ជម្លោះ​ ៤​ឆ្នាំ​មិន​ទាន់​មាន​ថ្ងៃ​បញ្ចប់​របស់ Zhao Li Ying និង Yang Zi

  • 2020-07-01 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុទ្ធ​តែ​ជា​តារា​សម្ដែង​ដែល​មាន​ឥទ្ធិពល​ខ្ពស់​នៅ​ក្នុង​វិស័យ​ភាពយន្ត និង​ធ្លាប់​សម្ដែង​រឿង​រួម​គ្នា កំពូល​តារា​សម្ដែង​ស្រី Zhao Li Ying និង Yang Zi ត្រូវ​បាន​គេ​សន្និដ្ឋាន​សម្ងំ​មិន​ពេញ​ចិត្ត​គ្នា​តាំង​ពី​យូរ​មក​ហើយ។

មុន​នេះ​​បន្តិច បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ឡើង​វិញ ពី​ជម្លោះ​អាថ៍កំបាំង​រវាង​តារា​សម្ដែង​លំដាប់ A ចិន​២​រូប​គឺ Zhao Li Ying និង Yang Zi។ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​គ្រប់​យ៉ាង​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ ២០១៦ នៅពេល​សិល្បការិនី​ទាំង​២​ថត​រឿង Zhu Xian ជាមួយ​គ្នា។

នៅ​ពេល​នោះ តំណែង​នៅ​ក្នុង​សិល្បៈ​របស់ Zhao Li Ying ខ្ពស់​ជាង​របស់ Yang Zi ដូច​នេះ អ្នកគាំទ្រ​រំពឹង​​ថា​នាង​នឹង​មាន​សាច់​រឿង​សម្ដែង​ច្រើន​ជាង ហើយ​បាន​ដើរ​តួ​ឯក។ យ៉ាងណាក្ដី អ្នក​គាំទ្រ​របស់ Yang Zi ហាក់​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ហើយ​ទាមទារ​​ឲ្យ​តារា​ដែល​ខ្លួន​ស្រលាញ់​ដើរ​តួ​បន្ទាប់​ឯក​ឲ្យ​ទាល់​តែ​បាន។

ហេតុការណ៍​ធំ​បាន​ផ្ទុះ​ឡើង នៅ​ថ្ងៃ​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​រឿង Zhu Xian ដោយ​សារ តារា​រៀម​ច្បង ដែល​ជា Li Ying មិន​ខ្វាយខ្វល់​នៅ​ពេល​សិស្ស​ប្អូន​ហុច​មេក្រូ​ឲ្យ​នាង។ សកម្មភាព​របស់​អ្នក​ម្ដាយ​កូន​១ ត្រូវ​គេ​ថា​មើល​ងាយ​សិស្ស​ប្អូន។

យ៉ាងណាក្ដី ក្រោយ​មក​រឿង​ត្រូវ​ក្រឡាស់​មក​វិញ​ទាំង​ស្រុង នៅ​ពេល​អ្នក​គាំទ្រ​បញ្ចេញ​វីដេអូ​ថា Yang Zi ហុច​មេក្រូ​ឲ្យ​រៀម​ច្បង​មិន​ដល់ ១​វិនាទី​ផង។ នៅ​ក្នុង​កម្មវិធី​ដដែល Yang Zi ធ្វើ​ឲ្យ​គេ​រឹត​តែ​ក្ដៅ​ក្រហាយ​នៅ​ពេល តារា​រួម​សម្ដែង​ថា បង​ស្រី​ក្បាល​ធំ ទាំង​ការពិត​នាង​មាន​រាង​ធាត់​ជាង Li Ying ក៏​ដោយ។

មិន​បញ្ឈប់​ត្រឹម​នោះ ឆ្នាំ ២០១៩ Zhao Li Ying ជាប់​ជា​បេក្ខភាព​តារា​សម្ដែង​ឆ្នើម​ឯក​សម្រាប់​រឿង Story of Minglan រីឯ Yang Zi មាន​រឿង​ល្បី​ឈ្មោះ Ash of Love តែ​មិ​ន​បាន​ជាប់​បេក្ខភាព។ ភ្លាម​នោះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩២ សរសេរ​លើ​បណ្ដាញ​សង្គម​ថា៖ និយាយ​មែន! សុភមង្គលក៏​បាន វេទនា​ក៏​បាន ត្រូវ​តែ​ទទួល​ស្គាល់ ព្រោះ​គ្មាន​អ្វី​អាច​តាម​ចិត្ត​យើង​រហូត​នោះ​ឡើយ។

ការ​បង្ហោះ​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា តារា​ស្រី​រូប​នេះ​ចង់​ថា ខ្លួន​ក៏​ស័ក្ដិសម​ទទួល​បាន​​បេក្ខភាព​ដែរ។ ដោយ​សារ​តែ​មាន​ចម្រូង​ចម្រាស់​ខ្លាំង​ពេក នាង​បាន​លុប​ការ​បង្ហោះ​នេះ​ ក្រោយ​​នោះ​១០​នាទី។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​គាំទ្រ​របស់​តារា​ស្រី​ទាំង​២​តែង​ឈ្លោះ​គ្នា​ឥត​ឈប់ ហើយ​ទោះ​ជា​៤​ឆ្នាំ​កន្លង​ផុត​ហើយ​ក៏​ដោយ ក៏​ពួក​គេ​មិន​ទទួល​ពាក្យសម្ដែង​រួម​គ្នា​ទៀត​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម