ជិតដល់ថ្ងៃឈប់ មកដឹងតិចនិកងាយៗ សម្រាប់អ្នកគ្រោងទៅដើរលេងឲ្យសប្បាយម៉ាអស់ដៃ
- 2020-08-12 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃឈប់ មកដឹងតិចនិកងាយៗ សម្រាប់អ្នកគ្រោងទៅដើរលេងឲ្យសប្បាយម៉ាអស់ដៃ
ពេលមានថ្ងៃឈប់សម្រាកច្រើន អ្នកប្រាកដជាចង់ដើរលេងនៅកន្លែងណាជាមិនខាន។ ពិសេសពេលឃើញគេ Share តំបន់ទេសចរណ៍ ទេសភាពស្អាតៗទៀត កាន់តែអារម្មណ៍នៅមិនសុខ។ ទន្ទឹមនឹងនេះដែរ អំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ និងរក្សាវិធានអនាម័យជានិច្ច ដោយពាក់ម៉ាស និងលាងសម្អាតដៃឲ្យស្អាតពេលពេលចេញក្រៅ ឬមានដំណើរកម្សាន្ត។
ខាងក្រោមនេះជាគន្លឹះខ្លះៗ សម្រាប់អ្នកចង់លំហែរកម្សាន្តឲ្យសប្បាយ និងមានសុវត្ថិភាព៖
១. រៀបចំគម្រោង
មុនពេលចង់ទៅដើរលេងកន្លែងណាមួយឲ្យសប្បាយ យ៉ាងហោចណាស់ក៏អ្នកគួររៀបចំគម្រោងជាមុនសិន ។ អ្វីដែលអ្នកត្រូវគិតដូចជា ទៅពេលណា ជាមួយអ្នកណា ជិះអ្វីទៅ ស្នាក់នៅ និងទៅរយៈពេលប៉ុន្មានថ្ងៃ ជាដើម។ ទាំងនេះ ធ្វើឲ្យអ្នកមានភាពច្បាស់លាស់ និងស្រួលចាត់ចែង មិនរញ៉េរញ៉ៃច្រើន ពេលទៅដល់។
២. គិតថ្លៃចំណាយសរុប
ធ្វើបញ្ជីមួយថាទៅដើរលេងរយៈពេលប៉ុន្មានថ្ងៃហ្នឹង ត្រូវចាយអស់ប៉ុន្មាន ដូចជា ថ្លៃស្នាក់នៅ ចាយវាយលើរបស់ញ៉ាំ និងសំបុត្រចូលទស្សនាផ្សេងៗ ដើម្បីដឹងជាមុន។ ឧទាហរណ៍ដូចជា អ្នកចង់ទៅដើរលេងនៅដាណាង ប្រទេសវៀតណាម ៣ថ្ងៃ៤យប់ ហើយគិតថ្លៃចាយវាយសរុបទៅអស់ ៣៥០ដុល្លារ ដូច្នេះធ្វើឲ្យអ្នកអាចត្រៀមជាមុន។
៣. សន្សំលុយ
បើដាក់ចិត្តដាក់កាយថា ចង់ទៅដើរលេងហើយ សំខាន់ត្រូវចេះសន្សំលុយ។ ត្រូវចេះសន្សំលុយឲ្យបាន ដើម្បីបានទៅដើរលេង ដោយមិនត្រូវចំណាយច្រើនឥតប្រយោជន៍ គឺចាយតែលើរបស់ចាំបាច់ប៉ុណ្ណោះ។ បើអ្នកធ្លាប់ជាមនុស្សចូលចិត្តទិញសម្លៀកបំពាក់ ឬផលិតផលថែរក្សាសម្រស់តាមអនឡាញ គួរ Unlike Page ទាំងនោះចេញបណ្ដោះអាសន្ន ហើយកម្មវិធីជួបជុំមិត្តភក្កិពេលល្ងាចអី បើគេចបាន គេចខ្លះទៅ។
៤. រង់ចាំឱកាស Promotion
ទៅដើរលេងចំពេលគេ Promotion គឺចំណេញបំផុត ព្រោះធ្វើឲ្យអ្នកមិនសូវចំណាយច្រើន។ ភាគច្រើនពេលមានឱកាសបុណ្យទាន ឬថ្ងៃខួបពិសេសរបស់ក្រុមហ៊ុន គេតែងមានបញ្ចុះតម្លៃពិសេសដើម្បីទាក់ទាញអតិថិជន។ ដូច្នេះអ្នកអាចរង់ចាំឱកាសនេះ ដើម្បីទទួលបានសំបុត្រយន្តហោះតម្លៃធូរថ្លៃ សណ្ឋាគារល្អៗ ជាដើម។ បើអ្នកចង់ទៅដើរលេងតាមក្រុមហ៊ុនទេសចរណ៍វិញ ឧស្សាហ៍ចូលមើល page របស់ក្រុមហ៊ុនទាំងនោះ ឬអាចដាក់ See first ក៏ល្អដែរ ដើម្បីពេលមាន Promotion អ្នកបានដឹង មិនខកខាន។
៥. រកចំណូលបន្ថែម
ពឹងលើប្រាក់ខែមួយមុខ ពេលខ្លះអាចពិបាកសល់លុយទុកដើរលេងដែរ។ ម្ល៉ោះហើយ អ្នកអាចរកចំណូលបន្ថែម ដើម្បីឆាប់មានលុយដើរលេងដូចជា លក់ទំនិញតាមអនឡាញ ធ្វើការងារ Part Time ឬ ធ្វើជា Freelance ក៏បានដែរ៕
ចុចអាន៖ តិចនិករៀបវ៉ាលិសមិនឱ្យលើស៧គីឡូក្រាម ដើរលេងបាន១អាទិត្យធ្វើរំភើយ