មេរៀនជីវិតទាំង ១១ យ៉ាងដែលអ្នកអាចរៀនបានពីរឿង It’s Okay not to be Okay

  • 2020-08-12 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងភាគកូរ៉េដ៏ល្បីមួយនេះ ត្រូវបានទទួលការពេញនិយមជាខ្លាំង ដោយមិនត្រឹមតែមានសាច់រឿងគួរអោយជក់ចិត្ត ប៉ុណ្ណោះទេថែមទាំងមានបង្កប់ការអប់រំពីសុខភាពផ្លូវចិត្តដែលមនុស្សមួយចំនួនធំអាចនឹងមើលរំលងកន្លងមក។ នេះជាមេរៀនជីវិតទាំង ១១ ដែលអ្នកអាចរៀនបានពីរឿងនេះ៖

១. ជារឿងធម្មតាទេ ដែលក្នុងជីវិតមានរឿងមិនល្អកើតឡើងមក

មិនខុសអ្វីទៅនឹងចំណងជើងនៃរឿងនេះប៉ុន្មាននោះទេ កើតមកជាមនុស្សមិនថាអ្នកមាន អ្នកក្រតែងមានទុក្ខលំបាកក្នុងជីវិតដោយឡែកពីគ្នា អ្វីដែលសំខាន់នោះត្រូវដឺងខ្លួនថាពេលណាដែលអ្នកត្រូវការជំនួយពីមនុស្សជុំវិញខ្លួន ហើយវាក៏ជាជំហានទីមួយដែរ ដែលជួយអោយអ្នកត្រឡប់មក Okay ដូចមុន។

២. កុំសម្រេចចិត្តដោយមិនបានគិតគួរអោយបានច្បាស់លាស់ជាមុន

ក្នុងរឿងនេះ តួឯកស្រី Mun-yeong មានចរិតឆេវឆាវបន្តិច ព្រមទាំងចូលចិត្តធ្វើអ្វីទៅតាមអារម្មណ៏របស់នាងដែលធ្វើអោយខាតប្រយោជន៏ទាំងរឿងលុយកាក់ និង កេរ្តិ៍ឈ្មោះនាងថែមទៀតផង។ ក្នុងជីវិតយើងជាក់ស្ដែង គួរណាស់កុំអោយអារម្មណ៏មកគ្រប់គ្រង និង បិទបាំងការត្រិះរិះពិចារណាអ្នកអោយសោះ ត្រូវចេះរៀនគ្រប់គ្រងខ្លួនឯងដើម្បីផលប្រយោជន៏ធំទៅថ្ងៃមុខ។

៣. ធ្វើអ្វីក៏ដោយ អោយចេះមានកម្រិត

ខុសស្រឡះពីតួឯកស្រីយើង តួឯកប្រុសវិញមិនចូលចិត្តបង្ហាញអារម្មណ៏ខ្លួនឯងអោយគេឯងដឹងនោះទេ ចូលចិត្តតែទ្រាំលាក់ទុកម្នាក់ឯង។ អ្វីដែលគួរអោយយើងរៀនបានចំនុចនេះគឹ ការដែលធ្វើអ្វីតាមតែកំហឹងនោះមិនល្អទាំងចំពោះអ្នកដទៃ និង ខ្លួនឯងផ្ទាល់ រីឯការដែលចេះតែលាក់ទុកមិនបញ្ចេញអោយគេដឹងពេកក៏មិនល្អដែរ។

៤. កុំមើលមនុស្សតែសម្បកក្រៅ

ត្រូវចាំថាការដែលពឹងពាក់តែលើការវាយតម្លៃរបស់អ្នកតែមួយមុខគឹមិនគ្រប់គ្រាន់ ដើម្បីស្គាល់អោយបានច្បាស់ពីមនុស្សម្នាក់នោះទេ។ រឿងមួយនេះបានបង្ហាញអោយអ្នកតាមដានយល់ថាមនុស្សយើងម្នាក់ជួបប្រទះនឹងរឿងផ្សេងៗគ្នានៅក្នុងជីវិត ដែលបណ្តាលអោយគេក្លាយជាមនុស្សដូចសព្វថ្ងៃនេះ។

៥. មានតែការហ៊ានក្លាហានប្រឈមមុខទេ ទើបអាចជម្នះនួវភាពភ័យខ្លាចដែលអ្នកមានបាន

ការប្រឈមមុខនឹងអ្វីដែលខ្លួនខ្លាចនោះ មិនមែនជារឿងងាយស្រួលនោះទេ សួរតែ Mun-yeong Gang-tae និង Sang-tae ទៅដឹងហើយ។ តែទោះជាយ៉ាងដើម្បីជាសះស្បើយពីរបួសមួយដែលអ្នកមាននោះ មានតែហ៊ានចេញមកទទួលស្គាល់ថាអ្នកមានរបួសទេទើបជំហានបន្តទៅមុខទៀតអាចចាប់ផ្ដើមបាន។

៦. បំពេញជីវិតអ្នកដោយអនុស្សាវរីយ៏ល្អៗ

ធម្មតាទេដែលរឿងមិនល្អតែងដក់ជាប់នៅក្នុងអារម្មណ៏អ្នកជាងរឿងល្អៗ ជាពិសេសយើងតែងមើលរំលងពីចំនុចល្អដែលធ្លាប់មានជាមួយមនុស្សម្នាក់ ពេលដែលមានរឿងល្អក់កករជាមួយគ្នាកើតឡើងមក។ មិនប្រាកដថារឿងដែលអ្នកចងចាំទាំងនោះវាពិតជាក់ស្ដែង ១០០ ភាគរយនោះទេ ជួលការអារម្មណ៏ដែលឆេវឆាវមួយពេលនោះ អាចធ្វើអោយអ្វីដែលអ្នកចាំបានមិនពិតត្រឹមត្រូវក៏ថាបាន។

៧. កុំខ្លាចក្នុងការនិយាយរកហេតុផង ការពារខ្លួនឯង

ជាក់ស្ដែងដូចទៅនឹងសាច់រឿងរបស់ Kwon Gi-do ដែលមានការប៉ះពាល់ខាងផ្នែកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែការមើលងាយ និង មិនអោយតម្លៃពីសំណាក់ក្រុមគ្រួសារគាត់។ តែអ្វីដែលគាត់ធ្វើបានយ៉ាងត្រឹមត្រូវនោះ គឺបង្ហាញអោយគេឯងដឹងថាការធ្វើបែបនោះប៉ះពាល់ដល់គាត់កម្រិតណា។ ត្រូវចាំណា៎មិនត្រូវអត់ទ្រាំ នឹង ការម៉ាក់ងាយពីអ្នកដទៃទេ ត្រូវក្លាហានតតាំងដើម្បីការពារខ្លួន។

៨. កុំខ្លាចក្នុងសុំជំនួយពីអ្នកដទៃ

ដោយសារតែការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសយើងនៅមានកម្រិតនៅឡើយ អ្នកប្រហែលជាមានការស្ទាក់ស្ទើរក្នុងការនិយាយពីបញ្ហាដែលអ្នកមាន។ ទោះបីជាទម្រាំស្វែងរកអ្នកដែលអាចយល់ពីបញ្ហាអ្នកបាននោះមិនមែនជារឿងងាយស្រួល តែកុំទាល់អាលបោះបង់អីណា៎ ការព្យាយាមគង់បានសម្រេច។

៩. ជួញមិត្តប្រសើរជាងជួញសត្រូវ

ដូចអ្វីដែល Sang-tae តែងតែនិយាយប្រាប់ទៅប្អូនប្រុសខ្លួនអញ្ចឹងថា ថើបគ្នាវាគ្រាន់បើជាងវ៉ៃគ្នាដែរ។ នេះមិនបានមានន័យដល់ការដែលអោយអ្នកទៅថើបមនុស្សគ្រប់គ្នាដែលអ្នកស្គាល់នោះទេ ឃ្លាមួយនេះសម្ដៅដល់ការដែលគួររាប់អានមនុស្សជុំវិញខ្លួនប្រសើរជាងមើលគ្នាដោយកែវភ្នែកមិនល្អនោះ។

១០. ពាក្យថាគ្រួសារមិនមែនអាចតែជាអ្នកដែលជាប់សាច់ឈាមជាមួយអ្នកនោះ

គ្រួសារជាអ្នកដែលអ្នកតែងគិតដល់មុនគេពេលដែលជួបបញ្ហា តែពេលខ្លះក្រុមគ្រួសារក៏អាចនឹងជាប្រភពនៃទុក្ខសោក និង ការខ្វល់ខ្វាយរបស់អ្នកផងដែរ។ ថ្វីតែអ្នកមិនអាចជ្រើសរើសបានថានរណាជាសាច់ឈាមបង្កើតរបស់អ្នកបានពិតមែន តែអ្នកអាចជ្រើសរើសមនុស្សមកធ្វើជាក្រុមគ្រូសារអ្នកបាន។ ជាក់ស្ដែងដូចគ្នាទៅនឹងតួអង្គនៅក្នុងរឿងបង្កើតគ្រូសារពួកគេឡើងតាមរយះសេចក្តីស្រឡាញ់ ព្រមទាំងការទទួលយកទាំងភាពអាក្រក់ និង ល្អរបស់ពួកគេរៀងៗខ្លួន។

១១. សេចក្ដីសុខអាចនឹងមិនបានមកដោយងាយ តែក៏មិនត្រូវចុះចាញ់មុនពេលព្យាយាមអោយអស់លទ្ធភាពដែរ

\  មានកត្តាជាច្រើនណាស់នៅក្នុងលោកយើងនេះ ដែលអាចកំណត់នូវសេចក្ដីសុខរបស់មនុស្ស តែបើមិនទាន់តតាំង ទាមទារវាមកនោះទេ អ្នកនៅតែមានសង្ឃឹមជានិច្ច។ អ្នកប្រហែលដឹងយ៉ាងច្បាស់ហើយទម្រាំតែបានសុខកាយសប្បាយចិត្តនោះថាតួឯកប្រុសស្រី ត្រូវហែលឆ្លងអ្វីខ្លះនោះ តែដោយការដែលមិនចុះចាញ់ដោយងាយៗនេះហើយទើបពួកឈានទៅដល់ដំណាក់កាលនេះបាន។

រូបភាព៖​ Netflix

ប្រភព៖ herworld ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម