ទាយ​ចរិត​មនុស្ស​តាម​រយៈ​ការ​ក្ដាប់ដៃ​ ឆុត​ដល់​ទៅ​ ​៩០%​

  • 2020-07-02 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គ្នា​យើង​ដឹង​ទេ រាល់​កាយវិការ​និង​សរីរាង្គ​នៅ​លើ​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ សុទ្ធតែ​អាច​បង្ហាញ​យ៉ាង​ច្បាស់​ពី​បុគ្គលិក​លក្ខណៈ​របស់​គេ​ ហើយ​អាច​និយាយ​បាន​ថា សឹង​តែ​៩០%​ដែល​​ត្រឹម​ត្រូវ និង​ជឿ​ជាក់​បាន​។ សូម្បី​តែ​ការ​ក្ដាប់​ដៃ​របស់​មនុស្ស​ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ដូច​ទម្រង់​ទាំង​៣​ខាង​ក្រោម​នេះ ហេតុ​នេះ​ហើយ ទើប​មនុស្ស​អាច​មាន​ការ​គិត និង​អត្តចរិត​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ​។

សាកល្បង​ក្ដាប់​ដៃ​របស់​អ្នក​ទៅ​មើល៍ ថា​តើ​ចូល​ក្នុង​ប្រភេទ​មួយ​ណា?​ ​

ប្រភេទ​ "ក​”៖

​អ្នក​ជា​មនុស្ស​ដែល​​គិត​ប្រយោជន៍​អ្នក​ដទៃ​សំខាន់​ជាង​ខ្លួន​ឯង​។ អ្នក​តែង​តែ​ជួយ​ឈឺ​ឆ្អាល​និង​យក​អាសា​គេ ទោះ​បី​ពេល​ខ្លះ​ វា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក ឬ​នាំ​ទុក្ខ​ដល់​អ្នក​ខ្លះ​ក៏​ដោយ​។ ម្យ៉ាង​ទៀត អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រៀន​សូត្រ​អ្វី​ថ្មីៗ​ និង​ចង់​ចេះ​ចង់​ដឹង ជាជាង​នៅ​កំណត់​ខ្លួន​ឯង​ត្រឹម​កម្រិត​ណា​មួយ​។

អ្នក​ជា​មនុស្ស​ដែល​មាន​ថាមពល​ តែ​មិន​សូវ​ចេះ​អត់ធ្មត់​។ ពេល​ខ្លះ​អ្នក​គួរ​តែ​មើល​មនុស្ស​ឱ្យ​បាន​ល្អិត​ល្អន់​ជាង​នេះ​បន្តិច ព្រោះ​អាច​មាន​មនុស្ស​មួយ​ចំនួន​ដែល​ចាំ​កេង​ចំណេញ​ពី​អ្នក ​ដោយសារ​តែ​សន្ដាន​ចិត្ត​ដ៏​ល្អ​របស់​អ្នក​នេះ​ហើយ​។

​ប្រភេទ​"ខ​”៖

​អ្នក​ជា​មនុស្ស​ពូកែ​ច្នៃ​ប្រឌិត​ខ្ពស់​។ អ្នក​​រួសរាយ​ និង​ជា​ទី​ទាក់ទាញ​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ គ្រប់​គ្នា​ដែល​បាន​ស្គាល់​អ្នក​ តែង​ស្រលាញ់​អ្នក​ដោយសារ ភាព​ស្មោះ​ត្រង់ ដឹង​ខុស​ដឹង​ត្រូវ ដឹង​ចាស់​ដឹង​ទុំ​របស់​អ្នក​ និង​ជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​​​។ ក្រៅ​ពី​នេះ​ អ្នក​ជា​មនុស្ស​ឆ្លាត​ ប៉ុន្តែ​ពេល​ខ្លះ​ ភាព​ភ័យ​ខ្លាច​បរាជ័យ​បាន​ធ្វើ​ឱ្យ​អ្នក​ស្ទាក់ស្ទើរ​មិន​ហ៊ាន​សម្រេច​ចិត្ត​ការងារ​មួយ​ចំនួន​​ ដែល​អាច​បណ្ដាល​ឱ្យ​មាន​វិប្បដិសារី​ខ្លះ​ដែរ​។

​​ជា​ទូទៅ អ្នក​តែង​ចង់​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​សរសើរ​ដើម្បី​បន្ត​ការ​សម្រេច​ចិត្ត និង​ការ​ធ្វើ​អ្វី​មួយ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ​ហើយ​វា​ក៏​អាច​ទៅ​រួច​ដែរ ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក អាច​មាន​មនុស្ស​ច្រណែន ឈ្នានីស​នឹង​ជោគជ័យ​ដែល​អ្នក​ទទួល​បាន​។

​ប្រភេទ "គ​”៖

អ្នក​ជា​មនុស្ស​ដែល​អ្នក​ណា​ក៏​លង់​ស្រលាញ់​ ព្រោះ​មន្ត​ស្នេហ៍​ពី​ធម្មជាតិ​របស់​អ្នក​។ ការ​ពិត​អ្នក​ជា​មនុស្ស​ឆ្លាត និង​ពូកែ​និយាយ ប៉ុន្តែ​ភាគ​ច្រើន​ចូល​ចិត្ត​អៀន​ប្រៀន ដែល​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​ស្គាល់​អ្នក គិត​ថា អ្នក​ជា​មនុស្ស​ឆ្មើង​ឆ្មៃ​ និង​មិន​សូវ​ហ៊ាន​មក​លេង​សើច​ជា​មួយ​។ អ្នក​ជា​មនុស្ស​ដែល​មាន​ទស្សនវិស័យ​ច្បាស់​លាស់ ហើយ​មនុស្ស​ជំនិត​នឹង​អ្នក​តែង​មាន​អារម្មណ៍​កក់ក្ដៅ​ ពេល​នៅ​ក្បែរ​អ្នក​។ ប៉ុន្តែ​ពេល​ខ្លះ អ្នក​ក៏​អាច​មាន​អារម្មណ៍​​គ្មាន​ទំនុក​ចិត្ត​​ក្នុង​ការ​ចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​អ្នក​ថ្មី ​ឬ​ចូល​រួម​ក្រុម​ថ្មី​ជាមួយ​គេ​ជា​ដើម​។

​​ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ព្យាយាម​ចេះ​បត់បែន​ និង​រួសរាយ​ឱ្យ​បាន​ច្រើន​ជាង​នេះ​បន្តិច ហើយ​ពេល​នោះ អ្នក​ដទៃ​ក៏​អាច​ចាប់ផ្ដើម​ឆាប់​យល់​ និង​ចង់​ទាក់ទង​ជាមួយ​អ្នក​បាន​ច្រើន​ជា​ង​មុន​៕

ចុចអាន៖

ប្រភព៖ positivemed ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម