សំណួរ​ពិបាក​ជ្រើស​រើស តើ​គួរ​រើសអ្នក​ដែល​ស្រលាញ់​យើង ឬ​អ្នក​ដែល​យើង​ស្រលាញ់គេ?

  • 2020-06-16 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​អ្វី​ក៏​ដោយ សូម​ជ្រើស​យក​មនុស្ស​ដែល​យើង​អាច​ជា​ខ្លួន​យើង​បាន ហើយ​ជា​មនុស្ស​ដែល​អ្នក​អាច​ស្រលាញ់​គេ​ដោយ​ខ្លួន​ឯង គ្មាន​ការ​បង្ខំ។ ស្នេហា​ប្រៀប​ដូច​ជា​កាំបិត​មុខ​២ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់។ អ្នក​ដែល​ស្រលាញ់​យើង គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត និង​ធ្វើ​ល្អដាក់​យើង ហើយ​អ្នក​ក៏​អាច​មាន​មនោសញ្ចេតនា​នឹង​គេ។ អ្នក​ដែល​យើង​ស្រលាញ់ គឺ​ជា​មនុស្ស​ដែល​យើង​លះ​បង់​ឲ្យ​គេ​ច្រើន តែ​ពិបាក​គ្រប់គ្រង​ចំណង​មួយ​នេះ​ខ្លាំង​ណាស់។

ប្រសិន​បើ​ជា​​​ស្នេហ៍​ដំបូង សង្ឃឹម​ថា​ជា​​មនុស្ស​ដែល​អ្នក​​ស្រលាញ់ នៅ​ពេល​ដែល​នៅ​មាន​អាយុ​វ័យ​ក្មេង អ្នក​គួរ​​ទុក​ឱកាស​ឲ្យ​បេះ​ដូង​របស់​ខ្លួ​ន​មាន​ជម្រើស។​ នៅ​ពេល​មិន​ទាន់​មាន​បទ​ពិសោធន៍​រឿង​មនោសញ្ចេតនា មនុស្ស​ស្រី​ជឿជាក់​ថា ចិត្ត​ស្មោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ។ ប៉ុន្តែ​ក្រោយ​ពេល​ឆ្លង​កាត់​ទុក្ខ​សោក​ហើយ ទើប​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច។ ព្រោះ​ប្រសិន​បើ រើស​យក​អ្នក​ដែល​យើង​ស្រលាញ់​ អ្នក​​នឹង​មាន​ស្នាម​របួស​មួយ​ទៀត។ មួយ​ថ្ងៃ​ៗ​ទន្ទឹង​តែ​សារ​របស់​គេ ទាំង​ដែល​គេ​គ្មាន​ចិត្ត​ទាល់​តែ​សោះ។ យ៉ាងណាក្ដី ដោយ​សារ​តែ​នៅ​ក្មេង ដូច​នេះ​ហើយ ទោះ​បី​ជា​បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល ក៏​វា​ជា​អនុស្សាវរីយ៍មួយ​ដែល​មិន​អាច​បំភ្លេច​បាន។

បើ​ចង់​រក​កន្លែង​បង្អែក សង្ឃឹម​ថា​អ្នក​អាច​រក​បាន​មនុស្ស​ដែល​ស្រលាញ់​យើង គេ​ចេះ​គិត​ដល់​យើង ចាស់​ទុំជាង​មនុស្ស​គ្រប់​គ្នា​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​យើង។ អ្នក​ទាំង​២​សុទ្ធ​តែធំដឹង​ក្ដី អាច​​មើល​ថែ​ខ្លួន​ឯង​បាន និង​ធ្វើ​ឲ្យ​គូ​ភាគី​មាន​សុភមង្គល។ និយាយ​ឲ្យ​ត្រង់​ទៅ មនុស្ស​គ្រប់​រូប​នៅ​ពេល​ស្វែង​រក​មនោសញ្ចេតនា​មួយ សុទ្ធតែ​ចង់​បាន​អ្វី​ម្យ៉ាង​ពី​វា។

ដូច​នេះ​ យើង​​ត្រូវ​កេង​ចំណេញ​ពី​វា​ដែរ ពី​ព្រោះ​យើង​ស័ក្ដិសម​នឹង​ទទួល​បាន​សុភមង្គល។ ប្រសិន​បើ​​មាន​បុគ្គល​ណា​ម្នាក់​ស្រលាញ់​អ្នក ហើយ​យើង​មាន​ចិត្ត​លើ​គេ​ដែរ​ ត្រូវ​បើក​ភ្លើង​បៃតង​ឲ្យ​គេ​ដឹង​ ដើម្បី​ថ្ងៃ​ក្រោយ​កុំ​ស្ដាយ​ក្រោយ។ បើ​គិត​ថា គេ​នឹង​ជា​អ្នក​ចុង​ក្រោយ​ចូល​មក​ជីវិត​យើង​ហើយ សូម​រើស​យក​មនុស្ស​ដែល​ស្រលាញ់​យើង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម