ដំណាក់កាលនៃស្នេហាទាំង ៥ ដែលអ្នកគួរតែដឹង

  • 2020-08-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដែលឆ្ងល់ថាហេតុអី ស្នេហាគេម៉េចក៏ស្រលាញ់គ្នាបានយូរៗម្ល៉េស ហើយខ្លះឃើញស្រលាញ់គ្នាមិនបាន ១ ខែស្រួលបួលផងស្រាប់តែឃើញបណ្ដើរអ្នកថ្មីបាត់។ អ្នកប្រហែលជាមិនដែលនឹងចាប់ភ្លឹកទេ តែតាមពិតទៅការទាក់ទងគ្នារវាងមនុស្សពីរនាក់មានដំណាក់កាលរបស់វា តើអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលមួយណា?

ដំណាក់កាលទី ១៖ ឈ្លក់វង្វេង បាត់មុខមិនបាន

ដំណាក់កាលនេះត្រូវបានគេនិយមស្គាល់ថាជាដំណាក់កាល Honeymoon ជាពិសេសជាដំណាក់កាលដែលមនុស្សភាគច្រើនកំពុងតែទទួលស្គាល់ថាគេកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៏។ បេះដូងអ្នកអាចនឹងលោតញាប់ពេលបាននៅក្បែរគេ ញាប់ញ៏រពេលបានលឺសម្លេងគេ។

ដំណាក់កាលទី ២៖ ស្វែងយល់ពីគ្នា

នេះជាដំណាក់ដែលអ្នកកំពុងតែទាក់ទងគ្នាយ៉ាងពិតប្រាកដ និង ចាប់រៀបចំគម្រោងជីវិតឡើងជាមួយគ្នា។ អារម្មណ៏ដែលធ្លាប់តែរំជើបរំជួលនោះ ក៏ប្រែក្លាយជាអារម្មណ៏មួយបែបផ្សេងទៀតដែលជ្រាលជ្រៅពិបាកនឹងបកស្រាយ។ នេះក៏ជាដំណាក់កាលដែលចរិតពិតចាប់ផ្ដើមនឹងធ្លាយចេញមកបណ្ដើរៗ ហើយក៏ជាពេលដែលអ្នកកំពុងស្វែងយល់ថាតើបន្តទៅមុខជាមួយគ្នាបានរឺអត់។ និយាយអោយខ្លីទៅ គឺជាដំណាក់កាលដែលអ្នកចាប់ផ្ដើមមានអារម្មណ៏ថាអ្នកមិនចាំបាច់ត្រូវតាមយកចិត្ត និង លាក់បាំងចំនុចខ្វះខាតអ្នកទៀត។

ដំណាក់កាលទី ៣៖ មិនពេញចិត្តនឹងភាពមិនច្បាស់លាស់

នេះជាដំណាក់ដែលទំនាស់ចាប់ផ្ដើមកើតមានឡើង អ្នកចាប់ផ្ដើមលួចបារម្ភថាគេជាមនុស្សដែលល្អគ្រប់គ្រាន់សម្រាប់អ្នករឺអត់ ពេលខ្លះអ្នកអាចនឹងមានអារម្មណ៏ថាគេលែងសូវខ្វល់ខ្វាយពីអ្នកដូចមុន ចាប់ផ្ដើមឈ្លោះគ្នាជាប្រចាំទោះមិនមានរឿងអ្វីធំដុំ។ បើសិនជាអ្នកមិនមកនិយាយដោះស្រាយគ្នាទេ អ្នកទាំងពីរនឹងបន្តជួបរឿងបែបនេះដដែលៗមិនចប់ឡើយ គូស្នេហ៏ភាគច្រើនតែងតែចែកផ្លូវគ្នាក្នុងដំណាក់កាលនេះ។

ដំណាក់កាលទី ៤៖ មានភាពច្បាស់លាស់ និង នឹងនរ

មកដល់ដំណាក់កាលនេះ អ្នកទាំងពីរប្រាកដជាបានស្វែងយល់ពីគ្នាបានយ៉ាងច្បាស់ ហើយក៏នៅតែសម្រេចចិត្តចាប់ដៃគ្នាបន្តដំណើរទៅមុខទៀត។ អ្នកទាំងពីរចាប់ផ្ដើមចេះអត់អោនអោយគ្នាមិនប្រកាន់ច្រើននូវរឿងតូចតាចដូចមុន។ ជាពិសេសក្រៅពីគិតចង់អោយគេស្រលាញ់ និង យកចិត្តទុកដាក់ពីអ្នកអោយបានច្រើន អ្នកចាប់ផ្ដើមចេះគិតគូរ និង តបស្នងក្ដីស្រលាញ់ដោយដល់ដៃគូរ អ្នកនឹងចាប់ផ្ដើមជួយជម្រុញ និង លើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅក្នុងជីវិតព្រមគ្នា។

ដំណាក់កាលទី ៥៖ ការប្តេជ្ញាចិត្តក្នុងការបង្កើតគ្រួសារជាមួយគ្នា

នៅក្នុងដំណាក់កាលនេះ អ្នកទាំងពីរបានដឺងកាន់តែច្បាស់ពីគុណតម្លៃ និង គោលដៅជីវិតរៀងខ្លួនដោយមានអ្នកជាដៃគូររាប់បញ្ចូលទៅក្នុងនោះផង។ អ្នកទាំងពីរអាចនឹងបានសម្រេចចិត្តថា គេម្នាក់នោះហើយដែលជាអ្នកដែលអ្នកអាចពឹងពាក់បាន ដើម្បីចាប់ដៃគ្នាដើរទៅមុខ។ បើសិនជាអ្នកដើរមកដល់ដំណាក់កាលនេះហើយនោះ គួរតែព្យាយាមមើលថែរក្សាចំណងមួយនេះអោយបានល្អ ព្រោះមិនងាយទេដែលមនុស្សពីរអាចឆ្លងកាត់រឿងច្រើនមកជាមួយគ្នាហើយមិនបោះបង់គ្នាបែបនេះនោះ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម