ចង់ថែមនោសញ្ចេតនា​មួយឲ្យមាំ ពឹងតែ​និស្ស័យ​មិន​ទាន់​គ្រប់​ទេ បើ​ភាគី​ទាំង​សង​ខាងមិន​រក្សា

  • 2020-08-02 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​បាន​ជួប​គ្នា​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់ និស្ស័យ​បណ្ដាល​ឲ្យ​យើង​ក្លាយ​ជា​គូ​នឹង​គ្នា។ តែបើ​មិន​ចេះ​រក្សា​ទេ យើង​នឹង​រសាត់​ឆ្ងាយ​ពី​គ្នា​ពីពេល​ណា​ក៏​មិន​ដឹង។ មុន​ពេល​ជួប​គ្នា យើង​ទាំង​២​សុទ្ធតែ​អ្នក​ធ្លាប់​មាន​សង្សារ​ពី​មុន​ទាំង​អស់។ រយៈ​ពេល​ខ្លី​ក៏​មាន ជ្រាលជ្រៅ​ក៏​មាន តែ​មិន​យល់​ថា​មក​ពី​ហេតុ​អ្វី គ្រាន់​តែ​ជួប​គ្នា​ភ្លាម យើង​ទាំង​២​ហាក់​ដូច​ជា​ស្គាល់​គ្នា​ពីយូរ​ណាស់មក​ហើយ។ ឃើញ​ភ្លាម ក៏​ចង់​កាន់​ដៃ​គ្នា ដើម្បី​សាង​គ្រួសារ​មួយ ទោះ​បី​ជា​តួច​ក៏​ដោយ។ អ្វី​​ដែល​រឹត​តែ​ប្លែក​នោះ​គឺ គាត់​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ នោះ​គឺ​ជា​អារម្មណ៍​មនោសញ្ចេតនា​ដំបូង​របស់​ពួក​​យើង។ តែ​ទេវតា​មាន​ដែលឲ្យ​អ្នកណា​មួយ​អ្វី​ទាំង​អស់​ឯណា។ ពេល​កើតមក​ ពួកយើង​សុទ្ធតែ​មានចិត្ត​គំនិត​ខុស​គ្នា។

ជួប​គ្នា​ហើយ បើ​ចង់​នៅ​ក្បែរ​គ្នា​យូរ​អង្វែង រំពឹង​តែ​លើ​ពាក្យ​និស្ស័យ​មួយ​ម៉ាត់​គឺ​មិន​អាច​ឆ្លង​ផុត​រាល់​ឧបសគ្គ​ឡើយ។ ជា​ពិសេស​នៅ​ក្នុង​សង្គម​នា​សម័យ​មាន​ភាព​ទាក់ទាញ​ច្រើន​ដូច​បច្ចុប្បន្ន ប្រហែស​តែ​បន្តិច​ក៏​អាច​បាត់​បង់​គ្នា​បាត់​ទៅ​ហើយ។

សុភមង្គល​គឺ​មិន​សំដៅ​ទៅ​លើ​គោលដៅ​ចុង​ក្រោយដែល​យើង​ទទួល​បាន​ឡើយ តែ​វា​ស្ថិត​លើ​វិថី​ដែល​យើង​ពុះពារ​ដើម្បី​ទៅ​ដល់​គោលដៅ​មួយ​នោះ។ បើ​និស្ស័យ​បណ្ដាល​ឲ្យ​យើង​បាន​ជួប​គ្នា​ហើយ សូម​កុំ​ប្រញាប់​ដោះដៃ​គ្នា ដោយ​សារ​តែ​រឿង​តូច​តាច បើ​នៅ​មាន​ចិត្ត​លើ​គ្នា។ បើ​ថ្ងៃ​ណា​មាន​អារម្មណ៍​ថា​ធុញ​គ្នា សូម​គិត​ដល់​អនុស្សាវរីយ៍​ដំបូង​ដែល​យើង​សាង​នឹង​គ្នា ឬ​រយៈ​ពេល​ដែល​យើង​ធ្លាប់​ពុះពារ​អ្វី​ខ្លះ​ទម្រាំ​បាន​ដល់​សព្វថ្ងៃ។

ខណៈ​មនុស្ស​ជា​ច្រើន​កំពុង​ស្វែង​រកយ៉ាង​ស្វិតស្វាញ​ទម្រាំ​​រក​គូ​របស់​ខ្លួន​ឃើញ ចុះ​ហេតុ​អ្វី​យើង​ជា​អ្នក​ដែល​រក​គ្នា​ហើយ បណ្ដាល​ឲ្យ​របូត​ចេញ​ពី​គ្នាដោយ​សារ​តែ​រឿង​តូច​តាច​នោះ។ ស្រលាញ់​គ្នា​ប៉ុន្មាន​ឆ្នាំ​មក​នេះ បើនិយាយ​ពី​ចង់​បែក​គ្នា​វិញ​គឺ​រាប់​ភ្លេច​ទៅ​ហើយ តែ​ដោយ​សារ​តែ​ព្យាយាម​ទាំង​សង​ខាង​ទើប​រក្សា​គ្នា​បាន​ដល់​សព្វថ្ងៃ។ ដូច្នេះ​ហើយ បើ​រំពឹង​តែ​លើ​ពាក្យ​និស្ស័យ​មួយ ម្ល៉េះ​ពួក​យើង​មិន​បាន​នៅ​ដល់​សព្វថ្ងៃ​ឡើយ។ និស្ស័យ​ឲ្យ​យើង​ជួប​គ្នា តែ​យើង​ត្រូវ​ព្យាយាម​ទាំង​សង​ខាង​ដើម្បី​រក្សា​គ្នា៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម