៦ យ៉ាងជួយអ្នកក្លាយជាមនុស្សរីករាយជាងមុន មិនសូវមុខស្រពោន
- 2020-05-29 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ យ៉ាងជួយអ្នកក្លាយជាមនុស្សរីករាយជាងមុន មិនសូវមុខស្រពោន
នរណាក៏ចង់ឲ្យខ្លួនឯងសប្បាយចិត្តដែរ ហើយមនុស្សជាច្រើនក៏ប្រហែលមិនទាន់ដឹងពីរបៀបបង្កើតសេចក្តីសុខមួយនេះបានដែរ។ មនុស្សជាច្រើននិយាយថា បើសិនជាពួកគេបានទិញ Iphone សេរ៊ីទំនើប បានដើរលេង ឬក៏ស្រកទម្ងន់ចេញរាងស្អាត នោះហើយជាភាពសប្បាយរីករាយរបស់ពួកគេ។
តែសេចក្តីសុខបែបនេះ វាមិនស្ថិតស្ថេរនោះទេ ព្រោះវាត្រឹមបណ្ដោះអាសន្នប៉ុណ្ណោះ។ ព្រោះការរីករាយវាគួរតែជាថាមពលដែលចេញពីក្នុងចិត្តរបស់ពួកយើង។ ដូច្នេះ អ្នកអាចសាកល្បងជាមួយតិចនិកទាំងនេះបាន។
១. ចិត្តល្អចំពោះខ្លួនឯង
រៀនអភ័យទោស ហើយកុំស្ដីបន្ទោសខ្លួនឯងចំពោះកំហុសអតីតកាល។ កុំភ្លេចសួរខ្លួនឯងថាចង់បានអ្វីនៅក្នុងជីវិតមួយនេះ? អ្វីដែលអ្នកចង់ធ្វើ? ហើយមិនត្រូវបង្ខិតបង្ខំខ្លួនឯងនោះទេ ព្រោះម្នាក់ៗមិនអាចល្អឥតខ្ចោះបានឡើយ។
២. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ក្នុងសង្គមនេះ ដោយសារតែបណ្ដាញសង្គមធ្វើឲ្យយើងមើលឃើញពីជីវិតរស់នៅរបស់អ្នកដទៃបានយ៉ាងងាយស្រួល តាមរយៈការផុសរបស់ពួកគេ។ តែក៏ត្រូវចាំថា មិនមែនគ្រប់យ៉ាងសុទ្ធតែការពិតទាំងអស់ឡើយ។ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ គឺជារឿងដ៏អាក្រក់បំផុត ម្ល៉ោះហើយព្យាយាមមើលមកខ្លួនឯងឲ្យបានច្រើនវិញល្អជាង។
៣. រៀនស្រលាញ់ខ្លួនឯង
ធ្វើអ្វីមួយដែលជួយឲ្យអ្នកសប្បាយចិត្ត អ្នកអាចចំណាយពេលជាមួយមិត្តភក្កិ និងគ្រួសារឲ្យបានច្រើន។ នេះជាការស្ងប់ស្ងែងមួយចំពោះខ្លួនឯង ដែលគ្រប់គ្នានឹងចូលចិត្តអ្នក។
៤. លំហែចិត្តជាមួយធម្មជាតិ
វានឹងជួយឲ្យអ្នកបំបាត់ស្រ្តេសនិងសម្ពាធបាន។ តោះ បិទទូរសព្ទ បិទចម្រៀងចោល ហើយងាកមកស្ដាប់សម្លេងសត្វយំ និងដើមឈើបក់ល្វើយៗវិញ។ សាកល្បងចំណាយពេលខ្លះៗក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយបែបនេះ។
៥. សមាធិ
នេះជាវិធីដ៏ល្អបំផុតដែលអ្នកអាចធ្វើចំពោះខ្លួនឯងបាន។ សាកល្បងសមាធិ ត្រឹមរយៈពេល២នាទីក្នុងមួយថ្ងៃ ឬ២ដងក្នុងសប្ដាហ៍ នោះនឹងជួយចិត្តគំនិតអ្នកស្រស់ថ្លាជាងមុន។
៦. កុំដាក់ទូរសព្ទក្បែរគ្រែគេង
ព្យាយាមដាក់ទូរសព្ទឲ្យឆ្ងាយពីគ្រែគេងរបស់អ្នក បើទោះជាដំបូងៗរៀងពិបាកសម្រាប់អ្នកក៏ដោយ។ តែគួរព្យាយាមកែប្រែទម្លាប់នេះ។ យូរទៅៗ អ្នកនឹងរកឃើញថាអ្នកអាចឆាប់គេងលក់ និងស្កប់ស្កល់ថែមទៀត។
អានបន្ត៖ ៤ រឿង ដែលមនុស្សស្រីឆ្លាតមិនផុសដាច់ខាតលើបណ្តាញសង្គម នាំគេឯងស្អប់ខ្ពើម