រឿង​សំខាន់ៗ​ដែល​មនុស្ស​ស្រី​នៅ​លីវ​យូរ​ត្រូវ​​ប្រាប់​ខ្លួន​ឯង​ជានិច្ច

  • 2020-06-03 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​កំពុង​ត្រូវ​មិត្តភក្ដិ​បង្អាប់​ជា​ញឹកញាប់​ដោយ​សារ គេ​មាន​សង្សារ ឬ​រៀប​ការ​អស់​ហើយ ហើយ​អ្នក​បន្ត​អាជីព​នៅ​លីវ​ទៀត​មែន​ទេ? តាម​ពិត​ នៅ​លីវ​យូរ​មាន​អី​មិន​ល្អ? ​ថ្ងៃ​នេះ កញ្ញា នឹង​នាំ​អាទិ៍គ្នា​យើង​និយាយ​ពី​រឿង​សំខាន់ៗ​មួយ​ចំនួន​សម្រាប់ស្រីៗ​យើង​ដែល​មិន​ទាន់​មាន​គូ​ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ជា​រឿយៗ មិន​គួរ​បំភ្លេច។

១.វា​គង់​តែ​មាន​បុរស​ល្អ​ម្នាក់​មក​ដល់​មិន​ខាន

កុំ​គិត​ថា​អាយុ​ខ្លួន​ចេះ​តែ​ចាស់​ទៅៗ ហើយ​អ្នក​នឹង​គ្មាន​អ្នក​ណា​យក​អី? មនុស្ស​ទោះ​បី​អាយុ​ច្រើន​យ៉ាង​ណា​ក៏​គង់​តែ​ដល់​គូ​មិន​ខាន គ្រាន់​តែ​ត្រូវ​រង់ចាំ​មើល​ Mr. Right​ មិន​ទាន់​មក​ដល់​តែ​ប៉ុណ្ណោះ។ គ្រប់​គ្នា​សុទ្ធ​តែ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​រៀងៗខ្លួន​ដើម្បី​ទទួល​បាន​ក្ដី​ស្រលាញ់​ដ៏​ស្មោះស្ម័គ្រ​មួយ​សម្រាប់​បន្ត​ជីវិត​គូ​ឱ្យ​បាន​យូរ​អង្វែង​។ ដូច្នេះ​កុំ​ចាំបាច់​អង្គុយ​តូចចិត្ត​រាល់​យប់​ទៀត​អី។

២. កុំ​ខ្លាច​នឹង​សាក​ទាក់ទង​បុរស​ច្រើន​នាក់

ក្នុង​ពេល​កំពុង​នៅ​លីវ​បែប​នេះ កុំ​ខ្លាច​ក្នុង​ការ​សាក​ល្បង​ទាក់ទង​បុរស​ដែល​ខ្លួន​គិត​ថា​សក្ដិសម​ ហើយ​កុំ​រអា​នឹង​ការ​បែក​គ្នា ព្រោះ​បើ​ពេល​ទាក់ទង​គ្នា យើង​មើល​ឃើញ​ថា មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន ក៏​លែង​ដៃ​គ្នា​ទៅ។ មិន​ចាំបាច់​ទ្រាំ​កាន់​ដៃ ទាំង​គ្មាន​ក្ដីសុខ​ឡើយ ព្រោះ​នេះ​គ្រាន់​តែ​ជា​ដំណាក់កាល​មើល​ចិត្ត​គ្នា មិន​មាន​ចំណង​អ្វី​មក​ចង​រុំ​ពិបាក​ស្រាយ​ឯណា។

មួយ​វិញ​ទៀត ការ​ទាក់ទង​មនុស្ស​ច្រើន​នាក់ ក៏​មិន​មែន​បាន​ន័យ​ថា អ្នក​ជា​មនុស្ស​ស្រី​ចិត្ត​សាវា​​ដែរ។ បើ​អ្នក​មិន​ទាន់​ប្រកាស​ថា​ទទួល​អ្នក​ណា​ម្នាក់​នៅ​ឡើយ គួរ​ចំណាយ​ពេល​រាប់អាន​អ្នក​ផ្សេង​ទៀត​ដើម្បី​មើល​ចិត្ត​ និង​ដឹង​ពិត​ប្រាកដ​ថា អ្នក​ណា​ដែល​ត្រូវ​គ្នា​ជាមួយអ្នក​។ ប៉ុន្តែ​ចំណុច​នេះ បើ​មិន​ប្រាកដ​ប្រជា​នឹង​គេ គួរ​កុំ​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​គេ​គិត​ថា​យើង​ស្រលាញ់​គេ​ដែរ ឬ​ប្រើ​គេ​ដើម្បី​ប្រៀបធៀប​ជាមួយ​អ្នក​ផ្សេង​ទៀត។ វិធី​ល្អ គឺ​រាប់អាន​ជា​មិត្តភក្ដិ​សិន ហើយ​ចាំ​លួច​មើល​តាម​ក្រោយ​ក៏​បាន។

ចុចអាន៖ កុំ​ឲ្យ​នៅ​អាល័យ​ជីវិតនៅលីវ គួរ​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​ហើយ​សិន​ សឹម​រៀប​ការ

៣. កុំ​ទទួល ឬ​បង្កើត​ស្នេហា​ ព្រោះ​តែ​ចង់​បាន​ប្ដី ឬ​ខ្លាច​ភាព​ឯកោ

នៅ​ម្នាក់​ឯង​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​ទេ តែ​បើ​មាន​គូ​ហើយ​ ត្រូវ​កើត​ទុក្ខ ឬ​គេ​ធ្វើបាប​ទើប​ជា​រឿង​ដែល​គួរ​ឱ្យ​ខ្លាច​ពិត​ប្រាកដ។ នារីៗ​មួយ​ចំនួន​ ដោយ​សារ​ខ្លាច​ពាក្យ​គេ​បង្អាប់ ឬ​ខ្មាស​គេ ឬ​អាយុ​ច្រើន​ផង ទើប​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ក្ដី​ស្រលាញ់​ពី​បុរស​ម្នាក់​ដោយ​មិន​បាន​ពិនិត្យ និង​ស្វែង​យល់​ពី​គេ​ឱ្យ​ច្បាស់​លាស់។ ការ​ស្វែង​យល់​ពី​នរណា​ម្នាក់​មិន​មែន​ត្រឹម​តែ​ឃើញ​គេ​សង្ហា មាន​លុយ​ចាយ​ច្រើន មាន​ការងារ​ខ្ពង់ខ្ពស់ ឬ​មាន​គ្រួសារ​មាន​វង្សត្រកូល​ល្អ​តែ​មួយ​មុខ​នោះ​ទេ។ វា​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​សាកល្បង​ចិត្ត​គេ ដោយ​មើល​លើ​សកម្មភាព និង​ការ​សាកសួរ​ពី​អ្នក​ធ្លាប់ស្គាល់​ពី​គេ​ឱ្យ​បាន​ច្រើន​ជាង​នេះ​។

៤. ប្រើ​ពេល​នៅ​លីវ​នេះ​ដើម្បី​យល់​ពី​ខ្លួន​ឯង​ឱ្យ​ច្បាស់​សិន

បើ​អ្នក​មាន​សង្សារ ឬ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ អ្នក​អាច​នឹង​ភ្លេច​ចំណាយ​ពេល​ដើម្បី​ខ្លួន​ឯង។ អ្នក​ត្រូវ​ការ​ពេល​សម្រាប់​នៅ​ក្បែរ​គេ ធ្វើ​អ្វី​ដើម្បី​គេ​ច្រើន រហូត​ភ្លេច​ពី​ខ្លួន​ឯង​ក៏​មាន​។ ដូច្នេះ ទាន់​នៅ​មាន​ពេលវេលា អាច​យក​ពេល​នេះ​មក​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​បន្ថែម ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន និង​រីករាយ​ឱ្យ​អស់​ចិត្ត​សិន​ក៏​មិន​ទាន់​យឺត​ពេល​ដែរ។ មិន​អ៊ីចឹង?

៥. ផ្ដោត​លើ​អ្វី​ដែល​អ្នក​កំពុង​មាន​ ជាជាង​អ្វី​ដែល​អ្នក​មិន​ទាន់​មាន

កុំ​យក​រឿង​អវិជ្ជមាន​ទាំង​ឡាយ​មក​ដាក់​ក្នុង​ខួរ​ក្បាល​ច្រើនពេក។ ពេលវេលា​នេះ​ អ្នក​គួរ​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន​ ស្រដៀង​នឹង​ចំណុច​ទី​៤​ខាង​លើ​ដែរ ហើយ​កុំ​យក​ខ្លួន​ឯង​ទៅ​ប្រៀបធៀប​នឹង​អ្នក​ដទៃ​ ហើយ​មក​អង្គុយ​កើត​ទុក្ខ​ថា​ ហេតុ​អ្វី​គេ​មាន​ ហើយ​យើង​មិន​អាច​មាន​ដូច​គេ​ធ្វើ​អី? ចំណាយ​ពេល​មើល​ថែ​សុខភាព​ខ្លួន​ឯង​ឡើង​វិញ ដើរ​លេង​ជាមួយ​មិត្ត​ភក្ដិ​ឱ្យ​សប្បាយ​ចិត្ត និង​ធ្វើ​អ្វី​ជាមួយ​គ្រួសារ​ដ៏​កក់​ក្ដៅ​ប្រសើរ​ជាង៕

ចុចអាន៖ ឃើញ​មិត្តភ័ក្ដិ​មាន​ប្ដី-កូន​អស់​ ខ្លួន​ឯង​នៅ​លីវ​ដដែល កុំ​ព្រួយ នេះ​ជា​ហេតុផល​អ្នក​គួរបន្ត Single

ប្រភព៖ bestie ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម