មាន​របប​អាហារ​មួយអាច​ជួយ​ឲ្យ​អ្នក​ស្រក ១​ខែ ១២​គីឡូ តែ​អ្នក​ហ៊ាន​សាក​ល្បង​ដែរ​ទេ?

  • 2020-07-21 12:00:00
  • ចំនួនមតិ 103 | ចំនួនចែករំលែក 346

នេះ​គឺ​ជា​របប​អាហារ​ដែល​កំពូល​តារា​ស្រី​កូរ៉េ​តែង​​ជឿជាក់ និងអនុវត្ត​តាម​រាល់​ពេល​ពួក​គេ​មាន​គម្រោង​ថ្មី​នៅ​ក្នុង​សិល្បៈ។

មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា ឲ្យ​តែ​ឧស្សាហ៍​ហាត់​ប្រាណ ទោះ​បី​ជា​អ្នក​នៅ​តែ​រក្សា​ទម្លាប់​ញ៉ាំ​ច្រើន អ្នក​នៅ​តែស្រក​គីឡូ។ នេះ​គឺ​ជា​​ការ​គិត​ដ៏​ខុស​មួយ ដ្បិត​​ដរាប​ណា ចំនួន​កាឡូរីដែល​អ្នក​ទទួល​យក នៅ​តែ​ច្រើន​ជាង​ចំនួន​កាឡូរី​ដែល​អ្នក​ដុត​នោះ គឺ​អ្នក​នៅ​តែ​មាន​គីឡូ​សល់​ដដែល។ អាស្រ័យហេតុ​នេះ​ហើយ ទន្ទឹម​នឹង​ការ​ហាត់​ប្រាណ អ្នក​ក៏​ត្រូវ​គួប​ផ្សំ​នឹង​របប​អាហារ​ដែល​សម​រម្យ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ផងដែរ វិស័យ​សិល្បៈ​កូរ៉េ​អាច​ត្រូវ​ទុក​ថា​ជា​វិស័យ​សិល្បៈ​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​លើ​ពិភពលោក ប៉ុន្តែ​ក៏​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​សាហាវ​ព្រៃផ្សៃ​ផង​ដែរ។ ដោយ​ទេពកោសល្យ​តែ​មួយ​មុខ​នឹង​មិន​ជួយ​ឲ្យ​អ្នក​ដល់​ជោគជ័យ​នោះ​ឡើយ ព្រោះ​ត្រូវ​មាន​រូប​សម្បត្តិ​បន្ថែម។ ដូច្នេះ​ហើយ តារា​មាន​ទេពកោសល្យ​ជា​ច្រើន ត្រូវ​តែ​សម្រក​គីឡូ​ឲ្យ​ចូល​កាមេរ៉ា​ទៅ​ស្អាត ទោះ​បី​ជា​សមត្ថភាព​របស់​ពួក​គេ​លេចធ្លោ​ស្រាប់​ក៏​ដោយ។

ជាក់​ស្ដែង ពេល​ទើប​ចូល​សិល្បៈ​ដំបូង​មិន​ទាន់​ល្បី​ឈ្មោះ​ កំពូល​តារា​ចម្រៀង និង​សម្ដែងស្រី IU មាន​រូបរាង​ទ្រលុក​ទ្រលន់ គួរ​ឲ្យ​ស្រលាញ់ ដូច​នឹង​វ័យ​របស់​នាង។ យ៉ាងណាក្ដី វិស័យសិល្បៈ​មិន​និយម​រាង​បែប​នេះ​ឡើយ​ដោយ​ទាល់​តែ​ស្គម​ទើប​ចូល​កាមេរ៉ា​ឃើញ​ស្អាត។

អាស្រ័យហេតុនេះ​ហើយ IU បាន​បង្កើត​របប​អាហារ​សម្រាប់​ខ្លួន​ឯង​ ដោយ​ក្នុង​រយៈ​ពេល​តែ​១​ខែ ស្រី​ស្អាត​វ័យ ២៧​ឆ្នាំ អា​ច​ស្រក​ដល់​ទៅ ១២​គីឡូ។​ របប​អាហារ​របស់​តួ​រឿង Hotel De Luna រួម​មាន៖

ពេល​ព្រឹក៖ ផ្លែ​ប៉ោម​មួយ​ផ្លែ

ពេល​ថ្ងៃ៖ ដំឡូង​មួយ​ផ្លែ

ពេល​យប់៖ ទឹក​ក្រឡូក​ប្រូតេអ៊ីនមួយ​កំប៉ុង

គួប​ផ្សំ​របប​អាហារ​នេះ ជាមួយ​ការ​ហាត់​ប្រាណ​ តារា​កើត​ឆ្នាំ ១៩៩៣ បាន​សម្រក​យក​រាង​ស្គម​បាន​សម្រេច។ យ៉ាងណាក្ដី របប​អាហារ​នេះ​ក៏​រង​ការរិះគន់​មិន​ស្ទើរ​ដែរ​ ដ្បិត​​វា​មិន​ខុស​ពី​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ។ គួរ​បញ្ជាក់​ផងដែរ​ថា ដោយ​ឃើញ​តារា​រៀម​ច្បង​ស្រក​គីឡូ​បាន​សម្រេច តារា​ស្រី​មិន​តិច​ឡើយ​បាន​រៀន​តាម​ហើយ​ទទួល​បាន​ផល​ដូច​គ្នា៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel