កុំឲ្យខកចិត្តទិញប៉ះរបស់អន់ ទាំងនេះជាគន្លឹះដែលអ្នកត្រូវដឹងពេលដើរផ្សារទំនើប
- 2020-07-28 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យខកចិត្តទិញប៉ះរបស់អន់ ទាំងនេះជាគន្លឹះដែលអ្នកត្រូវដឹងពេលដើរផ្សារទំនើប
នៅពេលដែលនិយាយដល់រឿងទិញគ្រឿងទេសសម្រាប់ធ្វើម្ហូប ស្រីៗដូចជារៀងពិបាកបន្តិចបើប្រៀបធៀបទៅនឹងការទិញអីវ៉ាន់។ ជាពិសេសគ្រឿងទេសនៅក្នុងផ្សារទំនើប បើអ្នកមិនប្រយ័ត្នទេនោះអាចនឹងទិញប៉ះចំផលិតផលមិនល្អ។ កញ្ញានឹងបង្ហាញអ្នកពីវិធីខ្លះៗដែលអាចជួយអ្នកឱ្យទទួលបានផលិតផលល្អនៅពេលដើរផ្សារទំនើប៖
១. ជៀសវាងរបស់ដែលវេចខ្ចប់ឬកាត់រួច
យកល្អអ្នកគួរជៀសវាងរបស់ដែលកាត់ឬវេចខ្ចប់រួចដូចជាឈីស បន្លែ ផ្លែឈើ និងសាច់។ល។ ផលិតផលទាំងនោះអាចនឹងផុតកំណត់ ឬជិតផុតកំណត់ហើយ។ ថ្ងៃផុតកំណត់នៅលើកញ្ចប់ដែលវេចខ្ចប់ម្តងទៀតមិនអាចប្រាប់អ្នកពីថ្ងៃផលិតដើមនោះទេ ព្រោះគេអាចប្តូរតាមចិត្តបាន។ ហេតុនេះហើយអ្នកគួរជ្រើសរើសផលិតផលពីរោងចក្រ ឬទិញរបស់ទាំងមូលហើយឱ្យបុគ្គលិកផ្សារទំនើបកាត់ឱ្យក៏បាន។
២. ត្រូវប្រយ័ត្នចំពោះរបស់ដែលចម្អិនរួច
នៅពេលដែលអ្នកទិញសាលាដលាយរួច ឬអាហារដែលចម្អិនរួចត្រូវប្រយ័ត្នចំពោះគុណភាពនៃគ្រឿងផ្សំ ជាពិសេសខ្ទឹមឬម្ទេស។ គេអាចនឹងដាក់ខ្ទឹមឬម្ទេសដើម្បីលុបបំបាត់ក្លិននិងរសជាតិអាហារផុតកំណត់។ បើអ្នកចូលចិត្តញ៉ាំសាលាដលាយរួចនៅផ្សារទំនើបអ្នកត្រូវចាំថា សាលាដលាយជាមួយសាច់ឆាប់ផុតកំណត់ជាងសាលាដទទេ ហើយសាលាដលាយជាមួយម៉ាយូណេស (Mayonnaise) ឆាប់ខូចជាងសាលាដលាយជាមួយប្រេងបន្លែ។
៣. កុំភ្លេចមើលសភាពនៃការវេចខ្ចប់
ការវេចខ្ចប់ក៏ជាផ្នែកសំខាន់មួយនៃផលិតផលដែរ ជាពិសេសការវេចខ្ចប់ទឹក។ បើសិនជាសំបកដប ឬកំប៉ុងមានការប៉ះទង្គិច អ្នកមិនគួរទិញនោះទេ។ ការប៉ះទង្គិចទាំងនោះអាចជាសញ្ញាណនៃការស្តុកទុកខុសបច្ចេកទេស ឬការដឹកជញ្ជូនមិនបានត្រឹមត្រូវ។
៤. ទិញផលិតផលណាដែលអ្នកអាចដឹងពីគុណភាពបាន
អ្នកត្រូវប្រយ័ត្នចំពោះទំនិញដែលអ្នកមិនអាចប៉ះ ឬស្ទាបដឹងពីគុណភាពបាន។ នៅពេលដែលផលិតផលដូចជាសាច់និងបន្លែមានគុណភាពអន់គេនិងយកទៅវេចខ្ចប់ឱ្យជិត ដាក់ក្នុងទូរបិទជិតឬដាក់ឱ្យកក។ ហេតុនេះហើយនៅពេលដែលអ្នកទិញរបស់ទាំងនេះអ្នកគួរតែយករបស់ស្រស់ៗ ឬឱ្យបុគ្គលិកផ្សារយកវាចេញមកមើលឱ្យបានច្បាស់។ ប៉ុន្តែបើសាច់ឬបន្លែស្រស់នោះមើលទៅទទឹកពេកក៏ត្រូវប្រយ័ត្នដែរព្រោះគេអាចនឹងបន្ថែមភាពស្រស់។
៥. ប្រយ័ត្នចំពោះផលិតផលមានពណ៌ល្អ
អ្នកគ្រប់គ្នាតែងតែគិតថារបស់ដែលមានពណ៌ល្អគឺសុទ្ធតែមានគុណភាពខ្ពស់។ អ្នកគិតបែបនេះខុសហើយព្រោះថាបន្លែនិងផ្លែឈើដែលមើលទៅស្រស់ល្អពេកច្បាស់ជាសំបូរទៅដោយសារធាតុគីមីជាងបន្លែនិងផ្លែឈើដែលមើលទៅមិនសូវស្អាតមានដង្កូវ។ ម្យ៉ាងវិញទៀតផលិតផលដូចជាទឹកជ្រលក់ អ្នកគួរតែជ្រើសរើសផលិតផលណាដែលមិនសូវមានពណ៌ស្រស់ពេកព្រោះផលិតផលដែលមានពណ៌ស្រស់គេច្រើនតែដាក់ពណ៌បន្ថែមដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។
៦. កុំខ្ជិលក្នុងការដើររកផលិតផលល្អ
ដើម្បីឱ្យលក់បានថ្លៃឬលក់ផលិតផលគុណភាពអន់ចេញអស់ គេតែងតែដាក់វានៅកន្លែងដែលងាយចាប់អារម្មណ៍និងទាក់ភ្នែកអ្នកទិញ។ របស់ផ្សេងនៅកន្លែងអាចនឹងថោកជាងរបស់ដែលអ្នកងាយឃើញ។ ហេតុនេះហើយ កុំខ្ជិលដើរព្រោះផលិតផលហើយថោកមិនងាយរកឃើញទេ។
៧. មើលពីស្លាកយីហោឱ្យបានត្រឹមត្រូវ
កុំគិតថាផលិតផលខ្លះដែលដាក់ថា មិនមែនជាតិស្ករ មិនមានសារធាតុCholesterol សំបូរទៅដោយវីតាមីន ព្រោះវាអាចជាការបំភាន់ភ្នែកតែប៉ុណ្ណោះ។ តាមពិតទៅ ផលិតផលដែលគ្មានស្ករគេអាចនឹងប្រើជាតិផ្អែមគីមី ហើយផលិតផលដែលសម្បូរវីតាមីនអាចជាវីតាមីនមិនល្អព្រោះវីតាមីនមិនមែនសុទ្ធតែល្អនោះទេ។
៨. ជ្រើសរើសផលិតផលក្នុងស្រុក
ពេលខ្លះអ្នកអាចគិតខុសលើផលិតផលក្នុងស្រុកដោយចាញ់បោកការផ្សាយពាណិជ្ជកម្ម។ តែអ្នកត្រូវចាំថាផលិតផលក្នុងស្រុកខ្លះអាចនឹងល្អជាងផលិតផលនាំចូលព្រោះការដឹកជញ្ជូនឆ្ងាយធ្វើឱ្យបាត់បង់គុណភាព។
៩. សួរបុគ្គលិកផ្សារពីផលិតផលនិងដំបូន្មានខ្លះៗ
បុគ្គលិកដែលរៀបចំផលិតផលទាំងនោះប្រាកដជាដឹងច្រើនជាអ្នក។ បើសិនជាអ្នកសួររកដំបូន្មានគេអាចនឹងប្រាប់អ្នកតាមត្រង់ថាផលិតផលណាល្អជាងផលិតផលណា។ ប៉ុន្តែអ្នកក៏មិនត្រូវទុកចិត្តលើបុគ្គលិកផ្សារពេកដែរ ព្រោះគេក៏អាចកុហកអ្នក។ អ្នកអាចមើលដោយខ្លួនឯងហើយគួបផ្សំនឹងដំបូន្មានពីបុគ្គលិកនោះ៕
ចុចអាន៖
សម្រាប់អ្នកចូលចិត្តទិញរបស់មួយទឹកគួរប្រយ័ត្នរបស់ ៥យ៉ាងនេះ
បើគ្មានដាក់ថ្ងៃផុតកំណត់ផង តើរបស់ទាំង ១០នេះអាចប្រើបានដល់ពេលណាទៅ?