មូលហេតុធំៗ ធ្វើឲ្យអ្នកចេះតែឈឺក្បាលមិនឈប់នៅពេលព្រឹក

  • 2020-09-21 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​​មាន​បទ​ពិសោធន៍​ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​មិន​ខាន ​ទាំង​ដែល​​មិន​ទាន់​បាន​ធ្វើ​កិច្ចការអ្វី​មួយ​សោះ។ វា​ធ្វើ​ឲ្យ​អ្ន​ក​មាន​​អារម្មណ៍​មិន​ល្អ ឬ​ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ​ក៏​មាន។ ​នេះ​អាច​បណ្តាល​មក​ពី​កត្តា​​ធំ​ៗ​ទាំង​នេះ៖

១. សម្រាក​មិន​បាន​គ្រប់​គ្រាន់

អ្នក​ប្រហែល​ជា​ដឹង​រួច​ហើយ​ថា ​មនុស្ស​ក្នុង​មួយ​ថ្ងៃ​ត្រូវ​សម្រាក​ឲ្យ​បាន​ ៧ -​៨ ​ម៉ោង។ ​បើសិន​ជា​គេង​មិន​គ្រប់​គ្រាន់​ទេ ​វា​នឹង​បណ្តាល​ឲ្យ​ចង្វាក់​បេះ​ដូង​លោត​ញាប់ ​សម្ពាធ​ឈាម​កើន​ឡើង ដែល​ទាំង​នេះ​នឹង​​នាំ​ឲ្យ​ស្រ្តេស​ហើយ​ជា​លទ្ធផល​នឹង​ធ្វើ​ឲ្យ​ឈឺ​ក្បាល​មិន​ខាន។ ​បើសិន​ជា​អ្នក​ក្រោក​ឡើង​​ហើយ​​មាន​សញ្ញា​​បែប​នេះ ​គួរ​តែ​ចំណាយ​ពេល​សម្រាក​បន្ថែម ២០ -​៣០ នាទី ហើយ​កុំ​ធ្វើការ​ហួស​កម្លាំង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឈឺ​ក្បាល​ថែម​ទៀត​មិន​ខាន។

២. គេង​ច្រើន​ពេក

នេះ​គឺ​ផ្ទុយ​ពី​ចំណុច​ទី​១​បន្តិច។ ​គេង​​ច្រើន​ម៉ោង​ពេក​ ធ្វើ​ឲ្យមាន​ផល​អវិជ្ជមាន​ដល់​រាង​កាយ ​ដែល​វា​ឈាន​ទៅ​ដល់​ការ​​ថយ​ចុះ​នៃ​អរម៉ូន serotonin ​ក្នុង​ខ្លួន។ ​ចរន្ត​ឈាម​តិច​ក្នុង​ខួរ​ក្បាល​នឹង​ធ្វើ​ឲ្យ​ឈឺ​ក្បាល​ផ​ង​ដែរ។

៣. កម្រិត endorphins ​ក្នុង​រាង​កាយ​ទាប

Endorphins ​ក្នុង​រាង​កាយ​អាច​ជួយ​ឲ្យ​​មនុស្ស​មាន​​អារម្មណ៍​រីក​រាយ​និង​ស្រស់​ស្រាយ​បាន។ ​តែ​ចំពោះ​​អ្នក​ខ្លះ​វិញ ​ពួក​គេ​មាន​កម្រិត Endorphins ​ទាប​នៅ​ពេល​ព្រឹក។ ​ហេតុ​នេះ ​​ទើប​ធ្វើ​ឲ្យ​​មាន​អាការៈ​ឈឺ​ក្បាល​ដោយ​គ្មាន​មូល​ហេតុដូច្នេះ។ ​វិធី​ដោះ​ស្រាយ ​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ ​ដើម្បី​រក្សា​រាង​កាយ​ឲ្យ​ដូច​ដើម ​និង​ផលិត Endorphins ​ឡើង​វិញ។

៤. ស្រមុក

សម្រាប់​អ្នក​គេង​ស្រមុក ជា​ទូ​ទៅ​កម្រិត​អុក​ស៊ី​សែន​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​​បាន​តិច​តួច ​ជា​ហេតុ​ធ្វើ​ឲ្យ​​សសៃ​សម្ពាធ​ឈាម​ប៉ោង​​ឡើង។ ​នេះ​ក៏​ជា​មូល​ហេតុ ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឈឺ​ក្បាល​ខ្លាំង​ឡើង​ផង​ដែរ។

៥. កង្វះ​​កាហ្វេ

ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន​នៅ​ពេល​ព្រឹក តែង​ផឹក​កាហ្វេ ហេតុ​នេះ​បើ​ដល់​ពេល​វេលា​​នោះ​គេ​មិន​បាន​ផឹក​ទេ ​ច្រើន​តែ​មាន​អាការៈ​ឈឺ​ក្បាល​។ ​ដូច្នេះ ​ប្រសិន​បើ​អ្នក​មាន​សញ្ញា​បែប​នេះ ​​កាហ្វេ​មួយ​ពែង​ប្រហែល​ជួយ​កាត់​បន្ថយ​បាន។

៦. ​ផ្លូវ​ចិត្ត​រង​សម្ពាធ

​នៅ​ពេល​ផ្លូវ​ចិត្ត​​រង​សម្ពាធ ​​វា​មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​មាន​​អារម្មណ៍​មិន​ស្រណុក​ចិត្ត​​និង​ពិបាក​ចិត្ត​នោះ​ទេ ​តែ​វា​ក៏​ធ្វើ​ឲ្យ​ក្បាល​របស់​អ្នក​ឈឺ​ដែរ។ ​នេះ​ដោយសារ​តែ​កម្រិត​អរម៉ូន serotonin ​ក្នុង​រាង​កាយ​ធ្លាក់​ចុះ។ ​ម្យ៉ាង​ទៀត ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណេក ​​ថែម​ទៀត។ បើសិន​ជា​អ្នក​​មិន​អាច​ដោះ​ស្រាយ​ផ្លូវ​ចិត្ត​ពី​ខាង​ក្នុង​​ទេ នោះ​លទ្ធផល​អាក្រក់​នឹង​រង​ដល់​ខួរ​ក្បាល​​និង​រាង​កាយ​អ្នក​មិន​ខាន។ ​ប្រញាប់​រក​វិធី​ដោះ​ស្រាយ​ឲ្យ​បាន​លឿន ដើម្បី​ព្យាបាល​ខ្លួន​អ្នក​ឲ្យ​បាន​ប្រសើរ​ឡើង។

៧. សម្ពា​ឈាម​ខ្ពស់

​បើ​ជា​ញឹក​ញាប់ ​អ្នក​ឧស្សាហ៍​ឈឺ​ក្បាល​ដោយ​គ្មាន​មូល​ហេតុ​នៅ​ពេល​ព្រឹក នោះ​អាច​មក​ពី​សម្ពាធ​ឈាម​​ឡើង​ខ្ពស់​មិន​ខាន។ ​កញ្ញា ​សុំ​ណែនាំ​អ្នក​ឲ្យ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​​ព្យាបាល​ទើប​​ជា​ប្រការ​ល្អ​៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម