ស្បែក​មិន​មាន​លទ្ធភាព​​រក្សា​ជាតិ​សំណើម ជា​ហេតុ​ធ្វើ​ឲ្យ​​មុខ​ស្ងូត ​ខ្មៅ​ស្រអាប់ ​​​និង​​ងាយ​​លេច​ស្នាម​ជ្រួញ​ទៀត​ផង។ ​​ទាំង​នេះ​​​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់ ​ដូច្នេះ​អ្នក​ត្រូវ​ទូទាត់​សង​ដោយ​ការ​បំពេញ​ជាតិ​ទឹក​ដល់​ស្បែក ​ដោយ​ផឹក​ឲ្យ​បាន​ច្រើន​ជាង​ពី​មុន ​ដើម្បី​​ទឹក​អាច​ជ្រាប​ចូល​ដល់​ស្បែក​និង​កោសិកា​ផ្សេង​ៗ​ទៀត​តាម​មុខ​ងារ​របស់​វា។

២. ​កុំ​លុប​មុខ​​ជាមួយ​ទឹក​ក្តៅ​ឧណ្ឌៗ

ក្រោយ​ក្រោក​ពី​គេង ​អ្នក​គួរ​លាង​សម្អាត​ផ្ទៃ​មុខ​ជាមួយ​ទឹក​ត្រជាក់ ​ប្រសើរ​ជាង​ទឹក​ក្តៅ។ វា​មិន​ត្រឹម​តែ​ជួយ​រំញោច​រាង​កាយ​អ្នក​នោះ​ទេ ​ថែម​ទាំង​មាន​ផល​ល្អ​ដល់​ស្បែក​ថែម​ទៀត ​ព្រោះ​ទឹក​ត្រជាក់​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ ​កាត់​បន្ថយ​​មុខ​ហើម ​និង​​ជួយ​រឹត​បន្តិ​ង​រន្ធ​ញើស​បាន​​ផង​ដែរ។ លុប​មុខ​ជាមួយ​ទឹក​ត្រជាក់ ជួយ​ស្បែក​ឲ្យ​មើល​ទៅ​ភ្លឺ​ថ្លា ​តឹង​​ណែន ​មិន​ហើម​ដូច​ប្រើ​ទឹក​ក្តៅ​​ឧណ្ឌ​ៗ​ឡើយ។ ​នេះ​​ដោយសារ​សីតុណ្ហភាព​ទឹក​ក្តៅ​បាន​ផាត់​ចោល​នូវ​​ជាតិ​សំណើម​លើ​ស្បែក ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​ស្ងួត ​និង​អស់​កម្លាំង។

៣. ​ផ្លាស់​ប្តូរ​វិធី​តុប​តែង​មុខ

មុន​ពេល​ផាត់​មុខ ​អ្នក​គួរ​បិទ​ម៉ាស​ប្រហែល ១០ -​១៥ ​​នាទី​សិន ​ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម ​ឬ​ក៏​លាប​គ្រីម​​ផ្តល់​សំណើម​ក៏​បាន​ដើម្បី​ជួយ​បិទ​បាំង​​ផ្ទៃ​មុខ​​ធម្មជាតិ​ដែល​​មិន​ស្រស់​​ថ្លា ​ដោយសារ​ការ​គេង​មិន​គ្រប់​។ ​

៤. បាញ់ Spray ​លើ​មុខ

​លទ្ធផល​នៃ​ការ​គេង​មិន​គ្រប់​នឹង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ស្ងួ​ត ​និង​ឆាប់​ចាស់ ម្ល៉ោះ​ហើយ​អ្នក​គួរ​ស្វែក​រក​វិធី​ដោយ​ប្រើ​ស្រ្ពាយ​ដប​តូច​មួយ​ដាក់​តាម​ខ្លួន ​ក្នុង​ករណី​បន្ទាន់​​នៅ​ពេល​ដែល​អ្នក​ចង់​ផាត់​មុខ​បន្ថែម​តិច​តួច​​ជា​ដើម។ ​ព្រោះ​ស្បែក​ដែល​ស្ងួត​ពេក ​​នៅ​ពេល​ថែម​ម្សៅ ឬ​គ្រឿង​សម្អាង​ច្រើន​លើ​មុខ ​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​កាន់​តែ​មើល​ទៅ​មិន​ស្អាត។ ​ក្រៅ​ពី​នេះ​មុន​ចូល​គេង ​ត្រូវ​ជូត​គ្រឿង​សម្អាង​ចេញ ​ជាមួយ​ក្រដាស​​ទន់​ៗ ​​ដែល​ជួយ​ឲ្យ​ស្បែក​អាច​ដក​ដង្ហើម​បាន​ស្រួល ​នៅ​ពេល​គេង​ផង​ដែរ៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម