មកស្វែងយល់នូវវិធីសំខាន់ៗដើម្បីគ្រប់គ្រងខួរក្បាល ការពារខ្លួនពីភាពស្រ្តេសធ្ងន់ធ្ងរ

  • 2020-07-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​ការ​គិត​​រាប់លាន​មុខ​ មាន​៨​​ប្រភេទ​​ដែល​កើត​ឡើង​​នៅ​ក្នុង​ខួរក្បាល​ជារៀងរាល់ថ្ងៃ។ ទន្ទឹម​ជាមួយ​គ្នា​​នេះ​ដែរ ជ្រុង​មួយ​នៃ​ការ​គិត​របស់​មនុស្ស​ តែង​​តែ​អាច​បង្ក​ទៅ​ជា​បញ្ហា​​បាន​គ្រប់ពេលវេលា ដែលធ្វើ​​​ឲ្យ​ពួក​គេ​នឿយ​ហត់ ជាមួយ​នឹង​ភាព​ស្មុគស្មាញ​ចាក់​ដោត​នៅ​ក្នុង​ខួរក្បាល។

​​​​មិន​ថា​ការ​គិត​ទាំង​នោះ បណ្តាល​មក​ពី​ក្តី​ព្រួយ​បារម្ភ ស្រ្តេស ភាព​ភ័យខ្លាច ឬ​អ្វី​ផ្សេង​ឡើយ។ ក្នុង​អត្ថបទ​​នេះ​នឹង​ធ្វើ​ការ​​បក​ស្រាយ​ពី "​ការ​គិត​​មមៃ​​ហួស​ប្រមាណ" ដែល​ចាត់​ទុក​ជា​មូល​ហេតុ​ចម្បង​ នាំ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​។

គំនិត​រវើរវាយ

ជាទូទៅមនុស្ស​ម្នាក់ៗ​តែង​ស្រមើស្រមៃ​នឹកគិតដល់រឿងល្អៗនិងរំពឹង​ចង់​ឲ្យ​វា​​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

ទស្សនវិទូ​អាមេរិកដ៏​ល្បី​​ម្នាក់ មកពីសាកលវិទ្យាល័យ Harvard ​​មាន​ឈ្មោះថា Charles Sanders Peirce បាន​បង្កើតគំនិត​​ថ្មី​មួយ​នៅ​ក្នុង​សតវត្សទី១៩ ដោយផ្អែកទៅ​លើ "ការអនុវត្តជាកស្តែង” (Pragmatism) មាន​ន័យ​ថា ការ​គិត​គឺ​ជា​ធាតុផ្សំ​សំខាន់ ដែល​មាន​សិទ្ធិ​បញ្ជា​ទៅ​លើ​ទង្វើ​របស់​អ្នក ថែម​ទាំង​អាច​នាំ​មក​នូវ​បទពិសោធ​ថ្មីៗ​។ គំនិត​ដែល​ល្អ​​​និង​មាន​ប្រយោជន៍ គួរ​យកវា​​មក​អនុវត្ត​ផ្ទាល់​ក្នុង​ជីវិត រី​ឯ​គំនិត​​រវើរវាយ​ដែល​​មិន​អាច​កើត​ឡើងនិង​គ្មាន​ប្រយោជន៍ ត្រូវ​ព្យាយាម​ជម្រុះ​ចោលឲ្យ​អស់​។

​​​ក្រៅ​ពី​​នោះ​ទស្សនវិទូ​ដ៏​ល្បី​ម្នាក់​ទៀតគឺ​​លោក William James បាន​អះអាង​​ថា អាវុធដែល​មាន​ថាមពល​ខ្លាំង​បំផុត អាច​​​ប្រឆាំង​នឹង​ភាព​ស្រ្តេស​បាន​ គឺ​ការ​គ្រប់គ្រង​ខួរក្បាល ដោយ​បង្កើត​​គំនិត​វិជ្ជមាន​ឲ្យ​ច្រើន​លើសលប់ជាង​គំនិតអវិជ្ជមាន។​

​​វិធីសំខាន់ក្នុង​ការ​គ្រប់គ្រង​ចិត្ត

ការ​គិត​​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​ សម្រាប់​គ្រប់គ្រង​ខ្លួន​ឯង។ ​កុំ​​ដោយ​សារ​តែ​តម្រូវ​ការ​ផ្ទាល់​ខ្លួន បណ្តោយ​ឲ្យ​ខួរ​ក្បាល​គិត​ហួស​ព្រំដែន រហូត​មិន​​អាច​ទប់ទល់​បាន ថែម​ទាំង​មិន​ដឹង​ថា​ខ្លួន​ឯង​កាន់​តែ​លេចលង់​ជ្រៅទៅៗ។

ខាង​ក្រោម​នេះ​គឺ​ជាគំនិត ដែល​តែង​ដក់​ជាប់​ក្នុង​​ខួរក្បាល នៅ​ពេល​ដែលអ្នក​មិន​ព្រម​គ្រប់គ្រង​ខ្លួន​ឯង៖

តើ​ខ្ញុំ​កំពុង​គិត​ពី​អ្វី​ហ្នឹង?

តើ​នឹង​​មាន​អ្វី​រឿង​អ្វី​កើតឡើង​ទៅ ​​បើ​ខ្ញុំមាន​កំហុសហើយបាត់បង់ការងារ?

តើគេស្រលាញ់ខ្ញុំដែរអត់?

​គ្មាន​នរណា​ស្រលាញ់​និង​ខ្វាយខ្វល់ពីខ្ញុំទេ។

ខ្ញុំធ្វើខុសរហូត។

ហេតុអ្វីជីវិតពិបាកយ៉ាងនេះ?

ហេតុ​អ្វី​មើល​ទៅ​ជីវិត​គេ​ផ្សេង​មាន​សុភមង្គល​ម្ល៉េស?

បើថ្ងៃណាមួយខ្ញុំ​កើតមហារីក តើខ្ញុំគួរធ្វើបែបណា?

តើ​អ្នក​ផ្សេង​គិត​មក​លើ​ខ្ញុំយ៉ាង​​ម៉េច​ទៅ?

ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​បាន​ជោគជ័យ​ម្តង​ណា​ទេ។

អារម្មណ៍​បែប​នេះ មិន​អាច​កែប្រែ​អ្វី​បាន ក្រៅ​ពី​បង្កើន​ក្តី​បារម្ភ ការ​ខឹង​ កា​រ​ស្តី​បន្ទោស​ខ្លួន​ឯង និង​ឈឺ​ចាប់​តែ​ម្នាក់​ឯង​នោះ​ទេ​។ គួរ​ជំនួស​មក​វិញ​ ដោយ​គំនិត​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​គ្រប់​យ៉ាង​ប្រសើរ​ឡើង​។​

១. គិត​ពី​ដំណោះ​ស្រាយ ដោយ​​​ប្រើ​ប្រាជ្ញា​និងការ​​ពិចារណា​របស់​អ្នក ដើម្បីម​លុប​បំបាត់​បញ្ហា​បន្តិចម្តងៗ។ ទោះ​​មិន​ទាន់​ឃើញ​លទ្ធភាព​ភ្លាម​ៗ ក៏​អ្នក​អាច​​នៅ​មាន​កម្លាំង​ចិត្ត​នឹង​​ដោះ​ស្រាយ​បន្ត​មិន​បោះបង់​ចោល​។

២. ស្វែង​រក​ចំណេះ​ដឹង​​ថ្មីៗ​បន្ថែម​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន និង​ព្យាយាម​យក​វា​ទៅ​អនុវត្ត​ក្នុង​​ការងារ របរ​រកស៊ី ទំនាក់ទំនង​ជាដើម។

​​​៣. ផ្តោត​តែ​លើ​រឿង​សំខាន់២​យ៉ាង​ដំបូង​គេ​បង្អស់ ហើយ​ទុក​រឿង​បន្ទាប់បន្សំ​ផ្សេង​ទៀត​នៅ​មួយ​ឡែក​សិន​។ បើ​អ្នក​ខ្វាយខ្វល់​គិត​ពី​បញ្ហា​ច្រើន​យ៉ាង​ពេក​​ក្នុង​ពេល​តែ​មួយ អ្នក​នឹង​​កាន់​តែ​ពិបាក​ក្នុង​ការ​គ្រប់គ្រប់​ស្មារតី ធ្វើ​អ្វី​ក៏​​មិន​ចេញ។ ហេតុ​នេះ​គួរ​ហ្វឹក​ហាត់​ចិត្ត​គំនិត បង្កើន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​​ឲ្យ​បាន​មូល​ល្អ​ជាមុន​សិន។

​​​៤. ប្រើម្រាមដៃបញ្ចេញ​សំឡេង​​ដើម្បី​​​ដាស់​សតិ ទាញ​ខ្លួន​ឯង​មក​វិញ នៅ​ពេល​គិត​ស្រមើស្រមៃច្រើន ហើយ​ងាក​មក​ធ្វើ​រឿង​ចាំបាច់​នៅ​​ចំពោះ​​មុខវិញ។

៥. កុំ​​នៅ​ស្តីបន្ទោស​ខ្លួន​ឯង​ដដែល​ៗ​ពេល​មាន​កំហុស គួរ​រក​វិធី​ដោះស្រាយ ហើយ​បើ​ស្រាយ​មិន​ចេញ​ទេ ចាត់​ទុក​ថា​​វា​ជា​មេរៀនទៅចុះ។

ជា​ចុង​ក្រោយ​ ទស្សនវិទូ William James បាន​រំឮកទៀត​ថា "ប្រសិន​បើ​អ្នក​អាច​ផ្លាស់​ប្តូរចិត្តគំនិត​បាន នោះ​​អ្នក​នឹង​អាច​ផ្លាស់ប្តូរជីវិតរបស់ខ្លួន​ឯង​បាន​ដូចគ្នា"។

ត្រូវ​ចាំ​ថា​នរណា​ក៏​មាន​ទុក្ខ​ដែរ គ្រាន់​តែ​យូរ​​និង​ឆាប់​ទម្រាំ​វា​អាច​​បាត់​ទៅ​វិញ ឬ​លេច​ចេញ​នៅ​ថ្ងៃ​ណាមួយ​ផ្សេង​ទៀត ​មិន​អាច​ទាយ​ដឹង​​មុន។ ត្រូវ​រៀន​រស់​ជាមួយ​សុខ​និង​ទុក្ខ បន្ត​ការ​ជឿជាក់ រៀន​គ្រប់គ្រង​ខ្លួន​ឯង រៀនគិតគូរ​ពិចារណាដោយ​ប្រើ​ហេតុផល ទើប​​អ្នក​គ្មាន​ថ្ងៃ​ចុះចាញ់​​នឹង​ជិវិត៕ ​​​

ចុចអានបន្ត៖ មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត

ប្រភព៖ akerufeed ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម