ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ឲ្យ​ត្រូវ​តាម​ម៉ោង​ទាំង​នេះ ស្បែក​នឹង​ស្អាត​មិន​ចាញ់​តារា​កូរ៉េ​ឡើយ

  • 2020-07-22 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​ប្រើ​ផលិតផល​តែ​មួយ​តែ​ស្បែក​គេ​ស្អាត​ជាង ហើយ​ស្បែក​យើង​នៅ​អាក្រក់​ដដែល​ដែរ​ទេ។ មូលហេតុ​គឺ​ម៉ោង​ដែល​យើង​លាប​មិន​ត្រូវ​នឹង​ក្បួន​ខ្នាត​នៅ​ក្នុង​ម៉ោង​ថែ​រក្សា​ស្បែក។ ដើម្បី​ទទួល​បាន​លទ្ធផល​អតិបរិមា អ្នក​គួរ​លាប​ផលិតផល​នានា​តាម​ម៉ោង​ខាង​ក្រោម៖

១. ម៉ោង​៦​ព្រឹក ពេល​វេលា​មាស​សម្រាប់​លាង​ស្បែក​គ្មាន​សារជាតិ​កាត់

មនុស្ស​ជា​ច្រើន​ប្រើ​ហ្វូម​លាង​មុខ​ពេល​យប់ និង​ពេល​ព្រឹក​តែមួយ ដោយ​មិន​បែង​ចែក​ឡើយ។ យ៉ាងណាក្ដី នៅ​ពេល​ព្រឹក​ទើប​ក្រោក​ពី​ដំណេក ដែល​ស្បែក​មិន​បាន​ចេញ​ក្រៅ​ជាប់​ធូលី​ហុយ​អី​នោះ យើង​មិន​គួរ​ប្រើ​ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង​ពេក​នោះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​ស្ងួត​មុខ​ខ្លាំង​ បាត់​ជាតិ​ប្រេង​ធម្មជាតិពី​មុខ ធ្វើ​ឲ្យ​ឆាប់​ជ្រីវជ្រួញ។

២. ម៉ោង ៨ព្រឹក ពេល​ល្អ​បំផុត

មុន​ចេញ​ពី​ផ្ទះ មនុស្ស​មួយ​ចំនួន​តែង​លាប​ឡេ ឬ​សេរ៉ូម​ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ពេញ​មួយ​ថ្ងៃ។ យ៉ាង​ណាក្ដី តាម​ស្បែក​មនុស្ស​ខុស​គ្នា យើង​អាច​រំលង​ជំហាន​មួយ​ចំនួន។ ប៉ុន្តែ​អ្នក​ដាច់​ខាត​មិន​អាច​រំលង​ជំហាន​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​បាន​ឡើយ។ កាំរស្មី​អ៊ុយ​ត្រា​ចាប់​ផ្ដើម​ខ្លាំង​ឡើង​នៅ​ម៉ោង ៩ ដូច​នេះ​ល្អ​បំផុត គឺ​អ្នក​គួរ​លាប​ឡេ​នេះ​នៅ​ម៉ោង ៨​ព្រឹក។

៣. ម៉ោង ១២​ថ្ងៃ ពេល​ល្អ​បំផុត​ក្នុង​ការ​បន្ថយ​កម្ដៅ​ស្បែក

ម៉ោង​ ១២​ថ្ងៃ​ត្រង់​គឺ​ជា​ពេល​ដែល​ក្ដៅ​បំផុត​នៅ​ក្នុង​ថ្ងៃ ហើយ​ក៏​ពេល​កម្ដៅ​ស្បែក​ឡើង​ខ្លាំង​បំផុត​ដែរ។ នៅ​ពេល​ស្បែក​ក្ដៅ​ខ្លាំង គឺ​ងាយ​កើត​ជា​មេឡានីន ដែល​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ ជាំ អេចម៍រុយ។ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ អ្នក​អាច​ស្ព្រាយ​បាញ់​មុខ​ដើម្បី​បន្ថយ​កម្ដៅ​ស្បែក។

៤. ម៉ោង ៤​រសៀល ពេល​ល្អ​បំផុត​សម្រាប់​ផ្ដិត​ខ្លាញ់​ពី​មុខ

ជឿជាក់​ថា ផាត់​មុខ​ពី​ព្រលឹម រហូត​ដល់​ម៉ោង​នេះ ខ្លាញ់​ប្រាកដ​ជា​ចេញ​មក​ច្រើន​ហើយ។ បើ​ខ្លាញ់​នៅ​​លើ​មុខ​ច្រើន​ពេក ក្រៅ​ពី​បាត់​សោភណ្ឌភាពន​នោះ ក៏​ងាយ​ធ្វើ​ឲ្យ​បិទ​រោម​ញើស ក្លាយ​ជា​មុន​ក្បាល​ខ្មៅ និង​ឡើង​មុន​ផង​ដែរ។ វិធានការ​ដែល​ល្អ​បំផុត​នោះ​គឺ បើ​ក្រដាស​ផ្ដិត​ជាតិ​ខ្លាញ់ជំនួស​ឲ្យ​ការ​តប់ម្សៅ​ថែម។ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្បែក​ស្រឡះ​នោះទេ វា​ថែម​ទាំង​មិន​កក​ម្សៅ​ដូច​គ្នា។

៥. ម៉ោង ៨ ដល់​១០ ពេល​ល្អ​បំផុត​សម្រាប់​ថែ​ស្បែក

ក្រោយ​បំពេញ​ការងារ​នៅ​ខាង​ក្រៅ​ហត់​ពេញ​មួយ​ថ្ងៃ ម៉ោង​ខាង​លើ​ គឺ​ពេល​វេលា​ដែល​សមស្រប​បំផុត​ក្នុង​ការ​លុប​គ្រឿង​សំអាង​ទាំង​អស់ ហើយ​ចាប់​ផ្ដើម​លាប​ផលិតផល​ថែ​រក្សា​ស្បែក​មក​វិញ។ ដើម្បី​សារជាតិ​ថែរក្សា​ស្បែក​ជ្រាប​ចូល​ស្បែក​បាន​ល្អ អ្នក​គួរ​លាប​មុន​ចូល​គេង​យ៉ាង​តិច ២​ម៉ោង៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម