៥ វិធីងាយៗជួយអ្នកចៀសវាងពីការបាត់ស្មារតីអំឡុងពេលធ្វើការ

  • 2020-09-25 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងជួបប្រទះនឹងការអស់ថាមពលអំឡុងពេលធ្វើការ។ ស្ថានភាពនេះអាចកើតឡើងដោយសារច្រើនកត្តាដូចជាសម្ពាធការងារ និងបរិយាកាសកន្លែងការងារ។ មានកន្លែងការងារមួយចំនួនការគ្រប់គ្រងរបស់ចៅហ្វាយមានលក្ខណៈមិនឲ្យតម្លៃលើបុគ្គលិក មិនចេះកោតសរសើរបុគ្គលិក និងចំាតែយកផលប្រយោជន៍ពីបុគ្គលិកជាដើម។ កត្តាអស់ទំាងនេះអាចធ្វើឲ្យបុគ្គលិកនោះអស់កម្លំាងកាយ និងចិត្តបំពេញការងាររហូតដល់គ្មានស្មារតីក្នុងការសម្រេចគោលដៅ។ ថ្ងៃនេះ អ្នកទំាងអស់គ្នាមកដឹងវិធី ៥ យ៉ាងងាយៗ និងអាចជួយកាត់បន្ថយការបាត់ស្មារតីពេលធ្វើការរួមមាន៖

១. ការគេង

ការគេងបានគ្រប់គ្រាន់ពិតជាសំខាន់ណាស់សម្រាប់ផ្តល់ពេលវេលាដល់ខួរក្បាលបានសម្រាក។ ប្រសិនបើអ្នកជួបប្រទះនឹងការគេងមិនលក់ អ្នកអាចប្រឈមមុខនឹងការអស់ថាមពលពីរាងកាយអ្នក។ លើសពីនេះ ការគេងមិនបានគ្រប់គ្រាន់វាអាចបណ្តាលឲ្យអ្នកមានការពិបាកក្នុងការសម្រេចចិត្តថែមទៀតផង។ ហេតុដូចនេះហើយ អ្នកគប្បីគេងឲ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃដើម្បីឲ្យល្អទំាងផ្លូវកាយនិងផ្លូវចិត្ត។

២. ការធ្វើលំហាត់ប្រាណ

ដូចដែលអ្នកបានដឹងរួចមកហើយថា ការធ្វើលំហាត់ប្រាណគឺវាល្អទំាងផ្លូវកាយនិងផ្លូវចិត្ត។ នោះក៏ព្រោះតែវាជួយកាត់បន្ថយភាពតានតឹង បង្កើនការចងចំា និងជួយបង្កើនផលិតភាពការងារទៀតផង។ ដូច្នោះ ការធ្វើលំហាត់ប្រាណនៅព្រឹកព្រលឹមគឺល្អប្រសិនបើអ្នកចង់ឲ្យមានទម្លាប់ល្អពេលព្រឹក។

៣. ការសើចសប្បាយ

អ្នកប្រហែលជាមិនដឹងទេថា ការសើចអាចជួយកាត់បន្ថយភាពតានតឹងបាននោះ។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា វាមានផលល្អសម្រាប់រយៈពេលខ្លីនិងវែងដែលវាជួយឲ្យប្រព័ន្ធប្រសាទប្រយុទ្ធប្រឆំាងនឹងភាពតានតឹងក៏ដូចជាជំងឺផ្សេងៗទៀត។ ដូច្នោះ អ្នកគួរតែចេះបង្កើតបរិយាកាសឲ្យសប្បាយរីករាយនិងព្យាយាមនិយាយលេងឲ្យបានច្រើនជាមួយក្រុមការងារ។

៤. ការចូលរួមសកម្មភាពសង្គម

ក្រៅពីម៉ោងធ្វើការ អ្នកគប្បីចំណាយពេលចូលរួមក្នុងសកម្មភាពសង្គមដូចជាការធ្វើការស្ម័គ្រចិត្ត ការចែករំលែកបទពិសោធន៍ ការជួបជុំមិត្តៗដើម្បីចែករំលែកបទពិសោធន៍ជាដើម។ ជាក់ស្តែងដូចជា ចុងសប្តាហ៍អ្នកអាចដើរកម្សាន្ត ដើរផ្សារ ញុំាអាហារជាមួយគ្រួសារជាដើម។

៥. ការចេះបដិសេធ

មិនថាការងារអ្នកជាប្រភេទការងារអ្វីនោះទេ ការចេះនិយាយថាទេ ឬ បដិសេធនោះជារឿងមួយដែលអ្នកត្រូវដឹង។ នោះក៏ព្រោះតែអ្នកត្រូវធ្វើយ៉ាងណាឲ្យការងារមានតុល្យភាពដូចជាត្រូវសម្រេចការងារណាមុន ឬ ក្រោយ។ លើសពីនេះ អ្នកក៏ត្រូវបដិសេធការងារមួយចំនួនដែលអ្នកអស់លទ្ធភាពធ្វើដោយមិនត្រូវបង្ខំខ្លួនឯងពេកទេ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ខ្សែនៅលើបាតដៃរបស់អ្នកជួយប្រាប់អ្នកបានពីរឿងទំនាក់ទំនងស្នេហានៅក្នុងជីវិតរបស់អ្នក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម